ភ្នំពេញ ៖ នារីម្នាក់ចេញពីធ្វើការស្រាប់ប្រទះឃើញឪពុកខ្លួន ដែលកំពុងអង្គុយរង់ចាំ ត្រូវរថយន្តបុកផ្ទុប និងបង្គោលភ្លើងស្លាប់ភ្លាមៗ នៅម៉ោង៤៖២៥ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសរងគ្រោះមានឈ្មោះ ហៃ សៀន អាយុ៥៨ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មុនពេលកើតហេតុបុរសរងគ្រោះកំពុងអង្គុយរង់ចាំកូនស្រី ចេញពីធ្វើការ នៅលើម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល 1E-8745 ស្រាប់តែរថយន្តសាំងយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាលេខភ្នំពេញ 2A-3425 បុកផ្ទុបនឹងបង្គោលភ្លើង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។ចំណែកឯអ្នកបើករថយន្ត បង្កហេតុ បានរត់គេចខ្លួនបាត់សម្រោ។
ក្រោយកើតហេតុមន្ត្រីនគរបាលមូលដ្ឋានចុះធ្វើការវាស់វែង ហើយបានស្ទូចយករថយន្តបង្កហេតុនេះ ទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំចាត់វិធានការ ដោះស្រាយនៅពេលក្រោយ ជាមួយគ្នានោះ សពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕