ភ្នំពេញ ៖ ក្រុមចោរប្លន់ជនជាតិវៀតណាម ២ នាក់ ស្លៀកពាក់ស៊ីវិល ដើរស្មើរជើង បានធ្វើសកម្មភាពវាយបុរស ជនជាតិបរទេសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយប្លន់យកលុយ រួចពួកគេបានព្យាយាមរត់គេច ខ្លួនតែត្រូវ អ្នកដំណើរនិងប្រជាពលរដ្ឋឃើញស្រែកឆោមឡោ ផ្អើលដល់នគរបាលមូលដ្ឋានចុះមក អន្តរាគមន៍ភ្លាមៗតាម បានជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ករណីចោរប្លន់ខាងលើនេះស្ថិតនៅចំណុចផ្លូវលេខ ១៤៨ កែងផ្លូវព្រះនរោត្តម សង្កាត់ផ្សារកណ្តាល ២ ខណ្ឌដូនពេញ កើតឡើងកាលពីវេលាម៉ោង ២ និង ២២ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៣។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវក្របួចបាន ឈ្មោះ ឡៃ ប៊ុននី ភេទប្រុសអាយុ ៣៤ ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំវត្តនាគវ័ន្ត ចំណែកជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ សាក្សីដែលបានឃើញករណីខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមាន បុរសម្នាក់ជាជនជាតិបរទេសបានដើរ ម្នាក់ឯងតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈដើរដល់ចំណុចកែងផ្លូវលេខ ១៤៨ ស្រាប់តែមានជនសង្ស័យ ២ នាក់ស្លៀកពាក់ស៊ីវិល កាន់កូនកាំបិត ១ដើមដើរ មកជិតជនជាតិបរទេសនោះ ហើយបានធ្វើសកម្មភាពចាក់ជនជាតិ បរទេសបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចពួកគេ ដណ្តើមយកប្រាក់រត់គេចខ្លួនតែម្តង ។ ប៉ុន្តែពេលនោះត្រូវបានប្រជាពលរដ្ឋឃើញស្រែកឆោឡោនិងជួយដេញតាម ជនសង្ស័យនោះរហូតទៅដល់ចំណុច ផ្ទះលេខ ១៦៨ ទើបផ្អើលដល់សមត្ថកិច្ចមូលដ្ឋានដែលកំពុងជិះម៉ូតូល្បាត ឃើញក៏ឡោព័ទ្ធចាប់ខ្លួន បានម្នាក់ភ្លាមៗ យកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី២ ដើម្បីធ្វើការ សាកសួរ ចំណែកជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
គួរបញ្ជាក់ថាក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យ កំពុងស្ថិតក្នុងការសួរចម្លើយនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំធ្វើការសាកសួរ ដើម្បីតាមចាប់ជនសង្ស័យម្នាក់ទៀតដែលរួមដៃគ្នាជាមួយ ឈ្មោះឡៃ ប៊ុននី យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕