ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការប្រមាណ២០០នាក់នៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៣បានធ្វើការណែនាំឱ្យមន្ត្រីថ្នាក់ខណ្ឌ,សង្កាត់និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែធ្វើអ្វីជាអំពើល្អនិងបំរើការងារជូនប្រជាពលរដ្ឋឲ្យបានប្រសើរជាងពេលមុនៗ។
មានន័យថាក្នុងអាណត្តិទី៥នេះមន្ត្រីរបស់យើងទាំងអស់ត្រូវប្ដូរឥរិយាបថធ្វើអំពើល្អបន្តនិរន្តរ៍ភាពការងារ ជូនប្រជាពលរដ្ឋ។ គ្រប់កម្លាំងសមត្ថកិច្ច ត្រូវបន្តការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គមហើយអាជ្ញាធរ ត្រូវបន្តនិរន្តរ៍ភាពការងារឱ្យបានល្អនិងធ្វើអំពើល្អឱ្យបានច្រើនជាមួយប្រជាពលរដ្ឋ។
លោកអភិបាល បានបន្តថា កិច្ចការងារដែលនឹងត្រូវធ្វើបន្តក្រោយពីការបោះ ឆ្នោតនេះ កម្លាំងសមត្ថកិច្ច ចម្រុះត្រូវតែបន្តការងាររបស់ខ្លួន ជាពិសេស ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមដើម្បីឲ្យមានស្ថិរភាពនយោបាយនៅមូលដ្ឋានឲ្យបានល្អប្រសើរ។
អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថាលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥នេះបានបង្ហាញអោយឃើញច្បាស់ហើយថាកន្លងមកមន្ត្រីរបស់យើងមួយចំនួន គឺពិតជាបានធ្វើអ្វីដែលមិនល្អនិងមិនមានការពេញចិត្តពីប្រជាពលរដ្ឋទើបធ្វើអោយប្រជាពលរដ្ឋមួយចំនួននោះ មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ដូច្នេះចាប់ពីពេលនេះតទៅមន្ត្រី រាជការគ្រប់ជាន់ថ្នាក់ត្រូវតែបន្តនិរន្តរភាព ការងាររដ្ឋបាល ជាពិសេសនោះគឺពាក់ព័ន្ធនឹងលិខិតស្នាម ធ្វើយ៉ាងណាផ្តល់លទ្ធភាព ងាយស្រួលដល់ ប្រជាពលរដ្ឋហើយម្យ៉ាង វិញទៀតរឿង កិច្ចការងារអត្រានុកូលដ្ឋានត្រូវបន្តធ្វើជាធម្មតានិងល្អប្រសើរជាងមុន។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុ ជាតិវង្ស ក៏បានធ្វើការអំពាវនាវដល់មន្ត្រីរាជការទាំងក្នុង សាលាខណ្ឌ និងមន្ត្រី សង្កាត់ក្រោមឱវាទទាំងអស់ពិសេសមន្ត្រីនៅថ្នាក់រាជធានីភ្នំពេញ ចាប់ពីពេលនេះ តទៅត្រូវធ្វើការផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលយកបានហើយក៏ត្រូវតែនាំគ្នាខិតខំធ្វើអំពើល្អអោយបានច្រើនបំផុតដើម្បីលាងជម្រះចេញនូវការខ្វះខាតរបស់ខ្លួនដែលមានកន្លងមក។
ក្នុងពិធីនោះលោកអភិបាលរាជធានីភ្នំពេញបានផ្តល់ជូនមន្ត្រីរបស់សាលាខណ្ឌសែនសុខចំនួន២០០នាក់ដែលក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន៤ម៉ឺនរៀលផងដែរ៕
ដោយ៖ នាយដន