ភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវចំនួន១៨កង់ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងផ្លូវលេខ១០៩ ក្នុង សង្កាត់អូរឬស្សី ខណ្ឌ៧មករា ត្រូវរងនូវការបាក់ទ្រេត ដោយសាររថយន្តឡិចស៊ីសGS 300 បើកបុក យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២និង៥០នាទីទាបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ តែមិន បណ្តាលឲ្យមាននរណាម្នាក់រងរបួសឡើយ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចជំនាញដែលចុះទៅវាស់វែងដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក ឡិចស៊ីស GS 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0006 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកយ៉ាងលឿន ស្ថិតក្នុងស្ថានភាពស្រវឹង ហើយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ១៨កង់ ទាំងកំរោលតែម្តង បណ្តាលឲ្យរបាំងថ្មទាំងនោះត្រូវរងការខូចខាតបាក់ទ្រេត ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺរថយន្ត បានក្រឡាប់៣ជុំ បន្ទាប់ពីបើកបុករបាំងថ្មរួចហើយ តែសំណាងល្អមិនបណ្តាលឲ្យមាននរណា ម្នាក់ត្រូវរងរបួសឡើង។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង ដកហូតរថយន្តបង្ក និងអ្នកបើកបរ ទៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕