កំពង់ឆ្នាំង៖ រថយន្តយីឌុបដឹកខ្សាច់ខ្នាតយក្សលើសចំណុះ កំពុងធ្វើអោយខូចខាតផ្លូវជាតិលេខ៥៣ ជារៀងរាល់ថ្ងៃដោយសារតែរថយន្តខាងលើដឹកខ្សាច់ពីការដ្ឋានបូមខ្សាច់មួយកន្លែង នៅស្ទឹង ជីប្រង់ស្ថិតនៅចំណុចស្ពានថ្មថ្មី ក្នុងភូមិជីប្រង់ ឃុំខ្លុងពពក ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង បានធ្វើអោយផ្លូវមួយខ្សែចាប់ពីគល់ស្ពានជីប្រង់ ដល់ចំណុចខាងលិចផ្សាររមាស និងពីភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស រហូតដល់ក្រុងកំពង់ឆ្នាំង បានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវខាងលើបាននិយាយអោយដឹងថា ក្រៅពីបំផ្លាញផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលទើបតែនឹងកសាងរួចរាល់ក្នុងឆ្នាំ២០១២-២០១៣ ការដ្ឋានបូមខ្សាច់ខាងលើ បាននឹងកំពុងធ្វើអោយប៉ះពាល់ដល់ដីក្រោមគ្រឹះស្ពាន ដែលកំពុងតែទទួលតងនូវការបាក់រលុះផងដែរ ដែលអាចនឹងប៉ះពាល់ដល់សរសរស្ពាន និងគ្រឹះស្ពាននេះ នាពេលខាងមុខ បើសិនជាគ្មានវិធានការទប់ស្កាត់នោះទេ ។ ស្ថានភាពផ្លូវជាតិលេខ៥៣ សព្វថ្ងៃកំពុងរងការខូចខាតនិងកន្លែងខ្លះទៀតបានស្រុតជាបណ្តើរៗហើយ ដោយការគំរាមកំហែងពីការបូមខ្សាច់និងដឹកខ្សាច់របស់ការដ្ឋានខាងលើ។ ប្រជាពលរដហ្ឋបាននិយាយអោយដឹងទៀតថា ការពីអំឡុងចុង ខែកញ្ញា និងដើមខែតុលា គេសង្កេតឃើញមានក្រុមរថយន្តភ្លៅ៥ បានដឹកខ្សាច់ទាំងថ្ងៃ ទាំងយប់ ធ្វើអោយខូចផ្លូវជាតិ ជាច្រើនកន្លែង ក្រោយមករថយន្តធំៗទាំងនោះដែលដឹកពេលថ្ងៃ គឺបានមកលួចដឹកពេលយប់វិញ។
ចំពោះករណីខូចផ្លូវខាងលើនេះ មន្ទីរសាធារណការបានធ្វើការជួសជុលកន្លែងដែលខូចខាតទាំងនោះឡើងវិញហើយដែរ ប៉ុន្តែធ្វើបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ខូចទៅវិញជាបន្តបន្ទាប់ដដែលដោយសារតែការដឹកលើសទម្ងន់ ។ នៅខាងការដ្ឋានវិញ គឹម្ចាស់ការដ្ឋានយកម៉ាស៊ីនបូមខ្សាច់ទៅបោះទីតាំងបូមចំងាយប្រមាណ៥០ម៉ែត្រ ពីក្រោមគល់ស្ពាន និងពីលើគល់ស្ពានជីប្រង់ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភពីព្រោះដីច្រាំងស្ទឹងជាប់ដីប្រជាពលរដ្ឋមួយចំនួន និងដីគ្រឹះក្រោមគល់ស្ពានបានបាក់ស្រុតធ្លាក់ហូរទៅតាមទឹកស្ទឹងជាបណ្តើរៗហើយ ។
ពាក់ព័ន្ធនិងភាពមហន្តរាយផ្លូវ និងស្ពានខាងលើ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយអ្នកយកពត៌មានយើងដឹងថា ផ្លូវដែលរងការខូចខាតនោះ មន្ទីរបានធ្វើការជួសជុលបានមួយចំនួនហើយ ចំណែកការចេញអាជ្ញាប័ណ្ណអនុញ្ញាតអោយ ការដ្ឋានបូមខ្សាច់មួយនេះដឹក និងធ្វើអោយប៉ះពាល់ដល់ការខូចខាតនោះ គឺមន្ទីររ៉ែ និង ថាមពលខេត្តកំពង់ឆ្នាំង ជាអ្នកចេញអាជ្ញាប័ណ្ណអោយធ្វើ លោកបន្តអោយដឹងទៀតថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវមួយខ្សែក្នុងស្រុកជលគិរី កាលពីខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ លោក ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាអោយ ខាងមន្ទីរសាធារណការខេត្តស្ទាក់ចាប់ ឃាត់រថយន្តទាំងនោះដើម្បីថ្លឹងទម្ងន់ ប្រសិនបើឃើញថាដឹកលើសទម្ងន់នោះ គឺត្រូវតែចាប់ផាកពិន័យអោយបានម៉ឺងម៉ាត់តាមច្បាប់ តែក្រោយមករថយន្តធំៗទាំងនោះបានផ្អាកដឹកទៅវិញ បច្ចុប្បន្ន មានពេលយប់ខ្លះគេសង្កេតឃើញរថយន្តធំៗខាងលើ បានលួចចូលដឹកខ្សាច់ម្តងម្កាលផងដែរ ។
សូមរម្លឹកថា ពាក់ព័ន្ធនិងរថយន្តដឹកលើសទម្ងន់ធ្វើអោយខូចខាតផ្លូវនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ក៍មានផ្លូវមួយខ្សែចេញពីភូមិគល់គប់ កាត់តាមផ្លូវមុខវត្តភ្នំសន្ទូច មកផ្លូវជាតិលេខ៥ចំណុចជាប់របងផ្ទះ លោកម៉ែន ធឿន ក៏បានរងការខូចខាតអស់គ្មានសល់ផងដែរដោយសារការដឹកជញ្ជូនថ្ម របស់ក្រុមហ៊ុនមួយ ឈ្មោះ WTG Co, Ltd របស់លោកស្រី សុខ ចេងដែលមានលោក ស្រេង លាងហេង និងលោក ពៅ សឹង ជាម្ចាស់ភាគហ៊ុននិងជាមេការរបស់ក្រុមហ៊ុននេះ បច្ចុប្បន្នលឺថាក្រុមហ៊ុននេះបានបែកបាក់សាមគ្គីគ្នាហើយ លោកពៅ សឹង បានបង្កើតក្រុមហ៊ុនមួយថ្មី ដោយដាក់កូនប្រុសរបស់លោក ជាម្ចាស់ក្រុមហ៊ុន ឈ្មោះ ពៅ មុនីជាតិ ដើម្បីបន្តដឹកដីគ្រួសក្រហមពីតំបន់ភ្នំឥន្ទបត្តិបូរី ហៅភ្នំព្រះ ធ្វើអាជីវកម្មបន្ត ។ រីឯការដឹកគ្រួសក្រហមដាក់សាឡង់នេះ ក្រុមហ៊ុនរបស់លោក ពៅ មុនិជាតិ ក៍បានយកគ្រឿងចក្រជីកយកដីភ្នំ មកចាក់ផ្លូវមួយខ្សែចេញពីមុខវត្តព្រែកសាលា ទៅដល់មាត់ទន្លេ ក្នុងភូមិព្រែកសាលា ដែល ប្រជាពលរដ្ឋនៅភូមិព្រែកសាលា ព្រមទាំងអាជ្ញាធរ មានការត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំង ដោយសារការ អភិវឌ្ឍន៍ផ្លូវនេះជូនពួកគាត់ ប៉ុន្តែប្រជាពលរដ្ឋសំណូមពរអោយមានការសាងសង់ ស្ពានសម្រាប់អោយមានផ្លូវទូក ចេញចូល និងមានផ្លូវចរាចរណ៍ត្រីចេញចូលផង ។
លោក អ៊ុក រស ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថាចំពោះផ្លូវមួយខ្សែខាងលើដែលចេញពីភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ៥ ចំណុចជាប់របងផ្ទះលោក ម៉ែន ធឿន ដែលក្រុមហ៊ុនWTG បានដឹកថ្ម ពីភ្នំកូនស្លាក់ យកទៅចាក់ដាក់សាឡង់នៅភូមិព្រែកសាលា ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីដឹកបន្តយកទៅអភិវឌ្ឍន៍តំបន់កោះពេជ្រ រាជធានីភ្នំពេញដែលបានធ្វើអោយខូចផ្លូវនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានចំណាត់ការយ៉ាងច្បាស់លាស់ ដោយបានបង្កើតគណកម្មការចំរុះ ដែលមានលោក កែវ ពៅ ជាប្រធានចុះពិនិត្យ និង វាយតម្លៃការខូចខាត ផ្លូវខាងលើ និង តម្រូវអោយក្រុមហ៊ុន WTG Co, LTD ធ្វើការ សាងសង់និងជួសជុលផ្លូវនេះឡើងវិញ អោយបានរួចរាល់ នៅដើមឆ្នាំ២០១៤ មុនបុណ្យចូលឆ្នាំខ្មែរ ។ ប៉ុន្តែក្រុមហ៊ុននេះ គ្រាន់តែដឹកថ្មចាក់ និងឈូសឆាយលុបគ្រឡុក បន្តិចបន្តួចហើយក៏ទុកចោលដោយមិនមានចាក់កៅស៊ូ និងកិនបង្ហាប់អោយដូចដើមវិញឡើយ បច្ចុប្បន្នខេត្តបាន និងកំពុងធ្វើរបាយការណ៍ជូនទៅក្រសួងសាធារណការ ដើម្បីបញ្ឈប់ និងដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះឈប់អោយធ្វើសកម្មភាព លុះត្រាណាតែក្រុមហ៊ុនខាងលើ ធ្វើតាមកិច្ចសន្យាអោយបាន ត្រឹមត្រូវទើបផ្តល់អាជ្ញាប័ណ្ណបន្ត ។ ចំណែក លោក ពៅ សឹង បានស្រាយបំភ្លឺប្រាប់អ្នកយកពត៌មានយើងថា ចំពោះផ្លូវដែលខូចនេះ លោកថាមិនបោះបង់ចោល ឬមិនគោរពកិច្ចសន្យានោះទេ លោក នឹងធ្វើសងខេត្តវិញប៉ុន្តែដោយរដូវនេះជារដូវវស្សា ។ ចំណែកឯការដឹកដីគ្រួសក្រហមយកពីតំបន់ភ្នំព្រះនោះលោកបានបញ្ជាក់ប្រាប់ថា លោកបានទិញដីពីប្រជាពលរដ្ឋដែលមានប្លង់ត្រឹមត្រូវមិនមែនជីកយកដីភ្នំនោះទេ យើការជីកដីគ្រួសក្រហមនេះក៏លោកបានសុំច្បាប់ពីក្រសួង ព្រមទាំងបានបង់សួយសារជូនរដ្ឋទៀតផង។
ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើ មេត្តាធ្វើយ៉ាងណាកោះហៅម្ចាស់ក្រុមហ៊ុន ចូលមកដោះស្រាយ អោយបានត្រឹមត្រូវ បើមិនដូច្នោះទេគួរតែខាងក្រសួងជំនាញទាំងពីរគឺក្រសួងសាធារណការ និង ក្រសួងរ៉ែនិងថាមពលចេញមុខធ្វើផ្លូវនេះឡើងវិញ ៕
» ព័ត៌មានជាតិ » ឡានយីឌុបដឹកខ្សាច់បានទទួលនូវការខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរ