ខេត្តឧត្តមានជ័យ ៖ មន្ត្រីមួយចំនួននៅអង្គភាពរតនាគារខេត្តឧត្តរមានជ័យ ដែលមាន លោក តូច គន្ធា ជាប្រធានបានទំលាយឲ្យដឹងថា នៅអង្គភាពរបស់គាតសព្វថ្ងៃ បើគេមើលពី សំបកក្រៅ ហាក់បីដូចអង្គភាពមួយនេះបានរួមចំណែកក្នុងការលុបបំបាត់អំពើពុករលួយតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលខ្លាំងណាស់។ ព្រោះថាលោកប្រធានរតនាគារ តូច គន្ធា តែងតែនិយាយ អួតពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងថា គាតមិនហានប៉ះពាល់លុយ នរណា១សេនទេខ្លាចគេចោទថា ពុករលួយ ថែមទាំងប្រាប់បុគ្គលិកក្នុងអង្គប្រជុំ ថាកុំឲ្យមន្ត្រីក្រោមឱវាទទាំងអស់កុំធ្វើអីផ្តេសផ្តាស បើនរណាធ្វើខុសជាអ្នកទទួលខុសត្រូវ ដោយខ្លួនឯង ហើយរូបគាត់មិនលើកលែងឲ្យទេ។
តាមប្រភពបានឲ្យដឹងថា ដោយសារតែលោកប្រធានប្រជុំដាក់វិធានការម៉ឹងម៉ាត់នោះ ម្នាក់រួញខ្លួនមិនហ៊ានធ្វើអ្វីផ្តេសផ្តាសដូចមុនទេ ប៉ុន្តែផ្ទុយទៅវិញសម្រាប់លោកប្រធាននិងដៃជើងរបស់គាតមិនបានអនុវត្តន៍ដូចការនិយាយឡើយ គឺពួកគាតនៅតែបន្តប្រាក់ទឹកតែពីតាមបណ្តាមន្ទីរ រដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ រួមនិងក្រុមហ៊ុនដូចមុនដដែល។ ហើយប្រភេទប្រាក់ដែលមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមហ៊ុនដែលត្រូវគេទារប្រាក់ទឹកតែនោះមានដូចជាប្រាក់រេជ្ជទ័យ ប្រាក់លទ្ធកម្ម និងប្រាក់ទូទាត់ត្រង់ផ្នែកខ្លះ។ ចំពោះភាគរយនៃប្រាក់ទឹកតែគឺគេទាមទារ ទៅតាមប្រភេទ សាច់ប្រាក់ខុសៗគ្នា ប៉ុន្តែប្រាក់ដែលត្រូវលោកតូច គន្ធា ទាមទារប្រាក់ទឹកតែខ្ពស់គឺប្រាក់ លទ្ធកម្មនៅជំពូក៦១ និងជំពូក៦៥។ ចំណែកប្រាក់ទូទាត់ត្រង់នៅជំពូក៦២ និងនៅជំពូក៦៥ ក៍ទាមទារប្រាក់ទឹកតែខ្ពស់ដែរ ប៉ុន្តែមិនខ្ពស់កប់ពពកដូចប្រាក់លទ្ធកម្មនៅជំពូក៦១ និង៦៥ទេ។
តាមប្រភពដដែលបានបន្តថា ក្នុងរយៈពេលជាច្រើនឆ្នាំដែលលោកតូច គន្ធា ធ្វើជា ប្រធានរតនាគារមកនោះ ជីវភាពរបស់គាត់ហាក់បីដូចជាអភិវឌ្ឍន៍លឿនបំផុត និងមានទ្រព្យ សម្បត្តិដ៏ស្តុកស្តមមិនចាញ់ឈ្មួញធំៗនៅក្នុងខេត្តឧត្តរមានជ័យប៉ុន្មានទេ។ សម្រាប់មន្ត្រីក្រោមឱវាទរបស់គាតដែលមិនមែនជាដៃជើងរបស់គាត់គឺគ្មាននរណាម្នាក់មានជីវភាពធូរធាខ្លាំងទេ។
ករណីនេះគប្បីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុក រលួយគួរបើកការស៊ើបអង្កេតរឿងនេះ ដើម្បីរកឃើញការពិត៕ ហេង មានជ័យ