ភ្នំពេញ:៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានចុះត្រួតពិនិត្យមើលប្រឡាយលូប្រាំ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានឈ្មោះ ហុង ឡាយ បានរំលោភយកប្រឡាយលូប្រាំ សង់ផ្ទះល្វែង។ លូប្រាំ ដែលមានទទឹងទំហំទទឹង ២៥ ម៉ែត្រ បែរជាមន្ទីរសាធារណការ បានសាង់សង់លូបិទជិតទំហំទទឹង ៤ ម៉ែត្រប៉ុណ្ណោះ ហើយចាក់ដីបិទជិតពីលើលូបេតុងនោះ ដើម្បីយកចំណីមាត់ប្រឡាយលូប្រាំ ធ្វើជាផ្ទះល្វែងរបស់លោកឧកញ៉ា អ្នកមានលុយទៅវិញ។
ទាក់ទងនឹងបញ្ហានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ដោយបទបញ្ជាផ្ទាល់មាត់ ថា គឺត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការសាងសង់លូបិទជិត នៅប្រឡាយលូប្រាំនេះសិន ចាំយកប្លង់មកមើល។ លោកអភិបាលបានបន្តថា មើលបញ្ហាសំរាម ដែលនៅក្នុងប្រឡាយនេះ ត្រូវដោះស្រាយ និងស្តារឡើងវិញ។
លោកអភិបាលបន្ថែមទៀតថា ស្ថានភាពអាក្រក់បំផុតបែបនេះ រឿងអីមកធ្វើអីចឹង យើងកំពុងត្រូវការប្រឡាយធំ ហេតុអីមកធ្វើអីចឹង។ រឿងនេះ ត្រូវធ្វើឡើងវិញ មិនត្រូវលូបិទទេ ត្រូវធ្វើចំហរ និងធ្វើច្រាំងឲ្យបានស្អាតត្រឹមត្រូវ។ ចំណែកអគារផ្ទះល្វែងរបស់គាត់ ត្រឹមណា ឲ្យធ្វើត្រឹមនោះទៅ ។
លោកបន្តថា ខ្ញុំមិនអស់ចិត្ត នឹងជំនាញដែលសាងសង់ប្រឡាយលូប្រាំនេះ។ ចេះតែឲ្យយោបល់ធ្វើអីចឹង គេជេងាប់តែម្តង ។
ក្នុងពេលនោះដែរ មន្ត្រីដែលអមដំណើរជាមួយលោកអភិបាល បានរាយការណ៍ប្រាប់ថា កាលពីមុខប្រឡាយលូប្រាំនេះ ទឹកហូរចុះទៅក្រោម ប៉ុន្តែក្រោយពេលអភិវឌ្ឍន៍ធ្វើលូប្រអប់បិទជិតមក ស្រាប់តែទឹកលូប្រាំ បែរជាហូរបញ្ច្រាសទិសមកលើវិញ ធ្វើឲ្យជន់លិចលង់ និងស្អុយរលួយ ពោរពេញទៅដោយសំរាម។ មន្ត្រីជំនាញ បានរាយការណ៍ប្រាប់លោក ប៉ា សុជាតិវង្ស បន្តទៀតថា ដីរបស់លោក ហុង ឡាយ ដែលសាងសង់ផ្ទះល្វែងជាប់ប្រឡាយលូប្រាំនេះ គឺមានច្បាប់ត្រឹមត្រូវ។ ចំណែកនៅចុងប្រឡាយ គឺបូរីសូនី ក៏មានច្បាប់ដែរ ប៉ុន្តែក្នុងច្បាប់អនុញ្ញាត គឺត្រូវបានកាត់ទុកតួប្រឡាយលូប្រាំ ក្នុងទំហំទទឹង ២៥ ម៉ែត្រ។
មន្ត្រីបាន រាយការណ៍ប្រាប់លោកអភិបាលទៀតថា លូប្រាំដែលចាក់បេតុងបិទជិតនោះ ក្នុងបំណងធ្វើផ្លូវ។ ប៉ុន្តែត្រូវបានលោកអភិបាល ឆ្លើយតបថា “ធ្វើបែបនេះ អត់បានទេ គឺត្រូវធ្វើយ៉ាងណា ត្រូវរក្សាតាមប្លង់ ដែលនៅសល់”។
លោកអភិបាលបានបញ្ជាឲ្យក្រុមមន្ត្រីជំនាញ ត្រូវតែដោះស្រាយធ្វើយ៉ាងណា ឲ្យទឹកវាហូរតាមដំណើរដើរវិញ កុំឲ្យហូរបញ្ច្រាសដូចពេលនេះទៀត។ យើងត្រូវរក្សាប្រឡាយនេះ ២៥ ម៉ែត្រដដែល ហើយនៅកន្លែងណា ដែលមានទឹកហូរយឺត ត្រូវធ្វើទ្វារទឹកមួយ ហើយដាក់ម៉ូទ័រ ជួយបូមឲ្យទឹកហូរលឿន។
មន្ត្រីបាន រាយការណ៍ថា ប្រឡាយលូប្រាំ ដែលមានបញ្ហានេះ គឺគិតចាប់ពីចំណុចលូប្រាំផ្លូវវេងស្រេង រហូតដល់បូរីសូនី មានចំងាយប្រហែលជាង ៥០០ ម៉ែត្រ ហើយអ្នកមានលុយជាម្ចាស់ផ្ទះល្វែងបានសុំច្បាប់ ហើយបានធ្វើលូបិទជិត រួចចាក់ដីពីលើលូបេតុង ធ្វើជាបូរីតែម្តង។ ម្ចាស់បូរី បានសុំច្បាប់ គឺធ្វើពីអ័ក្សលូ (ផ្លូវវេងស្រេង) ចំងាយជាង ២០០ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ ប៉ុន្តែដល់ពេលសាងសង់លូបេតុង បែរជាធ្វើតែទទឹង ៤ ម៉ែត្រប៉ុណ្ណោះ ដូច្នេះពី ២៥ ម៉ែត្រមក ៤ ម៉ែត្រ គឺលូតូចពេក ធ្វើឲ្យទឹកហូរអត់ទាន់។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា លូនេះ ពី A ដល់ Z គឺត្រូវជាកញ្ចប់តែម្តង មិនត្រូវជាកង់ៗ ដូច្នេះទេ ដើម្បីធ្វើឲ្យទឹកហូរទៅតែម្តង មិនត្រូវឲ្យទឹកហូរវិលចុះវិលឡើង ជន់លិចលង់ដូចនេះទេ គឺត្រូវតែទម្លាយមុខទឹកឲ្យទៅផុតទៅ កុំឲ្យទឹកហូរមកវិញ។ រឿងនេះ អស្ចារ្យម៉ងៗ” ៕
» ព័ត៌មានជាតិ » លោកប៉ា សុជាតិវង្ស ចុះពិនិត្យប្រឡាយលូប្រាំ ខណៈអ្នកមានលុយរំលោភយកធ្វើផ្ទះល្វែង