ទីក្រុងបាងកក – ថ្ងៃទី ២៩ តុលា ២០១៤៖ ក្រុមហ៊ុន អេសស៊ីជី បានប្រកាសពីដំណើរការអាជីវកម្មសម្រាប់ត្រីមាសទីបី ក្នុងឆ្នាំ ២០១៤ ដោយបង្ហាញនូវកំណើនប្រាក់ចំណូលពីការលក់ដោយសារតម្លៃសារធាតុគីមីមានការកើនឡើង ប៉ុន្តែប្រាក់ចំណេញមានការថយចុះដោយសារមានការបាត់បង់ប្រាក់ចំណេញក្នុងត្រីមាសទីបីឆ្នាំ ២០១៤។ ក្រុមហ៊ុនបានប្រកាសអំពីគម្រោងរបស់ខ្លួនក្នុងការវិនិយោគទឹកប្រាក់ជាង ៣៧២ ពាន់លានរៀល (៩៣ លានដុល្លារ) ក្នុងអាជីវកម្មស៊ីម៉ងត៍និងសម្ភារសំណង់ និងផលិតផលដែលបានអភិវឌ្ឍន៍បន្ថែម ស្របតាមទស្សនវិស័យរបស់ខ្លួនក្នុងការក្លាយជាអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន។
លោក KanTrakulhoonដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសស៊ីជី បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុន អេសស៊ីជី និងក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រាប់ត្រីមាសទីបី ឆ្នាំ ២០១៤ ដែលបានបង្ហាញពីប្រាក់ចំណូលពីការលក់មានចំនួន ១៥,៧៣១ ពាន់លានរៀល (៣,៨៧២ លានដុល្លារ) មានកំណើន ៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដែលមួយភាគធំបានមកពីតម្លៃសារធាតុគីមីមានការកើនឡើង និងថេរបើធៀបនឹងរយៈពេលដូចគ្នាក្នុងត្រីមាសមុន។ ប្រាក់ចំណេញដែលបានចុះបញ្ជីមានចំនួន ៩៩៣ ពាន់លានរៀល (២៤៤ លានដុល្លារ) ដែលមានការថយចុះ ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដោយសារមានការបាត់បង់ប្រាក់ចំណេញចំនួន ២១៥ ពាន់លានរៀល (៥៣ លានដុល្លារ) (ការកែតម្លៃវិនិយោគមធ្យមនៃសម្ភារអនាម័យ និងការលក់ទ្រព្យសកម្មឲ្យ តូតូ) ក្នុងអាជីវកម្មស៊ីម៉ងត៍ និងសម្ភារសំណង់ ក្នុងត្រីមាសទីបីឆ្នាំ ២០១៣។
សម្រាប់រយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន អេសស៊ីជី បានធ្វើរបាយការណ៍ប្រាក់ចំណូលពីការលក់មានចំនួន ៤៥,៩៧១ ពាន់លានរៀល (១១,៤៤៣ លានដុល្លារ) មានកំណើន ១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣។ ប្រាក់ចំណេញដែលបានចុះបញ្ជីមានចំនួន ៣,០៦៩ ពាន់លានរៀល (៧៦៤ លានដុល្លារ) មានការថយចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដែលមួយភាគធំបណ្តាលមកពីការបាត់បង់ប្រាក់ចំណេញចំនួន ២១៥ ពាន់លានរៀល (៥៣ លានដុល្លារ) ក្នុងត្រីមាសទីបីឆ្នាំ ២០១៣ ការកើនឡើងនៃភាគហ៊ុនមិនគ្រប់គ្រង (ហ៊ុនភាគតិច) និងចំណូលមិនស្មើគ្នាពីក្រុមហ៊ុនដែលជាប់ទាក់ទងនានា។
សម្រាប់ប្រតិបត្តិការរួមរបស់ អេសស៊ីជី ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទីបី ឆ្នាំ ២០១៤ មានការកើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដែលមានចំនួន ១,៤១៨ ពាន់លានរៀល (៣៤៩ លានដុល្លារ) ដែលស្មើនឹង ៩% នៃប្រាក់ចំណូលសរុបរបស់ អេសស៊ីជី ពីការលក់។
ប្រាក់ចំណូលពីការលក់ក្នុងតំបន់អាស៊ានសម្រាប់រយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០១៤ មានចំនួន ៤,០៣៧ ពាន់លានរៀល (១,០០៥ លានដុល្លារ) មានកំណើន ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ហើយស្មើនឹង ៩% នៃប្រាក់ចំណូលសរុបរបស់ អេសស៊ីជី ពីការលក់។
គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០១៤ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ៥៩,១៧៦ ពាន់លានរៀល (១៤,៦២៦ លានដុល្លារ) ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានចំនួន ៩,៩០៤ ពាន់លានរៀល (២,៤៤៨ លានដុល្លារ) ដែលស្មើនឹង ១៧% នៃទ្រព្យសរុបរួមរបស់ អេសស៊ីជី។
បើយោងតាមរបាយការណ៍ត្រីមាសទីបីឆ្នាំ ២០១៤ ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសកម្ពុជាមានទ្រព្យសរុប ១,០០១ ពាន់លានរៀល (២៤៧ លានដុល្លារ) មានកំណើន ៦៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដែលកំណើនសំខាន់បានមកពីក្រុមហ៊ុន កំពតស៊ីមេន ដែលរោងចក្រថ្មីមួយទៀតកំពុងដំណើរការសាងសង់។ ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទីបីឆ្នាំ ២០១៤ មានចំនួន ១២១ ពាន់លានរៀល (៣០ លានដុល្លារ) មានកំណើន ៧៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដោយកំណើនជាចម្បងបានមកពីក្រុមហ៊ុន កំពតស៊ីមេន និងស៊ីផេកកម្ពុជា។ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសកម្ពុជាបានធ្វើរបាយការណ៍ប្រាក់ចំណូលពីការលក់មានចំនួន ៣៦៣ ពាន់លានរៀល (៩០ លានដុល្លារ)។
ទាក់ទងនឹងការធ្វើបច្ចុប្បន្នកម្មចុងក្រោយនៃអាជីវកម្មក្នុងប្រទេសកម្ពុជា ការសាងសង់រោងចក្រស៊ីម៉ងត៍ទីពីរនៅកំពតស៊ីមេន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេសស៊ីជី កំពុងដំណើរការយ៉ាងរលូន ហើយបើតាមការគ្រោងទុក រោងចក្រនេះនឹងចាប់ដំណើរការនៅពាក់កណ្តាលឆ្នាំ ២០១៥។
លោក Kan បានបន្ថែមទៀតថា “អេសស៊ីជី ជឿថាសេដ្ឋកិច្ចអាស៊ាននឹងបន្តការរីកលូតលាស់របស់ខ្លួន ហេតុនេះទើបក្រុមហ៊ុនបន្តវិនិយោគបន្ថែមទៀតក្នុងតំបន់។ ថ្មីៗនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន អេសស៊ីជី បានអនុម័តទុនសរុប ៣៧២ ពាន់លានរៀល (៩៣ លានដុល្លារ) ដែលមានប្រាក់វិនិយោគប្រមាណ ៣៤៧ ពាន់លានរៀល (៨៧ លានដុល្លារ) សម្រាប់បង្កើនទំហំផលិតកម្មម្សៅបៀកឲ្យដល់ ២ លានតោន នៅក្នុងប្រទេសថៃ ដែលរំពឹងទុកថានឹងអាចចាប់ផ្តើមដំណើរការក្នុងឆមាសទីមួយឆ្នាំ ២០១៦។ ម្សៅបៀក គឺជាផលិតផលដែលប្រើចុងក្រោយគេសម្រាប់ការងារជញ្ជាំងដែលភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍ជាច្រើនដូចជា គុណភាពខ្ពស់ជាប់បានយូរ ងាយស្រួលប្រើ និងល្អបំផុតសម្រាប់បេតុងទម្ងន់ស្រាល។ ការវិនិយោគមួយផ្សេងទៀតគឺអាជីវកម្មលក់រាយទាក់ទងនឹងវិស័យសំណង់ក្នុងតំបន់អាស៊ានជាមួយនឹងទុនវិនិយោគប្រមាណ ២៥ ពាន់លានរៀល (៦ លានដុល្លារ) សម្រាប់ភាគហ៊ុន ៥០% ក្នុងក្រុមហ៊ុន Global House International Company Limited។
ការវិនិយោគនេះ គឺជាការលូតលាស់របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការលក់រាយសម្ភារទាក់ទងនឹងវិស័យសំណង់ដែលមានឥទ្ធិពលលើភាពជាក្រុមហ៊ុនឈានមុខរបស់ អេសស៊ីជី នៅលើទីផ្សារ និងបណ្តាញអាជីវកម្មក្នុងតំបន់នេះ។អេសស៊ីជី បន្តធ្វើគម្រោងវិនិយោគដែលខ្លួនបានរៀបចំសម្រាប់តំបន់អាស៊ានជាមួយនឹងរោងចក្រផលិតស៊ីម៉ងត៍នៅប្រទេសឥណ្ឌូនេស៊ី និងរោងចក្រផលិតស៊ីម៉ងត៍ទីពីរក្នុងប្រទេសកម្ពុជា ដែលរំពឹងថានឹងចាប់ដំណើរការក្នុងឆ្នាំ ២០១៥។ សារធាតុគីមីសំយោគពីប្រេងនៅក្នុងប្រទេសវៀតណាមត្រូវបានគ្រោងថានឹងបញ្ចប់គម្រោងហិរញ្ញវត្ថុរបស់ខ្លួននៅដើមឆ្នាំក្រោយ។៕
» ព័ត៌មានជាតិ » អេសស៊ីជី បង្ហាញរបាយការណ៍លទ្ធផលអាជីវកម្មសម្រាប់ត្រីមាសទីបីឆ្នាំ ២០១៤ និង ៩ ខែដើមឆ្នាំ ២០១៤