ភ្នំពេញ៖ ចោរប្រដាប់អាវុធ២នាក់ធ្វើសកម្មភាពភ្ជង់ប្លន់ ម៉ូតូម៉ាកស្កុបពី ពី នារីម្នាក់ បានសម្រេចដោយសុវត្ថិភាព នៅចំណុចផ្លូវបេតុងមួយកន្លែង ទល់មុខវិទ្យុសំបុកឃ្មុំ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង២១ និង ៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
នារីរងគ្រោះមានឈ្មោះជួន សានី ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវ៦៩BT ផ្ទះជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
នារីរងគ្រោះបានអោយដឹងថា ដំបូងឡើយរូបនាង បានជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ 1CO-1005 ជិះធ្វើដំណើរម្នាក់ឯង ទើបតែត្រឡប់មកពីលេង ផ្ទះបងប្អូននៅខេត្តកណ្តាល លុះមកដល់ចំណុចកើត ស្រាប់តែមានចោរប្រដាប់អាវុធមួយក្រុម មានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ដូចគ្នា មិនចាំពណ៌និងស្លាកលេខ ជិះមកពីក្រោយរួចដកកាំភ្លើង ធ្វើសកម្មភាព ភ្ជង់ទៅលើនារីរងគ្រោះ គំរាមអោយចុះ ពីលើម៉ូតូរួច ជនសង្ស័យម្នាក់ ដែលរួមដំណើរពីក្រោយ ឡើងជិះម៉ូតូនារីរង គ្រោះចេញទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ នារីរងគ្រោះ បានទូរស័ព្ទទំនាក់ទំនងទៅសាច់ញាតិ រួចនាំទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុន ដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញា តាមចាប់ខ្លួនបន្ត រួចត្រឡប់ទៅគេហដ្ឋាន វិញធម្មតា។
សូមបញ្ជាក់ផងដែរថា សម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យ នៅយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គឺមានករណីប្លន់យកម៉ូតូចំនួន២ករណី ដែលករណីខាងលើជាករណីទី១ និងមួយករណីទៀតនៅសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ៕