កំពង់ចាម ៖ ក្មេងប្រុស២នាក់ ជាបង ប្អូន បង្កើត បានលង់ទឹកស្លាប់ ពេលទៅដឹកក្របី ទៅឱ្យផឹកទឹកប្រឡាយ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ប្រឡាយ ខាងក្រោយភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្ដកំពង់ចាម ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសបង ឈ្មោះឈាង ដាវ៉ាន់ អាយុ៨ឆ្នាំ និងប្អូនប្រុស ឈ្មោះឈាង កក្កដា អាយុ៤ឆ្នាំ រស់នៅជាមួយឪពុក ឈ្មោះឈួន សំអាត និងម្ដាយ ឈ្មោះសាន ផារី ។
នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង ពីរនាក់បងប្អូន បាននាំគ្នាដឹក សត្វក្របី របស់ពួកគេយកទៅឱ្យផឹកទឹក នៅចំណុច ប្រឡាយខាងក្រោយភូមិ ស្រាប់តែមិនដឹងជា យ៉ាងម៉េច ក៏លង់ទឹក ស្លាប់ទាំងពីរនាក់តែម្ដង ។
ក្រោយពិនិត្យសពក្មេងប្រុស ទាំងពីរនាក់ សមត្ថកិច្ច បានប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕