ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការប្រកាសជាសាធារណៈថា ចាប់ពីពេលនេះទៅ គឺមិនអនុញ្ញាតិអោយមានរថយន្តកែច្នៃធ្វើចរាចរឆ្លងកាត់រាជធានីភ្នំពេញឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តកិច្ចការងារនេះអោយបាន។
លោកបន្តថា រថយន្តកែច្នៃទ្រុងខុសពីលក្ខណៈបច្ចេកទេសនេះវាបង្កអោយមាន គ្រោះថ្នាក់ចរាចរ និងធ្វើអោយផ្លូវត្រូវទទួលរងការខូចខាតមិនអាចប្រើប្រាស់បានទៅតាម អាយុកាលដែលគ្រោងទុកនោះទេ។
ផ្លូវក្នុងរាជធានីភ្នំពេញស្ថាបនាឡើងសម្រាប់រថយន្តដឹកទំនិញធម្មតា តែបើរថយន្តកែច្នៃតទ្រុងទម្ងន់ ស្ទើរ១០០តោនទៅ ហើយផ្លូវមានគុណភាពបែបណាក៏ទ្រទម្ងន់មិនបានដែរ។ ដូច្នេះទេអាជ្ញាធរខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធត្រូវតែចាត់វិធានការលើរថយន្តកែច្នៃតទ្រុង ទាំងនេះចាប់ពីពេលនេះតទៅ ដោយត្រូវចុះពិនិត្យមើលក្នុងមូលដ្ឋានរបស់ខ្លួនទៅលើទីតាំងកែច្នៃត ទ្រុងរថយន្តទាំងនេះ គឺមិនអនុញ្ញាតិអោយមានការកែច្នៃតទ្រុងរថយន្តដែលធ្វើអោយរថយន្ត ផ្ទុកលើសចំណុះឡើយ។ អភិបាលនៃ គណៈ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានធ្វើការប្រកាសជាសាធារណៈបែបនេះ កាលពីព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៤ក្នុងកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សាលារាជធានីភ្នំពេញ បានដាក់ផែនការជាអតិភាពមួយចំនួនរួចហើយ ក្នុងនោះផែនការធ្វើផ្លូវ លូ ប្រឡាយក៏ស្ថិតក្នុងផែនការជាអតិភាពនេះដែរ ហើយកិច្ចការងារនេះសាលារាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តយ៉ាងសកម្ម ដោយផ្លូវនិងលូស្ថាបនាព្រមៗគ្នាជាកញ្ចប់តែម្តង។
ជុំវិញ ការបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែខាងលើនេះ លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញមានប្រសាសន៍អោយដឹងថា ផ្លូវដែលត្រូវស្ថាបនានេះមានឈ្មោះផ្លូវ៣០Mឬ ផ្លូវលេខ២០១៣ជាប្រភេទផ្លូវបេតុងអាមេស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានប្រវែង២០០០ម៉ែត្រ ទទឹង១១ម៉ែត្រ មានកម្រាស់២តឹក រួមនិងការដាក់លូ១ម៉ែត្រ២តឹកសងខាងផងដែរ។ កំណាត់ផ្លូវមួយខ្សែនេះចាប់ពីផ្លូវវេងស្រេងដល់ប្រឡាយទួលពង្រ និងដាក់លូមួយម៉ែត្រសងខាងចាប់ពីផ្សារទួលពង្រដល់ចំណុច PK 2+00និងធ្វើចិញ្ចើមផ្លូវមួយម៉ែត្រសងខាង ចាប់ពីផ្លូវវេងស្រេងដល់ចំណុចPK 2+00ស្ថិតក្នុងសង្កាត់ចោមចៅ។
ការបើក ការដ្ឋាននេះស្ថាបនាដោយក្រុមហ៊ុន អេស ធី អ និងត្រួតពិនិត្យដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន៦ខែ ក្រោយការស្ថាបនារួចរាល់ផ្លូវនេះអាចទ្រទម្ងន់បាន៣០តោន និងប្រើប្រាស់បានរយៈពេល២០ឆ្នាំ៕