ភ្នំពេញ : កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះដែលម្ចាស់ទិញទុកចោលមួយកន្លែង តាមផ្លូវលំភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យក្នុងករណីឈ្មោះ ជា គឹមសាន្ត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អតីតបើកបររថយន្ត បច្ចប្បន្នមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ស្រុកកំណើតនៅភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ សុភ័ណ្ឌ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរត់គេចខ្លួនបាត់។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ ញូក ចាន់ថុល ភេទស្រី អាយុ៣៥ឆ្នាំ មានប្តីឈ្មោះ ស្រៀវ ប៊ុនតុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងធ្វើតុទូ និងលក់តុទូ ស្នាក់នៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមស្ត្រីជាម្ចាស់ផ្ទះនិយាយ ផ្ទះរបស់គាត់ត្រង់ចំណុចកើតហេតុខាងលើ ជាផ្ទះតៀមមានរបង ដែកព័ទ្ធជុំវិញ គាត់ទិញរយៈពេល២ឆ្នាំកន្លងមកហើយទុកចោលផ្ញើរនឹងអ្នកជិតខាងឲ្យ ជួយមើលពេលដែលគាត់ ជាប់រវល់លក់ដូរតុទូ នៅឯម្តុំត្រឡោកបែក ខណ្ឌសែនសុខ។មុនពេលកើតហេតុ គាត់ត្រូវបានអ្នកជិតខាងទូរស័ព្ទប្រាប់ថា មានជនសង្ស័យគ្នា២នាក់ធ្វើសកម្មភាព លួចកាច់របង និងចំរឹងបង្អួចដែក តែត្រូវបងប្អូនប្រជាពលរដ្ឋ ចាប់ជាត់បានម្នាក់ចំណែកបក្សពួកម្នាក់ទៀត រត់គេចខ្លួនបាត់។ ជនសង្ស័យម្នាក់ បន្ទាប់ពីប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ៕