ខេត្តក្រចេះ ៖ របាំងស្បៃមុងមានចំនួនជិត៣ពាន់ម៉ែត្រ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំទៀត ដែលលួចធ្វើការនេសាទនៅក្នុងរដូវបិទនេសាទ ក្នុងបរិវេណបឹងរំលាចមានទីតាំងនៅក្រោយក្រុងក្រចេះ គឺត្រូវបានអាជ្ញាធរដឹកនាំដោយលោកខណ្ឌ ចំណាន អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការចម្រុះ ចុះបង្ក្រាបនិងចាប់រឹបអូសទាំងស្រុង កាលពីវេលាព្រឹកថ្ងៃទី៨ សីហា ២០១៣ ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ក្នុងសកម្មភាពនៃការចុះបង្ក្រាបដែលបានធ្វើឡើងពេញមួយព្រឹកនោះ គឺអាជ្ញាធរចាប់រឹបអូសនូវឧបករណ៍នេសាទបានមួយចំនួនធំ រួមមាន របាំងស្បៃមុងចំនួនជិត៦ពាន់ម៉ែត្រ លូស្បៃមុងចំនួន៥៦គ្រឿង បង្គោលប្ញស្សីជាង៦០០បង្គោល របាំងកាត់ទទឹងព្រែកជាង៨០ម៉ែត្រ លបនិងតុមចំនួន៤០គ្រឿង និងចាក់លែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញជាង៥០គីឡូក្រាម ៕
ដោយ៖ កែវ រដ្ឋា