ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​​និង​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅកម្ពុជា​មាន​ការ​ថយ​ចុះ​

អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​​និង​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅកម្ពុជា​មាន​ការ​ថយ​ចុះ​

ភ្នំពេញ ​ ៖​ មន្រ្តី​អង្គ​ការ​ស៊ីម៉ាក់​ បាន​អះ​អាង​ថា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​ មាន​ការ​ថយ​ចុះ​ច្រើន​ដោយ​សារ​តែ​ក្រុម​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច និងដោយ មានការយកចិត្តទុកដាក់បោសសំអាតពីអាជ្ញាធរ ។​
លោក​ អ៊ុំ​ ភូមិរ៉ូ​អគ្គ​នាយក​រង​មជ្ឈ​មណ្ឌល​ ស៊ីម៉ាក់បានអះអាងកាល​ពី​ពេល​ថ្មី​ៗ​នេះថាបើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក្តី​ ក៏លោកនៅពុំទាន់​បាន​ដឹង​ច្បាស់​ថា​តើ​តំបន់​ណា​ដែល​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​ មាន​ការ​ថយ​ចុះ​ច្រើន​ជាង​គេ​ទេនៅឡើយទេ​ ។ប៉ុន្តែអត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន ​និងគ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​រយៈ​ពេល​៦ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៣​ នេះ​​មាន​ការ​ថយ​ចុះ​ប្រមាណ​​ជា​៣៨% ​។​
ប្រធាន​នាយក​ដ្ឋាន​អប់រំ​ផ្សព្វផ្សាយ​ជួយ​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន​និង​អភិវឌ្ឍន៍​របស់​ស៊ី​ម៉ាក់​ លោក ​ឡេង​ ជ្រាង​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​៦ ​ខែ​ឆ្នាំ​ ២០១៣ ​នេះ​មាន​ករណី​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មានចំនួន​៤៦ ​ករណី​ ដែល​នៅ​ឆ្នាំ ​២០១២​រយៈពេល​ដូច​គ្នា ​មាន​ចំនួន​៤៨ ​ករណី​ដែលនេះ​បង្ហាញ​ឃើញ​ថា​មាន​ការ​ថយ​ចុះចំនួន​៤%​ដែលជាចំនួនដ៏តិចតួចបំផុត ។

រីឯ​ចំនួន​អ្នក​រងគ្រោះ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់​ផង​ដែរ ​គឺ​ក្នុង​រយៈពេល​៦ ​ខែ​ឆ្នាំ​២០១៣​ មាន​ចំនួន ​៦៥​ នាក់ ​ក្នុង​នោះ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ចំនួន ​២៨​ នាក់​រង​គ្រោះ​ដោយ​គ្រាប់​មិន​ទាន់​ផ្ទុះមានចំនួន​៣៧នាក់​។លោកឡេង ជ្រាងបាន​បន្ត​ថា​ ក្នុង​ចំណោម​អ្នក​រងគ្រោះ​៦៥​នាក់​នោះ​  មាន​បុរស ​៤៧​នាក់​  ស្ត្រី​ ៦​នាក់ ​និង ​កុមារ​ ១២​ នាក់​ និង​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​ ៨​ នាក់ ​របួស​ ៤២ ​នាក់ ​និង​ធ្វើ​ឲ្យ​ពិការ​ចំនួន​ ១៥​ នាក់​។
​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២​ ឃើញ​ថា​មាន​ការ​ថយ​ចុះ​ ៣៨% ​ដែល​៦​ ខែ​ឆ្នាំ​ ២០១២​កន្លង​ទៅ​  មាន​អ្នក​រងគ្រោះ​ចំនួន​រហូត​ដល់​ ១០៤​នាក់​ រងគ្រោះ​ដោយ​សារ​គ្រាប់​មីន​ ៣៩​នាក់​រង​គ្រោះ​ដោយ​សារ​គ្រាប់​មិន​ទាន់​ផ្ទុះចំនួន ​៦៥ ​នាក់  ​ក្នុង​នោះ​មាន​បុរស ​៥៤ ​នាក់ ​ស្ត្រី​ ១៣ ​នាក់​ និង ​កុមារ ​៣៧ ​នាក់  ​បាន​បណ្តាល​ឲ្យ​ស្លាប់​ ២២​ នាក់​ របួស​ ៦៨​ នាក់ ​និង ​ពិការ ​១៤ ​នាក់​។​
​​លោក ​ហេង ​រតនា ​អគ្គនាយក​មជ្ឈមណ្ឌល ស៊ីម៉ាក់ ​បាន​ថ្លែងឲ្យដឹងថា ​អត្រា​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​​កម្ពុជា​បានចាត់ទុកការ​ថយ​ចុះនោះ​ថា​​​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ។​

លោក ​បាន​លើក​ឡើង​របា​យ​ការណ៍​មក​បញ្ជាក់​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​១៩៩៦​អត្រា​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន ​និង ​គ្រាប់​មិនទាន់​ផ្ទុះ​មាន​រហូត​ដល់​ ៣.០០០​ ទៅ​ ៤.០០០ ​នាក់​ឯណោះ​ហើយ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ឆ្នាំ​២០១២​នៅសល់​ចំនួន​តែ​១៨៦​ នាក់​ ប៉ុណ្ណោះ​ ក្នុង​នោះ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ចំនួន ​៦៦ ​នាក់​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១២០ ​នាក់​ ។​ ក្នុង​ចំណោម​នោះ​ មាន​បុរស​៩៨​ នាក់ ​ស្ត្រី​ ២៧​ នាក់ ​កុមារ​ ៦១​ នាក់​ ស្លាប់ ​៤២​នាក់​ របួស ​១២០​នាក់​ និង​ ពិការ ​២៤ ​នាក់​។​
​​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ​​ហេង​ រតនា​ បានបញ្ជាក់​ថា​​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​តោន​ ដែល​បច្ចុប្បន្ន​នេះ​បាន​ និង​កំពុង​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​គួរ​ឲ្យ​ព្រួយ​បារម្ភ ​។​បញ្ហា​ចម្បង​ដែល​ប្រជាពលរដ្ឋ​ប្រឈម​គឺ​គ្រាប់​មីន​តោន​ដែល​កប់​នៅ​ក្នុង​ដី​ដែល​មាន​ជម្រៅជ្រៅ​ព្រោះ​ដោយ​សារប្រជា​កសិករ​មាន​ជីវភាព​ធូរធារ​នោះ​ពួកគាត់ក៏​បាន​ប្រើ​ប្រាស់​គ្រឿង​យន្ត​កសិកម្ម​ធុនធ្ងន់ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ក៏​ប៉ះ​នឹងគ្រាប់​មីន​តោន​ធ្វើឲ្យផ្ទុះ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ​។​
​​​អគ្គនាយក​មជ្ឈមណ្ឌលស៊ីម៉ាក់រូបនេះបាន​ឲ្យ​ដឹង​ទៀត​ថា​ផែន​ការ​បោស​សម្អាត​ផ្ទៃ​ដី​មាន​គ្រាប់​មីន​នៅ​ឆ្នាំ​ ២០១៣ ​នេះ​ មាន​ចំនួនប្រហាក់​ប្រហែល​ទៅ​នឹង​ឆ្នាំ ​២០១២ ​ដែរ​ គឺ​៨២​គីឡូម៉ែត្រ​ការ៉េ​ ដែល​ផ្ទៃ​ដី​ទាំង​នេះ​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​តំបន់​កសិកម្ម​ និង​តំបន់​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​នានា ​។​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ធ្វើ​ការ​បោស​សម្អាត​ផ្ទៃ​ដី​មាន​គ្រាប់​មីន​បាន​ចំនួន​ជាង​៩០០​គីឡូ​ម៉ែត្រ​ការ៉េ​ និង ​រុករក​គ្រាប់​បាន​ចំនួន ​៣ លាន ៣ សែន​គ្រាប់​។​
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីធ្លាប់បានមាន ប្រសាសន៍ថាប្រវត្ដិសាស្ដ្រនៃសោកនាដកម្មដោយសារគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ ផ្ទុះនៅប្រទេសកម្ពុជាដែលបានឆ្លងកាត់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០នោះបានធ្វើឱ្យកម្ពុជាជាប់ជាដំណាក់កាលដ៏ខ្មៅបំផុតមួយនៃប្រវត្ដិសាស្ដ្រហែកហួរដោយសារសង្គ្រាមតាមរយៈជម្លោះប្រដាប់អាវុធផ្ទៃក្នុង និង របបប្រល័យពូជសាសន៍ដ៏យង់ឃ្នងអស់ពេលជាង៣ឆ្នាំ ៕

ដោយ៖ វិជ្ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya