ភ្នំពេញ ៖ ព្រឹត្តិការណ៍ភ្ញាក់ផ្អើល មួយ បានផ្ទុះឡើងទាំងកណ្តាលរាត្រី ខណៈដែលជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក ៤ នាក់ បានចូលទៅលួចយកសម្ភារៈរបស់គេនៅក្នុងបន្ទប់ជាន់ទី ១ នៃផ្ទះល្វែង មួយកន្លែងស្ថិតនៅ តាមបណ្តោយផ្លូវលេខ ១៣៤ ក្រុមទី ៣៥ ភូមិ ៥ សង្កាត់មិត្តភាព ខណ្ឌ ៧មករា ត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែក ឆោឡោ បណ្តាលឲ្យជនសង្ស័យភ័យរបូតដៃធ្លាក់ពីលើផ្ទះទៅក្រោមបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះសមត្ថកិច្ចបានឲ្យដឹងថា កើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែសីហាឆ្នាំ ២០១៣ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ ហុង ដូច ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល សង្កាត់មនោរម្យ ខណ្ឌ៧ មករា។ មុនឈាន ដល់ការភ្ញាក់ផ្អើលនេះជនសង្ស័យឈ្មោះ ហុង ដូច រួមជាមួយនឹងបក្ខពួក ៣ នាក់ទៀតបានដើរមកកន្លែងកើត ហេតុ ហើយឈ្មោះ ហុង ដូច បានឡើងទៅលើផ្ទះជាន់ទី ១ ដើម្បីធ្វើសកម្មភាពលួចយកសម្ភារៈ ដូចជាទូរស័ព្ទ ដៃ នឹងលេបថប រួមជាមួយសម្ភារៈផ្សេងទៀត ចំណែក ៣ នាក់ទៀត នៅក្រោមដើម្បីមើលផ្លូវ ។ ខណៈជនសង្ស័យ លួចបានសម្រេចបម្រុងចុះពីលើផ្ទះរត់គេចខ្លួនក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ហើយស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យ ភ័យខ្លាំងពេក ក៏របូតដៃធ្លាក់ពីផ្ទះជាន់ទី ១ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើត ហេតុ តែម្តង ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅឃុំខ្លួនបណ្តោះអាសន្ននៅទីស្នាក់ការនគរបាល ប៉ុស្តិ៍មិត្តភាពរង់ចាំធ្វើការសាកសួរបន្តទៀត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់របស់ម្ចាស់ផ្ទះមែន ដូច្នេះដោយយោងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ និងចម្លើយសារភាពរបស់ជនសង្ស័យខាងលើនេះសមត្ថកិច្ចបានសម្រេចកសាងសំណុំបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ទុយ បញ្ញា