ភ្នំពេញ៖ រដ្ឋមន្ត្រីចំនួន ៤ រូបនោះ រួមមាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋមន្ត្រីទាំង៤ក្រសួងនេះ នឹងចូលឆ្លើយបំភ្លឺផ្ទាល់មាត់ ចំពោះមុខគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក (គណៈកម្មការទី៣) និងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ( គណៈកម្មការទី៧ ) ចាប់ពីថ្ងៃទី១៩ ថ្ងៃទី២៤ ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
តាមកម្មវិធី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងចូលឆ្លើយបំភ្លឺនៅគណៈកម្មការទី៧។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៣ រសៀល៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលឆ្លើយបំភ្លឺផ្ទាល់មាត់នៅគណៈកម្មការទី៣។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលបំភ្លឺនៅគណៈកម្មការទី៧។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ២ រសៀល៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលបំភ្លឺនៅគណៈកម្មការទី៣។
លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ បានមានប្រសាសន៍ឲ្យដឹងថា ការអញ្ជើញរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកបំភ្លឺ អំពីការគ្រប់គ្រងក្រសួងនីមួយៗ និងដោយសារតែមានបរិស្ថាននៅក្នុងរាជធានីភ្នំពេញ និងបញ្ហាបរិស្ថាននៅតំបន់អារ៉ែង និងការកាប់បំផ្លាញព្រៃឈើ និងបញ្ហាសំខាន់មួយចំនួនទៀត។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍ឲ្យដឹងដែរថា នៅថ្ងៃទី១៩ ខែវិចិ្ឆកា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មកបំភ្លឺនៅគណៈកម្មការទី៧ ពាក់ព័ន្ធនឹងផែនការគ្រប់គ្រងវិស័យទេសចរណ៍ និងចំណូលចំណាយមួយចំនួន និងចំណុចសំខាន់ពាក់ព័ន្ធមួយចំនួនទៀត។
នៅថ្ងៃទី២៦ ខែវិច្ឆិកា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចូលបំភ្លឺទាក់ទងនឹងផែនការវប្បធម៌ និងទាក់ទងវប្បធម៌ខ្មែរជាមួយវប្បធម៌បរទេស មានផែនការអ្វីជាក់លាក់ និងទាក់ទងស្ត្រីបរទេសវាយបំផ្លាញរូបចម្លាក់នៅក្នុងប្រាសាទ ហាក់ដូចជាស្ងាត់ទៅវិញ ដូចជា មិនមានបញ្ហាអ្វី និងចង់ដឹងថា តើច្បាប់គ្រប់គ្រងវប្បធម៌ជាតិយ៉ាងម៉េច?៕