អន្តរជាតិ ៖ ក្រុមបាតុករម៉ិចសិក បានធ្វើការវាយប្រហារទៅលើសភា ក្នុងរដ្ឋ Guerrero ជាការតវ៉ាថ្មីមួយផ្សេងទៀត ប្រឆាំងទៅនឹងរដ្ឋាភិបាល ក្នុងការបរាជ័យ ទៅនឹងចំណាត់ការ បាត់ខ្លួនសិស្ស និស្សិតទាំង ៤៣ នាក់ កាលពីអំឡុងខែ កញ្ញា កន្លងទៅនេះ ។
ប្រភពពីទំព័រប៊ីប៊ីស៊ី អោយដឹងថា រថយន្ត ៥ គ្រឿង ត្រូវបានដុតកម្ទេច នៅ ខាង ក្រៅសំណង់អាគារ សភា នាទីក្រុង Chilpancingo រដ្ឋ Guerrero ប្រទេស ម៉ិចសិក ។ គួរបញ្ជាក់ ក្រុមសិស្ស និស្សិតទាំង ៤៣ នាក់ បានបាត់ខ្លួនចេញពីទីក្រុងក្បែរនេះ ក្រុង Iguala ក្នុងរយៈពេល ច្រើនជាង ៦ សប្តាហ៍កន្លង មកនេះ ។
មន្ត្រី ម៉ិចសិក បានគូសបញ្ជាក់អោយដឹងថា ក្រុមជនអន្ធពាលក្នុងស្រុកបានសារភាពថាបាន សម្លាប់សិស្សនិស្សិតទាំងអស់នោះ និងដុតកម្ទេចសាកសពរបស់ពួកគេ ក៏ប៉ុន្តែ រាល់បណ្តាសាកសព ដែលបានរកឃើញ កាលពីពេលថ្មីៗនេះ ពុំទាន់អាចបញ្ជាក់អត្តសញ្ញាណបាននៅឡើយទេថាជាក្រុម សិស្សនិស្សិតបាត់ខ្លួន ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីបាត់ខ្លួន សិស្សនិស្សិត មួយនេះ បានញ៉ាំង អោយមានការផ្ទុះការតវ៉ា មកពីទូទាំងប្រទេស ដោយនៅក្នុងនោះ អំឡុងថ្ងៃនេះ ផ្ទាល់តែម្តង ការផ្ទុះការតវ៉ា បានឈានដល់ការ ប្រើប្រាស់អំពើហឹង្សា វាយប្រហារ បំផ្លាញសម្បទារូបវ័ន នៅ ឯ សំណង់អាគារសភា នារដ្ឋ Guerrero ពោលជាការប្រហារ បន្ទាប់ពីមានការលុកលុយ និង វាយប្រហារ ទៅលើការិយាល័យ សវនកម្ម នា យក ដ្ឋានអប់រំ ក្នុងក្រុង Chilpancingo អំឡុងពេលដែលមានការតវ៉ាផ្ទុះឡើងដោយមានការអំពាវនាវ ពីសំណាក់សហជីពគ្រូបង្រៀន ។ របាយការណ៍ បញ្ជាក់ បានថា កាលពីថ្ងៃអង្គារ កន្លងទៅ ក្រុមបាតុ ករក្រុង Iguala បានធ្វើការវាយប្រហារទៅលើទីស្នាក់ការ កណ្តាលនៃគណបក្ស កាន់អំណាចប្រទេស នេះ PRI ៕