កាលពីថ្ងៃសុក្រ កងទ័ពហ្វីលីពីនបានប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអាប៊ូសាយ៉ាហ្វ ដែលត្រូវបានគេបន្ទោសពីបទចាប់ពង្រត់ជនបរទេសនិងហ្វីលីពីនជាច្រើន នាក់នៅតំបន់ភាគខាងត្បូង បណ្ដាលឲ្យស្លាប់ទាហានយ៉ាងតិច៥នាក់ និងពួកជ្រុលនិយម៩នាក់ថែមទៀត។
វរសេនីយ៍ឯកកងទ័ពលោកអាឡានអារ៉ូចាដូ (Arrojado) និយាយ ថាទាហានយ៉ាងតិច២៦នាក់ទៀត នឹងពួកខ្មាន់កាំភ្លើងអាប៊ូសាយ៉ាហ្វជាង៣០នាក់ បានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នាអស់រយៈពេល៥ ម៉ោងនៅក្នុងទីក្រុងតាលីប៉ាវ ដែលមានភ្នំរបស់ខេត្តស៊ូលូ។
មន្ត្រី យោធាម្នាក់ដែលបានចូលរួមនៅក្នុងការប្រយុទ្ធគ្នានោះនិយាយថា ទាហានម្នាក់កំពុងបាត់ខ្លួន ហើយពួកទាហានដែលត្រូវរបួសត្រូវបានគេដឹកជញ្ជូនតាមយន្តហោះទៅកាន់ មន្ទីរពេទ្យយោធាមួយ។ លោកបាននិយាយដោយសុំមិនឲ្យគេបញ្ចេញឈ្មោះ ពីព្រោះគេមិនអនុញ្ញាតឲ្យលោកនិយាយទៅកាន់អ្នកយកព័ត៌មានអំពី ប្រតិបត្តិការដែលកំពុងបន្ត។ ពួកសកម្មប្រយុទ្ធទាំងនោះត្រូវបានគេរាយការណ៍ថាស្ថិតនៅក្រោមការ បញ្ជារបស់លោក រ៉ាឌូឡានសាហ៊ីរ៉ន (Sahiron) មេបញ្ជាការ ដៃទោលរបស់ក្រុមអាប៊ូសាយ៉ាហ្វ ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលហ្វីលីពីនតាមចាប់ខ្លួនយូរមកហើយ ពីបទពាក់ព័ន្ធនៅក្នុងការវាយប្រហារភេរវករជាច្រើននិងការចាប់ខ្លួន ពង្រត់ដែលគេចោទប្រកាន់នោះ៕