ភ្នំពេញ ៖ គូសង្សារមួយគូត្រូវក្រុមចោរប្រដាប់អាវុធធ្វើសកម្មភាពស្ទាក់ផ្លូវដោយមានកាំភ្លើង និងដាវសាំម៉ូវ៉ៃ ប្លន់យកម៉ូតូស្កូបពីមួយគ្រឿងជិះគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង១០ នាទីរំលងអាធ្រាត្រ ថ្ងៃទី ០៩ វិច្ឆិកា ២០១៤ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ម៉ូតូដែលក្រុមចោរប្លន់យកទៅនោះម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-9945 ដែលជាកម្មសិទ្ធរបស់នារីជាសង្សារ ។ ហើយនៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បានឌុបគ្នាត្រឡប់មកពីញាំមីឆា បាយឆា នៅគល់ស្ពានខណៈធ្វើដំណើរមកដល់ពាក់កណ្តាលស្ពាន ក៏មានក្រុមចោរមួយក្រុមជិះម៉ូតូ៤គ្រឿង ដោយពីរគ្រឿងស្ទាក់ម៉ូតូជនរងគ្រោះនិងបានដកកាំភ្លង់ប្លន់យក ម៉ូតូពីជនរងគ្រោះ តែជនរងគ្រោះបានដកសោចេញពីម៉ូតូនាំនារីជាសង្សាររត់គេច ។ពេលដែលជនរងគ្រោះដកសោ រត់គេចនោះក៏មានបក្ខពួកក្រុមចោរជិះម៉ូតូពីរគ្រឿងទៀតចាំបិទគូថ ដោយដកដាវសាំម៉ូរ៉ៃ គំរាមកាប់ជនរងគ្រោះហើយដោយសារតែភ័យខ្លាច ជនរងគ្រោះក៏បានប្រគល់សោឱ្យក្រុមចោរ ជិះគេចខ្លួនដោយសុវត្ថិភាព ៕