ភ្នំពេញ៖បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមនិងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយបង្កឡើងដោយរថយន្តCRVពណ៌ទឹកប្រាក់មួយ គ្រឿង បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ ក្នុងល្បឿនយ៉ាងលឿន រហូតដល់ ជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូកង់បីពណ៌ក្រហមមួយគ្រឿងជិះដោយមនុស្ស៥នាក់ ចំពី ក្រោយពេញមួយទំហឹងបណ្តាលឲ្យរ៉ឺម៉កកង់បីក្រឡាប់ចាក់មនុស្សចេញខ្ទាតពេញផ្លូវ ។ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើង កាលពីវេលាម៉ោង១២និង០៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៣តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី នៅទល់មុខមណ្ឌលកំសាន្តភ្នំពេញវ៉តធើផាក ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ក្នុងគ្រោះថ្នាក់នេះប៉ូលិសមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង៥នាក់នោះ នៅ ឡើយទេ។លោកស៊ិន សុវណ្ណនាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោក ខណ្ឌ សែនសុខបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តCRVពណ៌ទឹកប្រាក់មួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ2D-0708បើកដោយបុរសស្រវឹងស្រាជោកជាំម្នាក់ ក្នុងល្បឿន យ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ីមានទិសដៅពីលិចទៅកើត ស្រាប់តែ មកដល់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលទៅបុករ៉ឺម៉ក់ម៉ូតូកង់បីពណ៌ក្រហម មួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ1BN-1994ជិះដោយមនុស្ស៥នាក់ក្នុងនោះមានស្រ្តីម្នាក់។ ឡានបង្កបានបុកចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរ៉ឺម៉ក់ម៉ូតូកង់បីក្រឡាប់ផ្ងារជើង និងធ្វើឲ្យបុរសម្នាក់ជាអ្នកបើករ៉ឺម៉ក់ម៉ូតូកង់បីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស៤នាក់ទៀត ដែលជិះនៅក្នុងរ៉ឺម៉កម៉ូតូកង់បីបានរងរបួសធ្ងន់ធ្ងរ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ។ក្រោយពេលកើតហេតុប៉ូលិសបានចុះទៅវាស់វែងយករថយន្តបង្កហេតុ និងរ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយ៕
ដោយ៖ ទុយ បញ្ញា