ឧត្តរមានជ័យ ៖ អគ្គីភ័យបានលេបត្របាក់កុដិព្រះសង្ឃដែលមានទំហំ ៤X៥ម៉ែត្រ សាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងបណ្ដាលឲ្យបុរសម្នាក់ត្រូវបាត់បង់ជីវិតផងដែរ ។ គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងវត្ត ពុទ្ធារាមគុជសារមានរិទ្ធ ហៅវត្តគោកផ្លុក ភូមិគោកផ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ។
មុនពេលកើតហេតុគេបានឃើញបុរសជនរងគ្រោះឈ្មោះ ភឿង ណាក់ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល ក្រុងសំរោង បានបួសគង់នៅនឹងវត្តនេះ ចំនួន២ទៅ៣វស្សាដែរ បន្ទាប់មកស្រាប់តែបានសឹកទៅវិញ ហើយក្រោយពីសឹករួចបុរសរូបនេះ តែងតែចេញចូលមកហូបបាយ និងដេក នៅក្នុងវត្តជាញឹកញាប់។ ក្នុងថ្ងៃកើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គេបានឃើញជនរងគ្រោះខាងលើបានទិញស្រាបៀរមកផឹកម្នាក់ឯង ស្រវឹងជោកជាំ ហើយបានចូលទៅដេកក្នុងកុដិតែម្នាក់ឯង ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ភ្លាមៗផងដែរ និងឃើញភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ទោះបីជាមានរថយន្តពន្លត់អគ្គីភ័យ កក៏ជួយមិនទាន់ដែរ ។ ក្រោយស្រាវជ្រាវសមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីជនរងគ្រោះផឹកស្រាស្រវឹងជោកជាំ ដុតភ្លើងទៀន ហើយមានដបប្រេងសាំងមួយលីត្រ នៅក្បែរភ្លើងទៀននោះទើបបង្កឲ្យភ្លើងឆេះបែបនេះ៕