កណ្តាល ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន ក្រុមការងារ ចុះជួយស្រុកពញាឭ បានជួបសំណេះសំណាលជា មួយប្រជាពលរដ្ឋ ក្នុង ឃុំកំពង់អុស បន្ទាប់ពីលោកចុះពិនិត្យមើល ពីស្ថានភាព អាកាសធាតុទឹកទន្លេមេគង្គ និងទន្លេសាប ខណៈដែលអាកាស ធាតុ ស្ថានភាពទឹកជំនន់ បានហក់ឡើងគួរឲ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវសាមគ្គីគ្នាឲ្យបានល្អ បន្ថែមទៀត ដើម្បីខិតខំប្រឹងប្រែង ប្រកបអាជីវកម្មរៀងៗខ្លួន កុំចាញ់បោកការញោះញង់ពី គណបក្សដទៃ ទៅចូលរួមធ្វើបាតុកម្មឲ្យសោះ ទោះបីតាមរូបភាពណា ក៏ដោយព្រោះអាចធ្វើឲ្យប្រទេសជាតិ ធ្លាក់ទៅក្នុងភាពចលាចល. វឹកវរ និងអំពើហឹង្សាបាន។
ក្រោយពីជួប សំណេះសំណាលជា មួយប្រជាពលរដ្ឋ ឃុំកំពង់អុសរួចមក ឯកឧត្តមរដ្ឋមន្ដ្រី លឹម គានហោ ក៏បាន ចុះពិនិត្យមើល ស្ពានព្រែកតាដួង ស្ថិតនៅ ស្រុកពញាឮ ដែលកំពុងស្ថាបនាបាន៧០ ភាគរយនោះ ហើយយ៉ាងយូរ នៅសល់១ខែ ជាងទៀត ស្ពានព្រែកតាដួង នឹងស្ថាបនាបញ្ចប់ ជាស្ថាពរ ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ស្ពានព្រែកតា ដួងនេះ មិនមែនសម្រាប់តែសមាជិក សមា ជិកា ដែលបោះឆ្នោតជូនគណបក្ស ប្រជាជន ដើរនោះទេ គឺជាសមិទ្ធិផលរួមទាំង អស់គ្នា នៅស្រុកពញាឮ និងសម្រាប់ប្រជាពលរដ្ឋ ដែលដើរឆ្លងកាត់ទីនោះ ។
នៅក្នុងឱកាស ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឃុំកំពង់អុស ឯកឧត្តម រដ្ឋមន្ដ្រី លឹម គានហោ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ទាំងអស់ ដែល បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន កម្ពុជា ឱ្យឈ្នះឆ្នោតផងដែរ ៕
ដោយ៖ សហការី