ខេត្តពោធិសាត់ ៖ រឿងអាស្រូវធ្វើរបាយណ៍ការកុហកដើម្បីបោកនិងកិបកេងថវិកាជាតិ ទើបនិង បានធ្លាយចេញពីមន្ទីរពាណិជ្ជកម្មខេត្តពោធិសាត់ដែលមានលោកស្រី ឃឹម ស៊ាងគាន ជាប្រធាន មន្ទីរអស់រយៈពេលជាច្រើនឆ្នាំ។
តាមប្រភពបានឲ្យដឹងថា នៅឆ្នាំ២០១៣-២០១៤ មន្ទីរពាណិជ្ជកម្មខេត្តពោធិសាត់ គឺមានរឿង អាស្រូវពុករលួយយ៉ាងធ្ងន់ធ្ងរ ផ្តើមចេញពីលោកស្រីប្រធានមន្ទីរឃឹម ស៊ាងគាន និងបក្ខពួកបាន ឃុបឃិតគ្នាធ្វើការបំប៉ោងតួលេខនៃគម្រោងចំណាយលើគ្រប់ជំពូកសម្រាប់ មន្ទីររបស់ខ្លួន ដើម្បីកិប កេងយកថវិកាជាតិមកធ្វើមានបានយ៉ាងប្រងើយកន្តោយ។ ថវិកាដែលលោកស្រីប្រធានមន្ទីរនិង បក្ខពួកបានរួមគ្នាធ្វើរបាយការណ៍បំប៉ោងតួលេខចំណាយ នោះគឺភាគច្រើនថវិកានៅគណនេយ្យលេខ ៦០១,៦០២,៦០៥,៦១៥,៦២២,៦២៤ ហើយនៅ ឆ្នាំ២០១៣និងឆ្នាំ២០១៤ថវិកាដែលលោកស្រីប្រធាន មន្ទីរនិង បក្ខពួកបានកិបកេងរហូត ដល់ខ្ទង់រយលានរៀលសម្រាប់ទាំង២ឆ្នាំជាប់គ្នានោះ គឺថវិកានៅគណនេយ្យលេខ ៦១៥ តែម្តង។ ចំពោះថវិកានៅគណនេយ្យលេខ ៦០១ ដែលភាគច្រើនចំណាយទៅលើការទិញ ប្រេងឥន្ធនៈ ដោយមានក្រុមហ៊ុនជាផ្គត់ផ្គង់ ប៉ុន្តែមន្ទីរបានទទួលប្រេងយ៉ាងសន្ធឹកសន្ធាប់ លើសមន្ទីរអប់រំដែលមានការងារនិងភារកិច្ចច្រើនទៅទៀត។ ហើយបើពិនិត្យជាក់ស្តែងលើ សកម្មភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តពោធិសាត់នាពេលបច្ចុប្បន្នគឺពុំសូវមានការងារធ្វើប៉ុន្មានទេ ប៉ុន្តែដោយមានគំនិតកិបកេងថវិកាជាតិមកជាបំរើប្រយោជន៍ផ្ទាល់ខ្លួនលោក ស្រីប្រធានមន្ទីរនិងបក្ខពួកបានធ្វើរបាយការណ៍សេះហោះជាច្រើនស្តីពីការចំណាយ ធ្វើឲ្យការ ចំណាយនៅក្នុងមន្ទីរនេះឡើងខ្ពស់ខុសពីធម្មតា ដែលការចំណាយនៅក្នុងគណនេយ្យខ្លះ រហូតដល់ខ្ពស់ជាងមន្ទីរអប់រំនិងមន្ទីរសុខាភិបាលទៅទៀត។ ការប្រព្រឹត្តអំពើពុករលួយយ៉ាង ខ្លាំងឆ្នាំ២០១៣-២០១៤ របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិសាត់ត្រូវបានគេគណនាថារដ្ឋបាន បាត់បង់ថវិកាទាំង២ឆ្នាំនេះយ៉ាងតិច៥០០លានរៀល។ មន្ត្រីជាច្រើននៅមន្ទីរពាណិជ្ជកម្ម ខេត្តពោធិសាត់បានសំណូមពរឲ្យលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុល និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួ បើការស្រាវជ្រាវឲ្យបានស៊ីជម្រៅលើករណីមួយនេះដើម្បីព្រមានដល់មន្ត្រីខិលខូចដទៃទៀត៕
ដោយ៖ ហេង មានជ័យ