ភ្នំពេញ : នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខហាង លក់និងតម្លើងបរិក្ខាអគ្គីសនី យ៉ីហោ ប្រាយឡាយ ជាប់ផ្សារទំនើបផេនសល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រថយន្តកូរ៉េមួយគ្រឿង ត្រូវស្ត្រីជនបរទេសម្នាក់បើកចតទុកចោលមុខផ្ទះប្រជា ពលរដ្ឋ ហើយអូសវ៉ាលី ដើរចូលព្រលានយន្តហោះបាត់ អស់រយះពេល២ថ្ងៃ មិនឃើញវិលត្រឡប់មកវិញ បង្កការភ្ញាក់ផ្អើលនិងព្រួយបារម្មណ៍ ខ្លាចកើតមានរឿងអ្វីលលសពីនេះ។
រថយន្តកូរ៉េខាងលើ ម៉ាក វីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-3586 ម្ចាស់គ្មានអ្នកណាស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ជាជនជាតិចិន អាយុប្រហែល៣០ឆ្នាំ។ មុនពេលមានការភ្ញាក់ផ្អើល គេឃើញស្ត្រីជនជាតិចិនម្នាក់ បើករថយន្តខាងលើ មកឈប់ចតនៅខាងមុខ ហាងប្រាយឡាយ ហើយចុះពីលើរថយន្ត ចាក់សោរថយន្តជិត មានទាំងវ៉ាលីមួយផង រួចអូសវ៉ាលី ដើរសំដៅចូលទៅក្នុងប្រលានយន្តហោះបាត់។
តាមសម្តីបុរស ចំណាស់ម្នាក់ឈ្មោះគង់ ធីម អាយុ៦៣ឆ្នាំ ជាសន្តិសុខ ប្រចាំក្រុមហ៊ុនប៊េស យាមនៅធនាគារ ជាប់នោះនិយាយ រថយន្តខាងលើត្រូវបានស្ត្រីជនជាតិចិនម្នាក់ បើកមកទុកត្រង់ចំណុចខាងលើ វេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា រួចចុះពីលើរថយន្ត បានឲ្យលុយគាត់១០០រៀល ហើយអូសវ៉ាលីចូលព្រលានយន្តហោះបាត់ មិនដឹងជាទៅណាឡើយ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ មិនឃើញស្ត្រីជនជាតិចិននោះវិលត្រឡប់មកយករថយន្តវិញសោះ មានការព្រួយបារម្ភខ្លាចពីសុវត្តិភាព និងខ្លាចមានរឿងអ្វីលើសពីនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យជួយពិនិត្យមើល៕