ខេត្តកំពង់ឆ្នាំង៖ អំពើហឹង្សាក្នុងគ្រួសារមួយបណ្តាលអោយស្ត្រីជាប្រពន្ឋ និងកូនស្រីអាយុ២២ឆ្នាំបានរងរបួស ចំណែកបុរសជាប្តីត្រូវបានមន្ត្រីនគរបាលមូលដ្ឋានចាប់ខ្លួនផងដែរ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងភូមិខ្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ។
លោកហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយថា បុរសជាប្តីដែលបានប្រើអំពើហឹង្សាវាយទៅលើកូន និងប្រពន្ឋមានឈ្មោះ មឿន សាវឿន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។ ចំណែកប្រពន្ឋមានឈ្មោះ ចាន់ អ៊ី អាយុ៤៤ និងកូនស្រីឈ្មោះ មន សុខុម អាយុ២២ឆ្នាំ។
លោកបានបន្តថា មុនពេលមានរឿងរ៉ាវបង្ករអំពើហឹង្សានេះ បុរសជាប្តីបានខឹងកូនស្រីដែលបានដើរលេងកាលពីយប់( ថ្ងៃអកអំបុក) មិនប្រាប់ឪពុកម្តាយ ដោយបានស្តីបន្ទោស និងបានយកកាំបិតផ្គាក់មកវាយកូនពីខាងដង ពេលនោះប្រពន្ឋចូលមកឃាត់ក៏ត្រូវប្តីវ៉ៃបណ្តាលអោយពកក្បាល និងបែកក្រោមភ្នែក ដោយអត់ទ្រាំនិងទង្វើនេះមិនបានអ្នកជិតខាងបានរាយការណ៏ប្រាប់មន្ត្រីនគរបាលមូលដ្ឋាន
ហើយក៏មានការចាប់ឃាត់ខ្លួនតែម្តង។
ស្ត្រីជាប្រពន្ឋបាននិយាយថា នេះមិនមែនជាលើកទីមួយទេដែលបុរសជាប្តីបានវាយធ្វើបាបប្រពន្ឋកូន ដោយហេតុនេះហើយគាត់ទ្រាំលែងបានសុំអោយសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់ចុះ។ ចំណែកបុរសជាប្តីបានព្រមទទួលកំហុសថាខ្លួនពិតជាបានវាយប្រពន្ឋកូនបណ្តាលអោយមានរបួសស្នាមមែន ហើយបើប្រពន្ឋមិនអធ្យាស្រ័យទេសូមធ្វើតាមផ្លូវច្បាប់ចុះ ។
លោកអធិការបានបន្តថា ពេលនេះមន្ត្រីនគរបាលរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធីហើយ៕ ពៅសុខហ៊ាន
» ព័ត៌មានជាតិ » ខឹងកូនស្រីអាយុ២២ឆ្នាំដើរលេងអកអំបុកកាលពីយប់ស្អែកឡើងវ៉ៃកូនស្រីនិងដងកាំបិតផ្កាក់ ប្រពន្ឋចូលជួយវ៉ៃទាំងប្រពន្ឋរងរបួស