ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្នុងខណៈរូបគាត់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក CD ហើយត្រូវ រថយន្តកាមរីបាឡែន ដែលបើកបរដោយបុរសម្នាក់ បើកមកបុកយ៉ាងពេញទំហឹងនៅចំណុចផ្សារកណ្តាល ស្ថិតតាមបណ្តោយផ្លូវ១៣ កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានសង្កេតឃើញ រថយន្ត កាមរីបាឡែន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២ម-៣៤០០ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ។ ដោយឡែកម៉ូតូ CD ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AY-2373 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅពីត្បូងទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានជ្រុលទៅបុកម៉ូតូ CD យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូត្រូវរងរបួសធ្ងន់។ ហើយអ្នកបើកបរបើករថយន្តរត់គេចខ្លួនបាត់ភ្លាមៗ ក្រោយពីដឹងថាខ្លួនបានបើកបុក អ្នកដណើរបណ្តាល ឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕