ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏សោកសៅនេះកើតឡើងកាលពីម៉ោង៨ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ត្រង់ចំណុចភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បុរសចំណាស់ម្នាក់ ពេលដែលជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ម្នាក់បែកមុខសន្លប់ឈឹង និងម្នាក់ទៀតបាក់ជើងខាងឆ្វេង បែកក្បាល ដេកសន្លប់ស្តូកស្តឹង តែជាអកុសល បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះ ម្នាក់ដែលបាក់ជើង និងបែកក្បាលបានស្លាប់។
ម៉ូតូមួយគ្រឿង ម៉ាកវ៉េវអ៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CG-0700 ជិះម្នាក់ឯង បើកបរដោយឈ្មោះ សេង ដែង ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបររថយន្តដឹកប្រេងឥន្ទនៈ នៅក្បែរកន្លែងកើតហេតុ ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ស៊េរី២០០៩ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1AA-5913 ជិះម្នាក់ឯង ដោយឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅក្បែររង្វង់មូលទួលគោក ខណ្ឌទួលគោក។
ជន រងគ្រោះខាងម៉ូតូសេ១២៥ មុនពេលសន្លប់ ឲ្យដឹងថា គាត់ទើបតែវិលត្រឡប់មកពីផ្ទះមិត្តភ័ក្រ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរក្នុងគោលបំណងទៅកន្លែងធ្វើការងារនៅ រង្វង់មូលទួលគោកវិញ ដោយជិះម៉ូតូពីលិចទៅកើត។ លុះដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូវ៉េវ បើកឆ្លងផ្លូវពីត្បូងទៅជើង ធ្វើឲ្យគេចមិនទាន់ជ្រុលទៅបុកតែម្តង បណ្តាលឲ្យដួលរេលកណ្តាលផ្លូវ។
មុនកើតហេតុ ជនរងគ្រោះខាងម៉ូតូវ៉េវជិះចេញ ពីយានដ្ឋានរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ ក្បែរកន្លែងកើតហេតុជាប់របងសាលាក្តីខ្មែរក្រហម ជិះឆ្លងផ្លូវ ទៅខាងជើង មិនទាន់ទាំងផុតផង ស្រាប់តែម៉ូតូរបស់ជនរងគ្រោះម្ខាងទៀតសេ១២៥ បើកពីលិចទៅកើតវ៉ាក់អ៊ើហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង។ ក្រោយកើតហេតុ ជនរងគ្រោះ ទាំង២នាក់ត្រូវរថយន្តរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលជនរងគ្រោះម្នាក់ខាងម៉ូតូវ៉េវបានស្លាប់៕