ត្បូងឃ្មុំ ៖ នគរបាលខេត្ដត្បូងឃ្មុំ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន របស់ស្រុកមេមត់ និងស្រុកពញាក្រែក បានតាមប្រមាញ់ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់ ។
ស្នងការនគរបាលខេត្ដត្បូងឃ្មុំ លោក ឧត្ដមសេនីយ៍ម៉ៅ ពៅ ដែលដឹកនាំកម្លាំង នគរបាលដោយផ្ទាល់ ក្នុងប្រតិបត្ដិការ តាំងពីយប់ រហូតមកដល់ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ចាប់ខ្លួន ក្រុមចោរប្លន់៤នាក់ ជាមុខសញ្ញាថ្មីមួយ ក្រុមទៀត មិនជាប់ពាក់ព័ន្ធ ករណីប្លន់អ្នក លក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ស្រុកពញាក្រែក កាលពីពេលកន្លងទៅនោះឡើយ ។
ក្រោយការចាប់ខ្លួន ក្នុងប្រតិបត្ដិការតាំង ពីយប់ថ្ងៃទី១២ រហូតមក ដល់ រសៀលថ្ងៃទី ១៣ ខែវិច្ឆិកា និងឆ្លងតាមការសាកសួរជា ជំហានដំបូងនោះ ជនសង្ស័យទាំងនេះ ធ្លាប់ធ្វើសកម្មភាពប្លន់ ជិត១០ករណីមកហើយ ។
តាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ ស្នងការ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួនមុនដំបូង នៅស្រុកមេមត់ ហើយបន្ទាប់មកកម្លាំងសមត្ថកិច្ចរបស់លោក បានឈានទៅដល់ការចាប់ខ្លួន បក្ខពួកពីរនាក់ផ្សេងទៀត នៅចំណុចចំការ កៅស៊ូ ស្រុកពញាក្រែក ។
លោកឧត្ដមសេនីយ៍ម៉ៅ ពៅ បានថ្លែងថា ក្រោយពីមានករណីប្លន់ប្រដាប់អាវុធ ជាពិសេស លើអ្នកលក់មាស ដូរលុយ នៅតាមបណ្ដាខេត្ដ ក៏ដូចជា មួយករណីនៅជិតផ្សារស្ទឹងស្រុកពញាក្រែកមកនោះ អគ្គស្នងការនគរបាលជាតិ នាយ ឧត្ដមសេនីយ៍នេត សាវឿន បានបញ្ជាឱ្យនគរបាល តាមបណ្ដារាជធានី ខេត្ដ បើកការស្រាវជ្រាវ ក៏ដូចជាការទប់ស្កាត់ បទល្មើសប្លន់ទាំងនេះ។
លោកបន្ដថា ក្រោយទទួលបានបទបញ្ជា ពីថ្នាក់ដឹកនាំនិងមានការជំរុញបន្ថែមពីអភិបាលខេត្ដ ដែលជាប្រធាន គណៈបញ្ជាការ ឯកភាពនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ ហើយឈាន ទៅដល់ការ ចាប់ខ្លួនជនសង្ស័យទាំងនេះ ។
យ៉ាងណាក៏ដោយជនសង្ស័យទាំង៤នាក់ ស្ថិតក្រោមការសាកសួរ និងឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ដត្បូង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕