បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវជាកូនប្រសាប្រុស ម្ដាយក្មេកស្អប់ហើយស្រែកថា ចោរៗ ឲ្យអ្នកភូមិ អោយព្រួតវាយទ្រមខ្លួន ពេលចូលដល់ក្នុងផ្ទះខ្លួន (ម្តាយក្មេកនិងប្រពន្ធ)។ លើសពីនោះ ក្រុមម្តាយក្មេក បានចាប់កូនប្រសាប្រុសនេះ ប្រគល់ឲ្យសមត្ថកិច្ចថែមទៀត តែបុរសនោះ មានយកអាវុធ មកប្រុងបង្ករឿង គិតស្មានមិនដល់។
ករណីនេះបានកើតឡើង នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យកាលពីម៉ោងជាង៧យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
បុរសកូនប្រសារមានឈ្មោះស្បោង ប៉ោត អាយុ២៩ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវស្រុកបាកាន ខេត្តពោធិ៍សាត់។ ឯប្រពន្ធក្មេង មានឈ្មោះ ភ័ណ ស្រីលី អាយុ១៨ឆ្នាំ និងម្តាយក្មេកឈ្មោះ អ៊ុក គឹមហេង អាយុ៣៩ឆ្នាំ លំនៅភូមិបាលីលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរសរងគ្រោះ និយាយថា ខ្លួនត្រូវអ្នកភូមិ (បក្ខពួកខាងម្តាយក្មេក) ចោទថា ចោរ ហើយចាប់ចង ហើយព្រួតទាត់វាយដំច្រំធាក់ បណ្តាលអោយគ្រាំទ្រម ខណ:បាត់ប្រពន្ធ មិនត្រឡប់ទៅផ្ទះខាងខ្លួនវិញ រយ:មួយឆ្នាំ ហើយតាមមកសួរនាំ និងសុំនាំទៅវិញនោះ។
ជនរងគ្រោះ ដែលក្លាយជាជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា: ប្រពន្ធខ្លួន បានសុំមកផ្ទះម្តាយនាង (ម្តាយក្មេកខ្លួន) ដោយកុហកថា មកលេងម្តាយ និងឆ្លៀតធ្វើអត្តសញ្ញាណប័ណ្ណ តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ហើយក៏ពុំព្រមវិល ទៅរកប្តីវិញសោះ នាងបានសុំមកលេងម្ដាយ និងថាមកធ្វើអត្តសញ្ញាណប័ណ្ណ ទីបំផុតមិនឃើញវិលវិញ។ ខ្លួនទាក់ទងតាមទូរស័ព្ទ មិនបាន ព្រោះម្តាយក្មេក ដែលជ្រែកហួងហែង និងបំបែកបំបាក់ ពង្រាត់បង្រាសកូនៗ បានរារាំងកាត់ផ្តាច់ តែខ្លួននៅអាណិត ស្រឡាញ់ប្រពន្ធក្មេង ហើយគ្មានរឿងសៅហ្មង អ្វីនឹងគ្នាផង ក៏សម្រេចតាមមកពេលនេះ។
ឯស្ត្រីម្តាយក្មេក បានបំភ្លឺប្រាប់សមត្ថកិច្ចថា: បុរសអតីតកូនប្រសារនេះ បានលបលួចចូលក្នុងផ្ទះ គ្មានអនុញ្ញាតដូចចោរ និងមានអាវុធក្នុងដៃ ប្រុងធ្វើឃាតលើរូបខ្លួនផង ទើបគាត់ប្រតាយចាប់ដៃជាប់ ហើយស្រែកថា ចោរ ចូលផ្ទះ ដើម្បីឲ្យអ្នកភូមិមកជួយគ្នា។
នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត បានអោយដឹងថា: ពេលចុះឆែកឆេរកាបូប របស់បុរសនោះ រកឃើញអាវុធច្នៃ ចំនួន៣ដើម និងគ្រាប់ កាំបិតវែង និងឧបករណ៍សឹក មួយចំនួនទៀត។
លោក អ៊ុំ សុផល អធិកាដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានអោយដឹងថា: ជនសង្ស័យ ត្រូវសមត្ថកិច្ចបានចាប់ឃាត់ រួមទាំងវត្ថុតាង អាវុធ និងគ្រាប់៕