ខេត្តពោធិសាត់ ៖ ក្រោយពីរឿងអាស្រូវពុករលួយនៅមន្ទីរបរិស្ថានខេត្តពោសាត់ត្រូវបានទំលាយនិងចុះផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុកជាច្រើននោះ បានធ្វើឲ្យមន្ត្រីដែលមិនមែនជាខ្សែស្រឡាយរបស់លោកប្រធានមន្ទីរថៃ ចន្ថា បានគាំទ្រជុំវិញការចុះផ្សាយអំពីអំពើពុករលួយនោះថែមទៀត។ ហើយពួកគាត់ក៏បានទំលាយរឿងអាស្រូវជាច្រើនទៀតដែលប្រព្រឹត្តដោយលោកថៃ ចន្ថា និងបក្ខពួកជាពិសេសគឺប្អូនថ្លៃរបស់គាតឈ្មោះអេង រស្មី ជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុនៃមន្ទីរបរិស្ថានខេត្តពោធិសាត់សម្រាប់ចុះផ្សាយបន្ត។
ប្រភពបានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមន្ទីរបរិស្ថានខេត្តពោធិសាត់ដែលមានលោកថៃ ចន្ថា ជាប្រធានមន្ទីរគឺមានរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមដ៏សែនធ្ងន់ធ្ងរ ដោយក្នុងនោះភាគច្រើនគឺការកិបកេងថវិកាជាតិលើគ្រប់ជំពូក និងការប្រមូលលុយពីតំបន់អភិរក្សជាច្រើននៅក្នុងខេត្តពោធិសាត់។ ការប្រព្រឹត្តអំពើពុករលួយលើគ្រប់រូបភាពបានធ្វើឲ្យលោកថៃ ចន្ថា ក្លាយជាអ្នកមានស្តុកស្តមម្នាក់នៅក្នុងខេត្តពោធិសាត់។ ទោះបីលោកថៃ ចន្ថា មានទ្រព្យសម្បត្តិស្តុកស្តម តែរូបគាតមិនបានស្កប់ស្កល់នឹងទ្រព្យសម្បត្តិដែលមានទេ ខណៈពេលដែលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លុបបំបាត់អំពើពុករលួយលើគ្រប់រូបភាព រូបគាត់នៅតែមិនអនុវត្តតាមហើយប្រព្រឹត្តអំពើពុករលួយផ្គើនថែមទៀត។ ដោយមានការភិតភ័យខ្លាចបែកធ្លាយរឿងអំពើពុករលួយរបស់ខ្លួន លោកថៃ ចន្ថា បានលើកស្ទួយលោកអេង រស្មី ដែលជាប្អូនថ្លៃរបស់ខ្លួនឲ្យធ្វើជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុរបស់មន្ទីរទាំងងងឹតងងួលមិនសូវចេះដឹងពីការងារ ធ្វើឲ្យមន្ត្រីជាច្រើននៅក្នុងមន្ទីរដែលមានសមត្ថភាពកើតការក្តៅក្រហាយ។ ក្នុងរយៈពេល២ឆ្នាំចាប់តាំងពីលោកថៃ ចន្ថា បានតែងតាំងប្អូនថ្លៃរបស់ខ្លួនឲ្យធ្វើជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមក ការងារសំខាន់ៗទាំងក្នុងមន្ទីរជាពិសេសគឺការងារចាយថវិកាជាតិគឺត្រូវបានគេក្តោបយកទាំងអស់ ទទ្ទឹមគ្នានោះរាល់ការចំណូលនិងចំណាយទាំងអស់មិនត្រូវបានគេទំលាយឲ្យមន្ត្រីដទៃទៀតដឹងឡើយ។
សម្រាប់ឆ្នាំ២០១៣កន្លងទៅលោកថៃ ចន្ថា និងប្អូនថ្លៃបានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ក្នុងនោះទូទាត់កិបកេងលើការចំណាយផ្គត់ផ្គង់សម្ភារៈរដ្ឋបាល របបប្រេងឥន្ធនៈ ការជួសជុល និងថែទាំអគារ ការថែទាំដី ការថែទាំបណ្តាញផ្សេងៗ ការចំណាយសោហ៊ុយទូទាត់ក្នុងប្រទេសរួមនឹងការចំណាយផ្សេងៗជាច្រើនទៀត។ សម្រាប់ឆ្នាំ២០១៤ មន្ទីរមួយនេះក៏កើតមានរឿងអាស្រូវតាមគំរូឆ្នាំ២០១៣។ ក្នុងឆ្នាំ២០១៤នេះគម្រោងចំណាយថវិកាជាតិរបស់មន្ទីរបរិស្ថានមានរហូតដល់ ៨២៩លានរៀល លើសពីឆ្នាំ២០១៣ដែលថវិកាសម្រាប់ចំណាយមានតែត្រឹមជាង៦០០លានរៀលប៉ុណ្ណោះ។ សម្រាប់ថវិកាដែលពួកគេកិបកេងបានច្រើនបំផុតនៅឆ្នាំ២០១៣ គឺថវិកាសម្រាប់ថែទាំ និងជួសជុល ដែលមានទឹកប្រាក់តម្លៃជា២០០លានរៀល។ ថវិកាទាំងនេះគឺគេចំណាយជាក់ស្តែងយ៉ាងច្រើនត្រឹម៣០% នៃថវិកាសរុប ហើយថវិកាដែលនៅសល់ត្រូវបានលោកថៃ ចន្ថា បានធ្វើការបែងចែកឲ្យបក្ខពួករបស់ខ្លួនអស់ប្រមាន២០-៣០% ចំណែកថវិកាដែលនៅសល់លោកថៃ ចន្ថា ប្រមូលទៅអស់ ព្រោះគេពុំបានឃើញថាមន្ទីរបរិស្ថានធ្វើអ្វីជាដុំកំភួនទេ ដោយគ្រាន់តែឃើញគេលាភថ្នាំអគារឲ្យថ្មីតែប៉ុណ្ណោះ។ នៅឆ្នាំ២០១៤នេះមន្ទីបរិស្ថានក៏បានរៀបចំគម្រោង សម្រាប់ការថែទាំ និងជួសជុលអគារដដែល ដែលមានទឹកប្រាក់ ២៤៩លានរៀល បន្តទៀត ហើយមកដល់ពេលនេះការចំណាយពិតប្រាកដមិនត្រូវបានគេដឹងទេ ព្រោះមិនទាន់ដាច់ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក៏គេបានឃើញថាអំពើពុករលួយនៅតែបន្តកើតមានមិនខុសពីឆ្នាំមុននោះទេ។
តាមប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្រៅពីប្រាក់ខាងលើនេះគឺនៅមានប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស មួយទៀតដែលលោកប្រធាន និងបក្ខពួកស៊ីយ៉ាងឆ្ងាញ់មាត់ ដោយនៅឆ្នាំ២០១៣មន្ត្រីម្នាក់ៗនៅក្នុងមន្ទីរមួយនេះទទួលបានប្រាក់បេសកកម្មនេះចំនួនត្រឹម ១០-២០ម៉ឺនរៀល សម្រាប់ការចំណាយពេញមួយឆ្នាំគឺអស់ថវិកាជិត២០លានរៀល។ បើនិយាយអំពីរឿងអាស្រូវនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិសាត់ចាប់តាំងពីលោកថៃ ចន្ថា ឡើងធ្វើជាប្រធានមន្ទីរនោះគឺមានរឿងអាស្រូវពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់។
សម្រាប់លោកអេង រស្មី ក្រោយពីបានឡើងធ្វើជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុដោយអាងអំណាចបងថ្លៃរបស់ខ្លួនជាប្រធានមន្ទីរ មានអំនួតនិងត្រួតត្រាមន្ត្រីចាស់ៗពេលខ្លះចេញឫកច្រងែងច្រងាងដាក់មន្ត្រីចាស់ៗថែមទៀត។
ករណីនេះមន្ត្រីជាច្រើននៅក្នុងមន្ទីរបរិស្ថានខេត្តពោធិសាត់បានអំពាវនាវតាមបណ្តាញព័ត៌មានឲ្យលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើពុករលួយនៅមន្ទីរបរិស្ថានខេត្តពោធិសាត់ដើម្បីផ្តល់កម្លាំងចិត្តដល់មន្ត្រីដែលរងការជិះជាន់ពីមេរបស់ខ្លួន។ ទោះជាយ៉ាងណាក្តី អរិយធម៌មិនទាន់ដឹងថា ពិតក្នុងកំរិតណានៅឡើយទេ ខណៈមិនទាន់បានការស្រាយបំភ្លឺពីអស់លោកទាំង២នាក់នោះ កាលពីម្សិលមិញ៕
ហេង មានជ័យ