ភ្នំពេញ៖ រថយន្តម៉ាកព្រូស បើកបុកម៉ូតូស្មាសពីក្រោយពេញទំហឹង បណ្តាលអោយយុវជន៣នាក់ បានរងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ជា ឆ្នាំ ២០១៤ នៅចំណុចផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ ។
មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរ៉េវូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-0346 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្រូវ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រួស មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសដៅគ្នា បានបើកក្នុងល្បឿនលឿន ជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាល ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯអ្នករងរបួសស្រាល បានរត់គេចខ្លួនបាត់ ក្រោយពេលឃើញមិត្តរបស់ខ្លួនដេកសន្លប់ស្តូកស្តឹងនៅនិងកន្លែង កើតេហេតុ៕