ភ្នំពេញ ៖ បុរសជាងសំណង់ម្នាក់ ត្រូវជនសង្ស័យមួយក្រុម មានគ្នា ៣នាក់ បានធ្វើ សកម្មភាពភ្ជង់ហើយបាញ់ មួយគ្រាប់របួសធ្ងន់ ត្រូវ សមត្ថកិច្ចនិងប្រជាពលរដ្ឋ ហៅរថយន្ត សង្គ្រោះ បន្ទាន់របស់ មន្ទីរពេទ្យ កាល់ម៉ែត ដឹកយកទៅព្យាបាលភ្លាមៗ ក្រោយពី ជនរងគ្រោះកំពុងអង្គុយនៅលើបង់សួនច្បារមាត់ទន្លេតែម្នាក់ឯង ។
ករណីភ្ជង់និងបាញ់ប្លន់យកទ្រព្យសម្បត្ដិរបស់ ជនរងគ្រោះខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចលើបង់សួន ច្បារ តាមផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល ជនរងគ្រោះ ឈ្មោះសេង តារា អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះលេខ ១០ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ត្រូវជនសង្ស័យបាញ់មួយគ្រាប់ចំដោះ ខាងស្ដាំ ធ្លាយទៅក្រោមឃ្លៀកក្រោយផ្នែក ខាងស្ដាំ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយ លេងនៅលើបង់សួនច្បារ ដើម្បីរង់ចាំមិត្ដភក្ដិ មកយក ទៅទិញមីឆានៅមុខណាហ្គាវើល ប៉ុន្ដែពេលកំពុងអង្គុយរង់ចាំនោះ ស្រាប់តែ លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ខ្មៅ គ្មានស្លាកលេខ ។
ពេលជនសង្ស័យទាំងនេះ ជិះមកដល់ជន សង្ស័យពីរនាក់អង្គុយខាងក្រោយ បានចុះពី លើម៉ូតូ ហៅដើរទៅ រកជនរងគ្រោះក្របួច កអាវ រួចដកកាំភ្លើងខ្លីមកភ្ជង់គំរាមឱ្យដោះ ចិញ្ចៀនហុចកាបូបលុយ និងទូរស័ព្ទឱ្យពួកគេ។
ភ្លាមៗជនរងគ្រោះ ដោយ ភ័យខ្លាំងពេកបានប្រគល់ទ្រព្យសម្បត្ដិ ទាំងនេះទៅឱ្យពួកវា ប៉ុន្ដែក៏បានប្រតាយ ប្រតប់ទើបធ្វើឱ្យជនសង្ស័យម្នាក់ ដកកាំភ្លើង មកបាញ់ទៅលើជនរងគ្រោះរួចជិះម៉ូតូគេច ខ្លួនទៅទិសខាងជើងបាត់ ។
ជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ច ថា ជនសង្ស័យទាំង៣នាក់ មានអាយុជិត ៣០ឆ្នាំ និងមានកម្ពស់ ចាប់ពី១,៦៥ម៉ែត្រទៅ ១,៧០ម៉ែត្រនិងខ្លះមានសក់វែង ហើយ កាំភ្លើងដែលប្រើនោះមិនស្គាល់ម៉ាកឡើយ ៕