ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជូន ជនសង្ស័យម្នាក់ជាមន្ត្រីយោធា ទៅកាន់តុលាការ ដើម្បីផ្ដន្ទា ទោសតាម ផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ជួសជុលកែច្នៃអាវុធជាតិផ្ទុះខុសច្បាប់ ដែល រូបគេបានធ្វើមុខរបរនេះ តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ ។
ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាល ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ចុះទៅឆែកឆេរផ្ទះជួល ស្ថិតនៅផ្ទះលេខ ១៥៤ ផ្លូវលេខ ៣៨៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយឈានទៅដល់ការឃាត់ខ្លួនជននេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ជនសង្ស័យរូបនេះ ឈ្មោះ រាម អាត ហៅ សក់វែង អាយុ ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួន ។
មន្ដ្រីនគរបាលបានបន្ដថា ដោយយោងតាមដីកា ឱ្យឆែកឆេរលំនៅឋាន និងរកវត្ថុតាងរបស់ជនសង្ស័យ ពីសំណាក់ លោក អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នោះ ស្នងការនគរបាល រាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ដែលជាប្រធាន ការិយាល័យកណ្ដាល នគរបាលព្រហ្ម ទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ ដឹកនាំដោយ លោក ង៉ែត សារ៉េត ជាក្រឡា បញ្ជីរបស់តំណាងអយ្យការនោះ ចុះទៅឆែកឆេរ ហើយចាប់ខ្លួនជននេះ ក្រោយពី សមត្ថកិច្ចបានរកឃើញអាវុធខ្លី និងវត្ថុតាងជាច្រើនផ្សេងទៀត ។ ក្នុងប្រតិបត្ដិការខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញ អាវុធខ្លីមួយដើម ម៉ាករូឡូ មាន ៥គ្រាប់ ជារបស់ជនសង្ស័យ និងមានលិខិតអនុញ្ញាតឱ្យប្រើប្រាស់ របស់ ក្រសួងការពារជាតិ អាវុធខ្លីកំពុង កែច្នៃមួយដើម ម៉ាក កា៥៤ ដែលមានប័ណ្ណសម្គាល់ ជារបស់ស្នងការ ដ្ឋាននគរបាលខេត្ដប៉ៃលិន ក្បាលគ្រាប់ចម្រុះ ចំនួន ៧២ គ្រាប់, សំបកកាទុស ចំនួន ១២០សំបក, គ្រាប់ កា៥៤ ចំនួន ៤គ្រាប់ , ស្នាប់កាំភ្លើង និងកាណុងមួយមិន ស្គាល់ម៉ាក ព្រមទាំងសម្ភារជួសជុលកែច្នៃ អាវុធមួយចំនួនផ្សេងទៀត ។
យោងតាមមន្ដ្រីនគរបាល ដែលបានសាកសួរទៅលើជនសង្ស័យរូបនេះ បានឱ្យដឹងទៀតថា ជនសង្ស័យ ដែល មានមុខរបរ ជាមន្ដ្រីយោធា បានជួសជុលអាវុធខ្លី ឱ្យសមត្ថកិច្ចដូចជាអាវុធហត្ថ យោធា និងនគរបាលជាដើម ។
ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេបានប្រកបមុខរបរមួយនេះ តាំងពីឆ្នាំ១៩៩០ រហូតមក ដល់ឆ្នាំ២០០៧ រួចបន្ដមកជួលបន្ទប់ស្នាក់នៅ កន្លែងកើត ហេតុខាងលើ ហើយពេលជួសជុលកែច្នៃ និង ផ្លាស់ប្ដូរគ្រឿងបន្លាស់ អាវុធ ម្ដងៗ រូបគេបានទទួលប្រាក់ជាមធ្យម ពី២៥០ដុល្លារ ទៅ៣០០ដុល្លារ ក្នុង១ ខែ សម្រាប់ ចិញ្ចឹមប្រពន្ធ ដែល គ្មានការងារ ធ្វើ ៕