ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានថ្លែងថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជាបាន សហការជាមួយអាជ្ញាធរមូលដ្ឋានបានចាប់បញ្ជូនខ្លួនជនបរទេសខុសច្បាប់ សរុបចំនួនជាង៧០០នាក់ មានចំនួន២១ជាតិសាសន៍ផ្សេងៗគ្នា ។ ក្នុងនោះមានជនជាតិវៀតណាមចំនួនច្រើនជាងគេរហូតដល់៤៩៧នាក់ និងជនជាតិក្រៅពីនោះមាន ចិនតៃវ៉ាន់ អាមេរិក (៣នាក់) ថៃ កូរ៉េ នីហ្សេរីយ៉ា (ស្បែកខ្មៅ១០នាក់) អឺរ៉ុប (៣នាក់) និងសាសន៍ផ្សេងៗជាច្រើនទៀតហើយអ្នកទាំងនោះត្រូវបានបញ្ជូន បន្តបន្ទាប់ទៅកាន់ប្រទេសដើមរបស់គេវិញ បន្ទាប់ពីប៉ូលិសបានរកឃើញថា មករស់នៅកម្ពុជាគ្មានលិខិតស្មាម ឬឯកសារស្របច្បាប់ ។
កាលពីថ្ងៃទី៥ វិច្ឆិកា កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង បានចាប់ខ្លួនជនជាតិវៀតណាមមកតាំងលំនៅខុសច្បាប់ក្នុងខេត្តស្ទឹង ត្រែងចំនួន៦៨នាក់ ក្នុងនោះស្រី៤នាក់ ដែលធ្វើការនៅក្នុងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមចំនួន១៥កន្លែងខុស គ្នា ។ ប៉ូលិសបានបញ្ជូនជនជាតិវៀតណាមទាំងនោះមកកាន់នាយកដ្ឋានអន្តោប្រវេសន៍ នៅភ្នំពេញដើម្បីសាកសួរមុនពេលបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ ។ តាមសេចក្ដីរាយការណ៍បន្ថែមពីខេត្តស្ទឹងត្រែងឱ្យដឹងថា កាលពីរសៀលថ្ងៃទី៤ វិច្ឆិកា នគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានរួមសហការជាមួយនគរបាល អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចុះត្រួតពិនិត្យនៅ តាមបណ្ដារោងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមទូទាំងខេត្តនិងបាននាំ ខ្លួនជនជាតិវៀតណាមទាំង៦៨នាក់មកស្នងការដ្ឋាននគរបាលខេត្ត ។ ទាក់ទិននឹងក្នុងការនាំខ្លួនជនជាតិវៀតណាមពីតាមបណ្ដារោងសិប្បកម្ម កែច្នៃគ្រឿងសង្ហារិមខាងលើនេះមិនមានការបញ្ជាក់ឬផ្ដល់ព័ត៌មាន ផ្លូវការណាមួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍នោះឡើយ ហាក់ដូចមានការលាក់បាំងពីក្រុមអ្នកកាសែត ។
ប្រភពព័ត៌មានក្រៅផ្លូវការបានបញ្ជាក់ថា រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមទូទាំងខេត្តស្ទឹងត្រែងទាំងតូច និងធំមានចំនួន២២កន្លែង ដែលភាគច្រើនសុទ្ធសឹងជារោងសិប្បកម្មរបស់ជនជាតិវៀតណាមកែច្នៃឈើ ប្រណីតបំពាក់ដោយគ្រឿងឧបករណ៍ទំនើបរណារ៉ៃ ។ ជនជាតិវៀតណាមទាំងអស់នេះមិនចេះនិយាយភាសាខ្មែរទេ ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា រោងសិប្បកម្មទាំងនោះបានយកជនជាតិវៀតណាមចូលមកប្រទេសកម្ពុជាតាម ច្រកទ្វារអន្តរជាតិមួយចំនួននិងតាមបន្ទាត់ព្រំដែនក្រោមរូបភាពជា ភ្ញៀវទេសចរ តែគ្មានលិខិតស្នាមត្រឹមត្រូវទេ ។ ក្នុងការនាំខ្លួនជនជាតិវៀតណាមទាំងនោះប្រភពព័ត៌មានពីស្នងការដ្ឋាន នគរបាលខេត្តបានបញ្ជាក់់ថា ជនជាតិវៀតណាមដែលនៅតាមបណ្ដារោងសិប្បកម្មមានចំនួន៦៨នាក់ (ស្ត្រី៤នាក់) ក្រោយពីនាំខ្លួននោះមិនត្រូវបានឱ្យអ្នកកាសែតយកព័ត៌មានទេ បន្ទាប់មកនៅព្រឹកព្រលឹមស្រាងៗថ្ងៃទិ៥ វិច្ឆិកា ក៏មានរថយន្តក្រុងដឹកអ្នកដំណើរបានទៅយកជនជាតិវៀតណាមទាំងនោះចេញពី ស្នងការដ្ឋាននគរបាលខេត្ត ។
ជុំវិញការចុះនាំខ្លួនជនជាតិវៀតណាមតាមរោង សិប្បកម្មនៅខេត្តស្ទឹងត្រែងគេសង្កេតឃើញថាមានរោងសិប្បកម្មចំនួន២០ កន្លែង ដែលបំផ្លាញឈើប្រណីតរបស់ខ្មែរ តែប្រភពពីនរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃថា មាន១៥កន្លែង ។ ដោយឡែកមានរោងសិប្បកម្មធំជាងគេក្នុងខេត្តចំនួនពីរដែលស្ថិតនៅ ក្នុងភូមិបាចុង សង្កាត់ព្រះបាត មិនត្រូវបាននាំខ្លួនជនជាតិវៀតណាមចេញនៅឡើយទេ រហូតមានប្រតិកម្មពីម្ចាស់រោងសិប្បកម្មមួយចំនួនបានទូរស័ព្ទប្រាប់ អ្នកកាសែតថា ត្រង់កន្លែងរបស់ខ្លួនគេនាំខ្លួនកូនចៅទៅអស់ ចុះចំណែករោងសិប្បកម្មពីរកន្លែងធំៗនិងមានជនជាតិវៀតណាមមិនក្រោម ពី៥០នាក់ម៉េចមិននាំទៅផងតើ
មានមូលហេតុអ្វី ? មិនអាចរកការបំភ្លឺជុំវិញករណីនេះបានទេ ដោយសារតែក្រុមមន្ត្រីប៉ូលិសបានបិទមាត់ មិនដូចរឿងរ៉ាវចាប់ចោរហៅអ្នកយកព័ត៌មានបង្ហាញពីស្នាដៃរបស់ខ្លួន នោះទេ ។
ជនបរទេសខុសច្បាប់ដែលឃាត់ខ្លួនចំនួនជាង៧០០នាក់ ក្នុងនោះជិត៥០០នាក់ ជនជាតិវៀតណាម ដែលពួកគេប្រកបអាជីវកម្មនានាដូចជា លក់កាហ្វេ នំបុ័ង កម្មករបូមខ្សាច់ និងកម្មករកែច្នៃឈើ ។ ចំណែកជនជាតិដទៃទៀតធ្វើការងារនៅតាមហាង សណ្ឋាគារ ក្រុមហ៊ុនរោងចក្រ និងខ្លះទៀតមានមុខរបរមិនច្បាស់លាស់ ជនទាំងនេះគឺស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធហើយបានមកស្នាក់នៅកម្ពុជាជាយូរឆ្នាំមកហើយ ។ នៅមានជនជាតិអឺរ៉ុប អាមេរិក អាហ្វ្រិក ចិនដីគោក ចិនតៃវ៉ាន់ កាណាដា អៀកឡង់ ដែលកំពុងត្រូវបានប៉ូលិសស៊ើបអង្កេតខណៈដែលជនជាតិទាំងនេះខ្លះរស់នៅ រាប់ឆ្នាំដោយខុសច្បាប់ និងខ្លះទៀតបានទិញផ្ទះនៅស្រុកខ្មែររស់នៅយ៉ាងរំភើយរួចហើយ ។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននាយកដ្ឋានបានសហការជាមួយស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត បណេ្តញជនបរទេសខុសច្បាប់ចំនួន៥៥១នាក់ ក្នុងនោះមានស្ត្រី១៥២នាក់ ឱ្យទៅប្រទេសដើមរបស់ខ្លួនវិញ ហើយក្នុងនោះមានជនជាតិវៀតណាមចំនួន៣៨៧នាក់ ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ វិច្ឆិកា មានជនបរទេសសរុបជាង៧០០នាក់មាន២១ជាតិសាសន៍ ត្រូវបានចាប់ខ្លួនបញ្ជូនទៅស្រុកវិញ ។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ជនជាតិអាមេរិក ឈ្មោះMicheal Edward Harris អតីតទាហានអាមេរិក ត្រូវបានឃាត់ខ្លួននិងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ជនជាតិអាមេរិកនេះធ្លាប់បានប្រព្រឹត្តបទល្មើស អនាចារលើកុមារនៅសហរដ្ឋអាមេរិក ហើយត្រូវបានអាជ្ញាធរអាមេរិកតាមរកចាប់ខ្លួន និងបានដកសុពលភាពលិខិតឆ្លងដែនរបស់ជនល្មើសរូបនេះ ។ ជននេះបានធ្វើដំណើរលាក់ខ្លួនតាមប្រទេសនានា រហូតមកដល់ប្រទេសកម្ពុជាត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ចាប់ខ្លួននិងបណេ្តញចេញពីប្រទេស ។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយអាជ្ញាធរមូលដ្ឋានត្រួតពិនិត្យ សិប្បកម្មអារឈើនៅសង្កាត់ផ្សារដើមថ្កូវ ឃាត់ខ្លួនជនជាតិវៀតណាមឆ្លងដែនខុសច្បាប់១៥នាក់ ហើយបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរ ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ដោយអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃស្តីពីការចុះ ត្រួតពិនិត្យជនបរទេសរាជធានី-ខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍នីតិវិធីសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួនជនជាតិវៀតណាមស្នាក់នៅខុសច្បាប់ចំនួន១៣នាក់ ។ តាមការស្រាវជ្រាវ និងត្រួតពិនិត្យបានឱ្យដឹងថា ជនជាតិវៀតណាមទាំងនោះ ស្នាក់នៅដោយគ្មានលិខិតស្នាមស្របច្បាប់ប្រើប្រាស់លិខិតឆ្លងដែនផុត សុពលភាព និងរៀបអាពាហ៍ពិពាហ៍ស្នាក់នៅដោយខុសច្បាប់ ។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ អនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃស្តីពីការចុះ ត្រួតពិនិត្យជនបរទេសរាជធានី-ខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ក្រុមការងារត្រួតពិនិត្យជនបរទេសរាជធានី-ខេត្ត តំបន់ទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា បានសហការជាមួយអាជ្ញាធរមូលដ្ឋានបណ្តេញជនជាតិវៀតណាមខុសច្បាប់ចំនួន ១៥២នាក់ចេញពីប្រទេសកម្ពុជា ។
ជនជាតិកូរ៉េទាំង ៦នាក់ ពិតជាបានប្រព្រឹត្តបទល្មើស និងស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនខ្លួនទៅមណ្ឌលកែប្រែទី១ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាគិតត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០១៤ ដែលបានដាក់ផ្សាយលើគេហទំព័រ(Web) របស់ខ្លួនបានបង្ហាញថា មានជនជាតិបរទេសខុសច្បាប់សរុបចំនួន៥៥១នាក់ ក្នុងនោះ ជនជាតិវៀតណាមមានចំនួន៤២៩នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសវិញបន្ទាប់ពីប៉ូលិសកម្ពុជាបាន រកឃើញថា អ្នកទាំងនោះរស់នៅកម្ពុជាដោយខុសច្បាប់ ។ រហូតមកដល់ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៤ ជនបរទេសទាំងជាង៧០០នាក់ នោះរួមមាន វៀតណាម កូរ៉េ នីហ្សេរីយ៉ា ចិន ចិនតៃវ៉ាន់ អាមេរិក អឺរ៉ុប ថៃ ជាដើម ត្រូវបានបញ្ជូនចេញពីកម្ពុជាហើយ ។ ការរឹតបន្ដឹងក្នុងការបង្ក្រាបដើម្បីបោសសម្អាតជនបរទេសខុសច្បាប់ ទាំងនោះធ្វើឡើងដោយកម្ពុជាចាប់ផ្តើមអនុវត្តច្បាប់អន្តោប្រវេសន៍ដល់ ចំណុចក្តៅ និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃក្រសួងមហាផ្ទៃបានសហការជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសកម្ពុជា ៕
» ព័ត៌មានជាតិ » ចាប់ជនអន្តោប្រវេសន៍ជាង៧០០នាក់ មាន២១ជាតិសាសន៍រស់នៅកម្ពុជាខុសច្បាប់