ភ្នំពេញ: អគ្គិភ័យឆាបឆេះហាងលក់ទូរស័ព្ទដៃយីហោ KKS ទាំងព្រឹក ខូចខាតម៉ូតូ១គ្រឿង និងឆេះអស់សំភារមានតំលៃស្ទើរទាំងស្រុង ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជាង០៦ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីតាំងស្ថិតនៅផ្ទះលេខ៣៩B ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃបុណ្យអុំទូកថ្ងៃទី២នេះ ប្រជាពលរដ្ឋធ្វើដំណើរបានឃើញហាងលក់ទូរស័ព្ទដៃគ្រប់ប្រភេទយីហោ KKS នោះនៅមិនទាន់បើកទ្វារហាងនៅឡើយ តែគេឃើញមានផ្សែងហុយចេញពីក្នុងហាងនោះយ៉ាងខ្មួលខ្មាញ់ ភ្លាមនោះអ្នកជិតខាងបាននាំគ្នាជួយអន្តរាគមន៍ជាមួយម្ចាស់ហាង ដោយយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ផ្ទាល់នៅ កន្លែងកើតហេតុដើម្បីឲ្យកម្លាំងមូលដ្ឋានជួយសម្រួលចរាចរណ៍នៅ កន្លែងកើតហេតុនោះងាយស្រួលដល់រថយន្តពន្លត់អគ្គិភ័យរាជធានីមកជួយបាញ់ ទឹកពន្លត់។
រថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញចំនួន៧ គ្រឿង ក្នុងនោះរថយន្តធុនធំចំណុះ២ម៉ឺនលីត្រមួយគ្រឿងផងបានមកជួយ អន្តរាគមន៍បាញ់ពន្លត់ដោយប្រើអស់ទឹក៧រថយន្តរហូតដល់វេលាម៉ោង០៧:៣០ នាទីថ្ងែដដែលទើបគ្រប់គ្រងភ្លើងបាន តែសំណាងល្អក្នុងហេតុការណ៍អគ្គិភ័យនោះមិនមានអ្នកណារងគ្រោះថ្នាក់ឡើយ ។
មូលហេតុដែលបណ្តាលឲ្យឆាបឆេះហាងលក់ទូរស័ព្ទដៃនោះបណ្តាលមកពីឆ្លង ចរន្តអគ្គិសនី តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ចំណែកសំភារក្នុងហាងដែលឆេះខូចខាតនោះ រួមមានម៉ូតូមួយគ្រឿង និងសំភារៈមានតំលៃដូចជាទូរស័ព្ទស៊េរីទំនើបៗត្រូវឆេះអស់ស្ទើរ ទាំងស្រុង ហើយតំលៃនៃការខូចខាតគិតជាទឹកប្រាក់អស់ប៉ុន្មាននោះម្ចាស់ហាង មិនបានបញ្ជាក់ប្រាប់អាជ្ញាធរឬសមត្ថកិច្ចឡើយ៕