ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះមានមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងអជ្ញាធរមូលដ្ឋានឃុំ និងស្រុក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ០៥ខែវិឆ្ឆិកា ឆ្នាំ២០១៤ បានចុះទៅធ្វើការឃាត់ ការ ណូតបូមខ្សាច់ចំនួន៣គ្រឿងដែលបានកំពុងធ្វើសកម្មភាពបូមខ្សាច់ដាក់កាណូតនៅចុងស្ទឹងបរិបូណ៏ ចំណុចក្បាលកោះ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារស្រុក បរិបូណ៏។ ការចុះឃាត់កាណូតបូមខ្សាច់នេះគឺបន្ទាប់ ពីបានអាជ្ញាធរស្រុកទទួលបានពាក្យបណ្តឹងចំនួន២ គឺទី១ របស់ប្រជាពលរដ្ឋថាកាណូតបូមខ្សាច់នេះបានធ្វើះអោយបាក់សសរស្ពានរបស់ពួកគាត់អស់ចំនួន២សសរ និងទី២គឺបណ្តឹងរបស់មន្ត្រីជំនាញ គឺមន្ទីររ៉ែនិងឋាមពល ថាបូមខ្សាច់ដោយគ្មានការអនុញ្ញាត ។
លោក ថាន់ សារុំ អភិបាលរងស្រុកបានមានប្រសាសន៍ថា កាណូតបូមខ្សាច់ទាំង៣គ្រឿងនេះជារបស់ប្រជាពលរដ្ឋរស់នៅភូមិត្អួរលំ ស្រុកកំពង់លែង ដោយពួកគាត់បានប្រាប់ថា បូមខ្សាច់យកទៅលក់អោយព្រះសង្ឃកសាងព្រះវិហារក្នុងវត្ត ។ ពួកគាត់ប្រាប់ថាការបូមខ្សាច់នេះមិនបានដឹងថាខុសឬត្រូវ ច្បាប់អីនោះទេ ។ កាណូតបូមខ្សាច់របស់ពួកគាត់គឺចំណុះ៧ម៉ែត្រគូបក្នុងមួយកាណូត ដែលសកម្មភាព
របស់ពួកគាត់បានធ្វើជាច្រើនថ្ងៃមកហើយ និងបានធ្វើអោយបាក់សសរស្ពានចំនួន២របស់ប្រជាពលរដ្ឋដែលសសរស្ពាននោះខែនេះបានលិចបាត់ក្នុងទឹក តែខែប្រាំងវិញគឺសម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរឆ្លងកាត់។ ចំណែកមួយវិញទៀតការបូមយកខ្សាច់នេះក៏បានធ្វើអោយប៉ះពាល់ដល់ធម្មជាតិក្នុង ទឹកនិងក្រោមដី និងគ្មានច្បាប់អនុញ្ញាតពីមន្ទីររ៉ែនិងឋាមពលនោះដែរ ដោយហេតុនេះហើយទើបអាជ្ញាធរដឹកនាំសមត្ថកិច្ចចម្រុះមកបង្រា្កបនិងទប់ស្កាត់ ជាបន្ទាន់។
លោកអភិបាលរងស្រុកបានបន្តថា ក្រោយពីស្តាប់ហេតុផលរបស់ប្រជាពលរដ្ឋដែលជាអ្នកបូម ខ្សាច់នោះរួចមក លោកបានឆ្លងយោបល់ដល់លោកអភិបាលខេត្ត ហើយបានអោយអប់រំពួកគាត់បញ្ឈប់ ជាបន្ទាន់នូវសកម្មភាពបូមខ្សាច់នេះតទៅទៀត និងបានដាក់កំហឹតអោយពួកគាត់ជួសជុលសសរស្ពាន ដែលខូចខាតនោះជូនប្រជាពលរដ្ឋវិញនៅពេលរដូវទឹកស្រក ។
ក្រោយពីមានការព្រមព្រាងគ្នាជួសជុសជុលសសរស្ពានហើយអាជ្ញាធរស្រុកបាននាំប្រជាពលរដ្ឋទាំងនោះ មកធ្វើកិច្ចសន្យាបញ្ឈប់ការបូមខ្សាច់នៅតំបន់នោះ និងកិច្ចសន្យាជួសជុលសសរស្ពានឡើងវិញជាលាយលក្ខណ៍អក្សរដើម្បីទុកជាប្រយោជន៏ដល់ផ្លូវច្បាប់ទៅថ្ងៃក្រោយផងដែរ៕ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » សមត្ថកិច្ចចម្រុះឃាត់កាណូតបូមខ្សាច់របស់ប្រជាពលរដ្ឋស្រុកកំពង់លែង ព្រោះបានធ្វើអោយបាក់សសរស្ពានចំនួន២ និងគ្មានលិខិតអនុញ្ញាតពីសាម៉ីមន្ទីរ