ភ្នំពេញ : នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមផ្លូវជាតិលេខ៤ មុខធនាគារស្ថាបនា លីមីតធីត ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូមួយគ្រឿង បើកដោយយុវជនម្នាក់ បោះពួយលឿនជ្រុលទៅបុកជាមួយម៉ូតូអូសរ៉ឺម៉កដឹកហ្គាសបើកឆ្លងផ្លូវ បណ្តាលឲ្យរងរបួសបាក់កជើងខាងឆ្វេង បាក់ម្រាមដៃឆ្វេងនិងបែកមុខហូរឈាមតាមច្រមុះ សន្លប់ឈឹងនៅកន្លែង ម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ។
ជន រងគ្រោះ ត្រូវបានស្គាល់ឈ្មោះ អ៊ី សេងហៃ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិបាគង ឃុំស្លែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-2883។ ចំណែកម៉ូតូបង្ក ម៉ាកស៊ីធីផ្លើស ពណ៌ក្រហមកញ្ចាស់ អូសរ៉ឺម៉ក ដឹកហ្គាសជិះគ្នាចំនួន៣នាក់ បើកដោយឈ្មោះ សេង ឆក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាកម្មករផ្ទះលក់ហ្គាសមួយកន្លែងក្នុងបុរីក្បែរកន្លែងកើតហេតុ ស្នាក់នៅផ្ទះថៅកែលក់ហ្គាស មានស្រុកកំណើតនៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូអូសរ៉ឺម៉កដឹកហ្គាស បើកឆ្លងផ្លូវពីត្បូងទៅជើង ធ្វើឲ្យជនរងគ្រោះហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូអូសរ៉ឺម៉កយ៉ាងពេញទំហឹង រងរបួសធ្ងន់ធ្ងរ ម៉ូតូខ្ទេចមួយកំណាត់ខាងមុខ៕