បន្ទាយមានជ័យ៖កម្មករបាញ់ថ្នាំដំឡូងមី៣នាក់ ម្នាក់ស្លាប់និង២នាក់ទៀតសន្លប់ខណៈពេលពួកគេកំពុងតែបាញ់ថ្នាំដំឡូងមីត្រូវបាតុភូតរន្ទះបាញ់ចំកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ សីហា ២០១៣ក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក ជា ឆ្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ដោយប៉ុន្មានថ្ងៃនេះមានភ្លៀងខ្យល់បន្តបន្ទាប់នាំឲ្យមាននូវបាតុភូតរន្ទះបាញ់កើតឡើងបណ្ដាឲ្យកម្មករបាញ់ថ្នាំដំឡូង៣នាក់ ម្នាក់បាត់បង់ជីវិតនិង២នាក់ទៀតសន្លប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់មាន ១.ឈ្មោះ រស់ រី ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ស្ដេច ខេត្តសៀមរាប ២.ឈ្មោះ ណង់ អែក ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្លែងព័រ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវរន្ទះបាញ់សន្លប់៣.ឈ្មោះ គុំ ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅនៅខេត្តសៀមរាប។
លោកបន្តឲ្យដឹងទៀតថា ករណីនេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងតែធ្វើសកម្មភាពបាញ់ថ្នាំដំឡូងមីនៅក្នុងភូមិបឹងស្នោ។ ក្រោយកើតហេតុជនរងគ្រោះដែលរងគ្រោះត្រឹមសន្លប់ត្រូវបាននាំយកសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៨ កក្កដា ២០១៣មក ខេត្តបន្ទាយមានជ័យមានខ្យល់ ភ្លៀង ធ្លាក់ជាប្រចាំធ្វើឲ្យមានជំនន់ទឹកភ្លៀងជន់លិចស្រែចំការនិងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនតូច ហើយករណីរន្ទះបាញ់នេះគឺជាករណីទី១ដែលបានកើតឡើងក្នុងខេត្តបន្ទាយមានជ័យ ៕
ដោយ៖ នី នឿន