ភ្នំពេញ ៖ គ្រោះកាចអគ្គិភ័យ ក្នុងរាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានកើត ឡើង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះ ជួលមួយកន្លែង ដែលសង់ពីឈើលើថ្មក្រោម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
គ្រោះអគ្គិភ័យ ដ៏សន្ធោសន្ធៅកណ្តាលអធ្រាត្រ បានឆាបឆេះផ្ទះ និងឆេះផ្តាច់ជីវិតកម្មការិនីរោងចក្រ តាំង សាំង ២នាក់ សល់តែគ្រោងឆ្អឹង ខណៈបុរសម្នាក់ ជាកូនម្ចាស់ផ្ទះជួលបានរងរបួសធ្ងន់ ពេលព្យាយាមចូល ជួយសង្គ្រោះកម្មការិនី ។
កម្មការិនី ដែលត្រូវអគ្គិភ័យឆាបឆេះគ្មានសល់គ្រោងឆ្អឹងនោះ មានឈ្មោះ ធារី អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងម្នាក់ទៀតឈ្មោះ ពៅ អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ទាំង២នាក់ ជាមិត្តភក្តិស្នាក់នៅផ្ទះជួលខាងលើជាមួយគ្នា បច្ចុប្បន្នបម្រើការងារនៅរោងចក្រ តាក់ សាំង។ រីឯ បុរសរងគ្រោះ ពេលព្យាយាមចូលជួយនារីរងគ្រោះ ជាកូនម្ចាស់ផ្ទះមានឈ្មោះ បញ្ញា អាយុ ២៧ឆ្នាំ ។
នៅមុនពេលមានហេតុ នារីរង គ្រោះទាំង២នាក់ បានចេញទៅដើរលេង ព្រះរាជពិធីបុណ្យអុំទូក ហើយបានត្រឡប់មកផ្ទះវិញនៅម៉ោងប្រមាណ៩ និង០០នាទីយប់ថ្ងៃទី៦ ហើយក៏បានសម្រាកលង់លក់ដោយមិនមានរឿងអ្វីកើតឡើងឡើយ។ ប៉ុន្តែអ្វីជាការកត់ សម្គាល់នោះ នៅក្នុងកាបូបនារីរងគ្រោះម្នាក់ មានដបសុំាងមួយដប តែមិនដឹងជានារីរងគ្រោះយកមកធ្វើអ្វីនោះ ទេ ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងសន្ធោសន្ធៅចេញពីបន្ទប់ ដែលនារីរង ស្នាក់នៅតែម្តង ដោយមិនដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ។
បើតាមការគូសបញ្ជាក់ របស់ស្ត្រីម្ចាស់ផ្ទះ នៅក្រោយកើតហេតុភ្លាមៗ ដោយមិនឃើញនារីរងគ្រោះទាំង២នាក់ ចេញមកក្រៅ កូនប្រុសម្ចាស់ផ្ទះ ឈ្មោះ បញ្ញា នោះ បានស្ទុះចូលទៅខាងក្នុងផ្ទះវិញ ទាំងអណ្តាតភ្លើងកំពុងឆាប ឆេះ ដើម្បីសង្គ្រោះនារីទាំង ២នាក់ខាងលើ រហូតដល់ភ្លើងឆាបឆេះខ្លួនរបួសធ្ងន់។ ចំណែកនារីរងគ្រោះទាំង២នាក់ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្លួនប្រាណស្ទើរទាំងស្រុង នៅសល់គ្រោងឆ្អឹង និងបំណែកនៃដងខ្លួន បន្តិចបន្តួច។
ក្រោយជួបគ្រោះអគ្គិភ័យបែបនេះ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព (ង៧០) ចំនួន ៥គ្រឿង បានទៅដល់ កន្លែង កើតហេតុភ្លាមៗ ប៉ុន្តែសមត្ថកិច្ចប្រើក្នុងការបាញ់ពន្លត់អណ្តាតភ្លើងអស់តែមួយគ្រឿងប៉ុណ្ណោះ។ ចំណែកទំហំ នៃការខូចខាត ពោលផ្ទះត្រូវឆាបឆេះអស់ជាង៨០ភាគរយ បូករួមជាមួយទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនធំទៀត៕