វ៉ាស៊ីនតោន ៖ កាលថ្ងៃអាទិត្យ ទី១៦ ប្រធានាធិបតី អាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា ចំណាប់ខ្មាំងជនជាតិអាម៉េរិក ឈ្មោះ ភីតធ័រ កាសស៊ីក ត្រូវសម្លាប់ ដោយក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយផ្អែកតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយសេតវិមានអាម៉េរិកថា « លោក កាសស៊ីក គឺជាក្រុមការងារ ផ្នែកផ្តល់ជំនួយរបស់អាម៉េរិក គាត់ត្រូវ បានគេចាប់ខ្លួនដោយពួកសភាវៈអាក្រក់ គឺក្រុមភេរវករ ដែលពិភពលោកទាំងមូល អះអាងថា ជាទង្វើអមនុស្សធម៌»។
នៅក្នុងវីដេអូ ដែលបានបង្ហោះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម គឺមានឧទ្ទាមឈុតខ្មៅបិទមុខម្នាក់ ឈរនៅជិត ក្បាលមនុស្សមួយចំនួន ហើយបាននិយាយថា នេះជាក្បាលរបស់ កាសស៊ិក។ នៅក្នុងវីដេអូនោះ ក៏បានបង្ហាញអំពី សកម្មភាពកាត់ក្បាលទាហានស៊ីរីជាច្រើននាក់ទៀត ដែលពួកគេចាប់បានផងដែរ ។
ករណីនេះ លោក អូបាម៉ា បាននិយាយថា «ថ្ងៃនេះយើងសូមអធិដ្ឋាន និងសូមរំលែកទុក្ខដល់ឪពុកម្តាយ និងក្រុមគ្រួសាររបស់លោក អាប់ឌុល រ៉ាម៉ាន់ កាសស៊ិក និងត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា ភីតធ័រ ។ យើងមិន អាចចាប់ផ្តើមស្រមៃ អំពីការព្រួយបារម្ភទុក្ខសោករបស់ពួកគេ សម្រាប់ពេលវេលាដ៏ឈឺចាប់នេះបានទេ»។
ប្រធានាធិបតី អាម៉េរិករូបនេះ ក៏បានកោតសរសើរដល់លោក កាសស៊ិក ចំពោះការងារមនុស្សធម៌ ដើម្បីសង្គ្រោះអាយុ ជីវិតពលរដ្ឋស៊ីរី ដែលរងរបួស និងរត់គេចពីជម្លោះ។ ទង្វើមនុស្សធម៌របស់គាត់ គឺជាការយកចិត្តទុកដាក់ខ្លាំង ចំពោះ ស្ថានការណ៍របស់ប្រជាជនស៊ីរី ៕