ខេត្តកំពង់ឆ្នាំង៖ យុវជនជាកូនម្ចាស់ផ្ទះសំណាក់សាន់ដេរ២ម្នាក់ត្រូវបានក្រុមជនពុំស្គាល់មុខកាប់មួយដាវពីក្រោយខ្នងប្លន់យកម៉ូតូស្គុបពីមួយគ្រឿងជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ ខែវិឆ្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខសាលាបុណ្យភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលយុវជនរូបនោះជិះម៉ូតូត្រឡប់ពីទិញកាតទូរស័ព្ទវិញ។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា យុវជនរងគ្រោះមានឈ្មោះ ម៉ុន បុរី អាយុ១៦ឆ្នាំ មានទី លំនៅភូមិទួលក្រឡាញ់ គឺផ្ទះសំណាក់សាន់ដេរ២ ជាប់និងសាលាបុណ្យជាកន្លែងកើតហេតុតែម្តង។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ យុវជនរងគ្រោះបានជិៈម៉ូតូម៉ាកស្គុបពី ពណ៌ឈាមជ្រូកគ្មានស្លាកលេខ សេរី០១៤ ទៅទិញកាតទូរសព្ទ័ លុះពេលត្រឡប់មកវិញដល់មុខសាលាបុណ្យនៅ
ចម្ងាយតែប្រមាណ៣០ម៉ែត្រដល់ផ្ទះសំណាក់ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកមានជិះគ្នា៣នាក់ បានមកពីក្រោយហើយបានយកដាវកាប់ទៅលើយុវជនរងគ្រោះបណ្តាលអោយជ្រុលម៉ូតូធ្លាក់ពីថ្នល់ហើយជនដៃដល់ម្នាក់ក្នុងចំណោមគ្នា៣នាក់បានចុះលើកម៉ូតូនោះជិៈគេចខ្លួនទៅទិសខាងកើតទាំងអស់គ្នាបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗគេឃើញសមត្ថកិច្ចបានស្រែកប្រកូកប្រកាសតាមវិទ្យុទាក់ទងដេញស្កាត់គ្រប់ច្រកល្ហកតែដូចតាមហិតតែខ្លិនតែប៉ុណ្ណោះ ព្រោះជនសង្ស័យធ្វើសកម្មភាពកណ្តាល ក្រុងពុំធ្លាប់មានបែបនេះបានគេចខ្លួនបានដោយសុវត្ថិភាពបាត់ទៅហើយ។ចំណែកយុវជនរងគ្រោះគេឃើញមានស្នាមដាច់រយះខ្នងប្រវែងជាង២តឹកតែរបួសស្រាលទេ ដូចស្នាមកូតចេញឈាមរឹមៗតែប៉ុណ្ណោះ៕
ពៅសុខហ៊ាន
» ព័ត៌មានជាតិ » កាប់មួយដាវប្លន់យកម៉ូតូស្គុបពី០១៤កណ្តាលក្រុងកំពង់ឆ្នាំង បានដោយសុវត្ថិភាព