ភ្នំពេញ ៖ ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ចំនួន៧នាក់ ក្នុងនោះមានអ្នកស្រី ទេព វន្នី ម្នាក់ផង ដែលត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា បន្ទាប់ពីធ្វើការតវ៉ាបិទផ្លូវមុខសាលារាជធានី ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងការនាំគ្នាបិទផ្លូវធ្វើឱ្យ ស្ទះចរាចរណ៍ ។ សកម្មជន និងអ្នកភូមិបឹងកក់ទាំងនេះសុទ្ធតែជាស្ត្រី ដែលរួមមាន ៖ ១-ឈ្មោះ ទេព វន្នី ២-ឈ្មោះ គង់ ចន្ថា ៣-ឈ្មោះ ផាន់ ឈុនរ៉េត ៤-ឈ្មោះ បូ ឆវី ៥-ឈ្មោះ ង៉ែត ឈុន ហៅយាយមុំាមី ៦-ឈ្មោះ សុង ស្រីលាភ និង៧-ឈ្មោះ នង ស្រេង ។
សំណុំរឿងស្ត្រីបឹងកក់៧នាក់នេះស្ថិតនៅដៃលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងធ្វើការសាកសួរ ។ បន្ទាប់ពីសាកសួរ តំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទរារាំងបង្កឧបសគ្គដល់ ចរាចរណ៍សាធារណៈ តាមបញ្ញត្តិមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បទល្មើសនេះជនណាដែលបានប្រព្រឹត្តនឹងតម្រូវផ្តន្ទាទោសពី១ខែទៅ១ ឆ្នាំ ។ បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ នៅម៉ោង២រសៀលថ្ងៃដដែល សំណុំរឿងនេះក៏ត្រូវបានចាត់ទៅខាងចៅក្រមសើុបសួរ និងបន្តបើកសវនាការផ្ទាល់តែម្តង មិនពន្យារពេលទេ ។ គួរកត់សម្គាល់ថា ខណៈពេលសមត្ថកិច្ចនាំខ្លួនស្ត្រីត្រូវចោទទាំង៧នាក់ទៅដល់ សាលាដំបូងរាជធានីភ្នំពេញ គេបានឃើញអ្នកគាំទ្រមកពីសហគមន៍បឹងកក់ ថ្មគោល និងបុរីកីឡា ប្រមាណជិត១០០នាក់ មានព្រះសង្ឃ៤អង្គ និងមានបដា៣-៤ផ្ទាំងទៅឈរនៅមុខសាលាដំបូង ដោយមានឧគ្ឃោសនស័ព្ទស្រែកបំពងសំឡេងទាមទារសុំឱ្យតុលាការដោះលែង អ្នកទាំង៧នាក់នោះវិញ ។ក្រុមអ្នកគាំទ្រប្រមាណ១០០នាក់ ពេលកំពុងបំពងសំឡេងនៅមុខសាលាដំបូងរាជធានីភ្នំពេញ កងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញជាច្រើននាក់ក៏ បានទៅដល់ដែរ ដោយមានរថយន្តឃ្លុប១គ្រឿង ដែលជារថយន្តសម្រាប់ចាប់មនុស្សឃុំ។ ស្របគ្នានោះក៏បានឃើញកម្លាំងនគរបាល និងសន្តិសុខសាលាខណ្ឌ៧មករា រាប់សិបនាក់ប្រើដំបង និងខែលទៅរក្សាការពារ សណ្តាប់ធ្នាប់សាធារណៈនៅទីនោះ ។ មិនយូរប៉ុន្មានមានរថយន្តរបស់សាលាខណ្ឌមួយគ្រឿងបំពាក់មេក្រូ បានទៅប្រកាសជូនដំណឹងដល់ក្រុមអ្នកគាំទ្រឱ្យរក្សាភាពស្ងៀមស្ងាត់ ដើម្បីទុកពេលឱ្យតុលាការធ្វើការ និងចៀសវាងប៉ះពាល់ដល់របៀបរៀបរយសាធារណៈ ហើយបើចង់តវ៉ាណាមួយឱ្យធ្វើទៅតាមច្បាប់ ។ មានការព្រមានថា ក្រោយពីប្រកាសជូនដំណឹងនេះរយៈពេល២០នាទី បើនៅតែរឹងទទឹងមិនព្រមស្តាប់ សមត្ថកិច្ចនឹងចាត់វិធានការ ។
ដោយសារតែការស្រែកតាមមេក្រូនៅតែបន្លឺឡើងនោះ ក្រុមសន្តិសុខសាលាខណ្ឌ៧មករា ដោយមានការគាំទ្រពីក្រោយដោយកងនគរបាលផង បានសម្រុកចូលទៅចាប់ស្ត្រីមេក្រុមដឹកនាំការគាំទ្រ អូសបង្ខំឱ្យចូលរថយន្តឃ្លុបចំនួន៣នាក់ និងព្រះសង្ឃ១អង្គ ក៏ត្រូវរុញបញ្ចូលក្នុងរថយន្តឃ្លុបនោះដែរ ។ ស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គ ក្រោយពីចាប់បញ្ចូលទៅក្នុងរថយន្តឃ្លុបហើយ ត្រូវបានដឹកយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តងអត់មាន ទុកយូរទេ ។ ស្ត្រី៣នាក់ដែលត្រូវចាប់ខ្លួន ១-ឈ្មោះ ហេង ពេជ្រ (អ្នកតវា៉បឹងកក់) ២-ឈ្មោះ ផុន ស្រីទូច (អ្នកតវ៉ាបឹងកក់) និង៣-ឈ្មោះ ភួង សុភាព (អ្នកតវា៉សហគមន៍ថ្មគោល) ចំណែកសង្ឃដែលបានឃាត់ខ្លួននាម ស៊ឹង ហៃ គង់នៅវត្តស្ទឹងមានជ័យ ។ ក្នុងការប្រទង់ប្រទាញគ្នានោះក៏បានបណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ ផែក ចាន់រស្មី បានដួលសន្លប់ផងដែរ ។
សង្ឃមួយអង្គនាម ស៊ឹង ហៃ អាចឈានទៅដល់ការផ្សឹកទៅជាគ្រហស្ថ ដែលតាមការចោទប្រកាន់ថា សង្ឃអង្គនេះមានឆាយាលក្ខណ៍ មិនត្រឹមត្រូវ (ក្លែងក្លាយ) ។ ប៉ុន្តែករណីសង្ឃនេះពាក់ព័ន្ធនឹងឆ្លងកាត់ទៅដល់គណៈសង្ឃទើបអាច ផ្សឹកបាន ។ ចំណែកស្ត្រីទាំង៣នាក់នឹងអនុញ្ញាតឱ្យវិលទៅផ្ទះវិញ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនតែប៉ុណ្ណោះ ។ គួរកត់សម្គាល់ថា នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ដដែល គេឃើញអ្នកតវ៉ាមកពីសហគមន៍បុរីកីឡា រួមជាមួយអ្នកតវ៉ាមកពីសហគមន៍បឹងកក់ ប្រមាណជាង៣០នាក់ បានលើកគ្នាមកមុខសាលារាជធានីភ្នំពេញ ដើម្បីស្រែកទាមទារសុំឱ្យដោះលែងគ្នាគេ៧នាក់ដែលត្រូវចាប់ខ្លួន ។ ការមកតវ៉ាបែបនេះ បានពិនិត្យឃើញថា ពួកគេអត់ហ៊ានឈររារាំងបិទផ្លូវដូចលើកមុនទេ ហើយក៏អត់មានសមត្ថកិច្ចណារារាំងអូសទាញទាត់ធាក់ដែរ ។ ចំណែកសាលារាជធានី ក៏អត់មានតំណាងណាមួយមកទទួលយកញត្តិតវ៉ាអ្វីដែរ ។
ប្រហែលជាមួយម៉ោងក្រោយមក ទំនងមានដំណឹងថាមនុស្ស៧នាក់ ដែលចាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីកាត់ទោស ពួកគេក៏នាំគ្នាចេញពីមុខសាលារាជធានី ឆ្ពោះទៅសាលាដំបូងវិញ ដើម្បីពូនជាកម្លាំង ទើបនៅមុខសាលាដំបូងឃើញមានមនុស្សកាន់តែច្រើន ។ ទោះជាយ៉ាងនេះក្តី តុលាការបានដំណើរការតាមនីតិវិធីរហូតដល់ចប់ ដោយប្រកាសផ្តន្ទាទោសទៅតាមច្បាប់ នូវអ្នកណាក៏ដោយឱ្យតែខុសអត់មានខ្លាច ឬត្រាប្រណីឡើយ ។ សវនាការផ្ទាល់ត្រូវបានបញ្ចប់នៅវេលាម៉ោង៥ល្ងាច ។ ប្រធានក្រុមប្រឹក្សាគឺលោក ម៉ុង មុនីសោភា បានប្រកាសសាលក្រមផ្ដន្ទាទោសលើស្ត្រីទាំង៧នាក់នេះដាក់ពន្ធនាគារ ក្នុងម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល ។ ក្រោយប្រកាសសាលក្រមរួចស្ត្រីបឹងកក់៧នាក់នោះត្រូវបានសមត្ថកិច្ច នាំខ្លួនភ្លាមៗទៅកាន់ពន្ធនាគារព្រៃសតែម្ដង ៕