ភ្នំពេញ៖ អ្នកលក់មីឆាពីរនាក់ប្តីប្រពន្ធត្រូវរងរបួសធ្ងន់ធ្ងរបន្ទាប់ពីមាន យុវជនប្រុសស្រីមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ក្នុងល្បឿនលឿន ជ្រុលបុករះពេញទំហឹង នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងនឹង ផ្លូវលេខ ៨៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១២ និង ០០នាទីយប់រំលងអាធ្រាត្រ ។
ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ នៅមុនពេលកើតហេតុគេសង្គេត ឃើញ យុវជនប្រុសស្រីមួយក្រុមដែលមានគ្នា៥នាក់ ក្នុងនោះប្រុសម្នាក់ ស្រី៤នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ស គ្មានស្លាកលេខ ជិះធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាង លឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលល្បឿនរេចង្កូតបុករះចូលកន្លែង លក់មីឆា ដែលមានទីតាំងទល់មុខ មន្ទីរពេទ្យកាល់ម៉ែត្រ បណ្តាលអោយប្តីប្រពន្ធពីរនាក់ដែលជាអ្នកលក់មីឆា រងរបួសធ្ងន់ធ្ងរទាំងពីរនាក់។
ចំណែករថយន្តបង្កបាន ព្យាយាមបើករត់គេចខ្លួន តែសំណាងអាក្រក់ខណៈបើកដល់ចំណុចផ្លូវលេខ ៨៦ កែងនឹងផ្លូវលេខ៦៥ ក៏ជ្រុលទៅបុកនឹង បង្គោលភ្លើងពេញទំហឹងបណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខមិនអាច បន្តដំណើរទៅបាន។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុភ្លាមៗ គេសង្គេតឃើញយុវជនប្រុសស្រី៥នាក់ ក្នុងនោះប្រុសម្នាក់ បានបើកទ្វារចេញពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោលបីនាក់ សូន្យឈឹង។ នៅសល់តែនារីវ័យក្មេងពីរនាក់ ក្នុងចំណោម៥នាក់ខាងលើ គឺមិនបានរត់គេចខ្លួននោះទេហើយបញ្ជាក់ប្រាប់ថា គេមិនរត់គេចទៅណាទៀតទេគឺ រងចាំសាច់ញាតិរបស់ខ្លួនមកដោះស្រាយ។
សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង ស្ទូចយករថយន្ត បង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕