ភ្នំពេញ៖សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលមិនប្រកាន់នូវនិន្នាការនយោបាយបានប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ឆ្នាំ២០១៣ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីពេលថ្មីៗនេះ។
ក្នុងសន្និសីទកាសែតដែលរៀបចំដោយសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី១៣សីហានេះ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាលោកស្រីមាសចន្ទធីតា សមាជិកគណៈកម្មាធិការនាយកបានបង្ហាញថាស្ថាប័នលោកស្រីបានបញ្ជូនអ្នក សង្កេតការណ៍ជាតិជាង៤ ពាន់ នាក់ឲ្យទៅចូលរួមសង្កេតការបោះឆ្នោត ជាតិឆ្នាំ ២០១៣។ ឆ្លងតាមការសង្កេតឃ្លាំមើលជាក់ ស្តែងនៃដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥នៅទូទាំង២៤ រាជធានី-ខេត្តក្រោមប្រធាន បទ«កែវ ភ្នែកយុត្តិធម៌» អង្គការលោកស្រីសូមគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបណ្តោះអាសន្នដែលបានប្រកាសដោយគ.ជ.បកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០១៣កន្លងទៅនេះ។
លោកស្រីមាសចន្ទធីតាបន្តថាឈរលើមូលដ្ឋានឯករាជ្យនិងអព្យាក្រឹតសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាសូមអំពាវនាវដល់គណបក្សនយោបាយទាំងពីរដែលបានទទួលអាសនៈក្នុងរដ្ឋសភានីតិកាលទី៥ខាងមុខត្រូវគោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតចូលរួមថែរក្សាស្ថិរភាពនយោបាយនិងការអភិវឌ្ឍសង្គមកម្ពុជាផ្អែកតាមលិខិតបទដ្ឋានផ្សេងៗក្នុងក្របខ័ណ្ឌច្បាប់ជាធរមាន។
និស្សិតវ័យ២១ឆ្នាំរៀនឆ្នាំទី១នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកញ្ញាឆឹងធីតាដែលបានចុះទៅសង្កេតការណ៍បោះឆ្នោតនៅក្នុងខេត្តក្រចេះ ជាស្រុកកំណើតរបស់នាងនោះ បានប្រាប់ឲ្យដឹងថាដំណើរការបោះឆ្នោតដែលគ.ជ.បបានរៀបចំនៅខេត្តក្រចេះមាន លក្ខណៈរលូនត្រឹមត្រូវតម្លាភាពនិងយុត្តិធម៌ដែលបានឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិប តេយ្យពិតប្រាកដនៅកម្ពុជា។
កញ្ញាបន្តថា ចំពោះលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះគឺមានភាពត្រឹមត្រូវ យុត្តិធម៌និងមានតម្លាភាពអាចទទួលយកបាន ស្របតាមបទដ្ឋានច្បាប់បោះឆ្នោត នៅកម្ពុជា។
សូមបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ឆ្នាំ២០១៣ដែលប្រកាសដោយគ.ជ.បកាលពីថ្ងៃទី១២សីហាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចនៅតែបន្តឈ្នះឆ្នោត ដើម្បីគ្រប់គ្រងប្រទេសជាបន្ត៕
ដោយ៖វិជ្ជា