ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្រើកាំបិតកែច្នៃគំរាមជនរងគ្រោះប្លន់ម៉ូតូ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៤ នៅចំណុចក្នុងភូមិជ្រៃកោង ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋព័ទ្ធចាប់វាយយ៉ាងចាស់ដៃ ទើបប្រគល់ឲ្យកម្លាំងសមត្ថកិច្ច។
សមត្ថ កិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី សុផល ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ជៀក ជេម ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំក្រាំងរាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ម៉ី ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ ពាក់ស្លាកលេខកំពង់ចាម 1K-0686 ។
ជន សង្ស័យ២នាក់ត្រូវបាន សមត្ថកិច្ចកសាងសុំណំរឿងបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ៕