ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ប្រវត្តិសាស្រ្ត » ព្រះរាជ​ជីវប្រវត្តិ ភាគទី 1 ៖​ ​បឋមវ័យ​នៃ​សម្តេចព្រះ​នរោត្តម​សីហនុ​

ព្រះរាជ​ជីវប្រវត្តិ ភាគទី 1 ៖​ ​បឋមវ័យ​នៃ​សម្តេចព្រះ​នរោត្តម​សីហនុ​

​ភ្នំពេញ ៖ បើតាម​ឯកសារ​ដែលជា​ស្នា​ព្រះហស្ត​ផ្ទាល់​របស់​សម្តេចព្រះ​នរោត្តម​សីហនុ បាន​ឲ្យ​ដឹងថា ព្រះ អង្គ​ទ្រង់​ប្រសូត​នៅវេលា​ម៉ោង​១៩​យប់ ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រះបិតា ព្រះនាម​ព្រះ​សុរា​ម្រឹត ជា​បុត្រា​របស់​ព្រះអង្គម្ចាស់​នរោត្តម​សុធា​រស និង​ត្រូវជា​ចៅ​របស់​ព្រះមហាក្សត្រ ព្រះ​នរោត្តម​។ ព្រះ​មាតា​ព្រះនាម ស៊ីសុវត្ថិ កុសុមៈ ជា​បុត្រី​របស់​ព្រះមហាក្សត្រ​ស៊ីសុវត្ថិ​មុនី​វង្ស ជាមួយនិង​ម្ចាស់​ក្សត្រិយ៍ នរ​លក្ខណ៍ ទេវី ដែលជា​បុត្រី របស់ ព្រះអង្គម្ចាស់ ន​រោ​តម ហាស្ស​កណ្ឌ ហើយ ព្រះអង្គម្ចាស់​ហាស្ស​កណ្ឌ​នេះ  ក៏​ជា​បុត្រ របស់​ព្រះមហាក្សត្រ នរោត្តម ដែរ ពោល គឺ​ព្រះ​មាតា និង​ព្រះបិតា របស់​សម្តេចព្រះ​នរោត្តម​សីហនុ សុទ្ធតែជា​ចៅ​របស់​ព្រះ​នរោត្តម​។​
​    ​ព្រះអង្គម្ចាស់ នរោត្តម សុធារស ជា​អ្នកចេះដឹង​ខាង​ភាសាបាលី​ជ្រៅជ្រះ បាន​ប្រទាន​ព្រះនាម នរោត្តម​សីហនុ ចំពោះ​ព្រះអង្គ​ដោយផ្ទាល់​គឺ​ក្នុងន័យ​លើកតម្កើង​ព្រះអង្គ​ឲ្យ​មាន​ឫទ្ធី​បារមី​ខ្លាំងពូកែ ប្រៀបដូចជា​សឹង្ហ ដែលជា​ស្តេច​លើ​ពួក​សត្វ​ទាំងពួង​។ ចំណែក​ក្រុម​ហោរា​របស់​ព្រះករុណា​ព្រះមហា ក្សត្រ ស៊ីសុវត្ថិ មុនី​វង្ស ក៏បាន​ទស្សន៍ទាយ​ទុក​ថា ទៅ​អនាគត នរោត្តម​សីហនុ នឹង​បាន​ឡើងកាន់​មុខ តំណែង​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ប្រទេស​ជាមិនខាន​។​
​    ​ក្រោយពេល​ប្រសូត​មក ព្រះ​មាតា​ព្រះបិតា បានប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​អ្នក​ម្នាង ឃុន ប៉ាត ដែល កាលណោះ​មាន​ព្រះជន្ម​៧៣​វស្សា​ទៅហើយ តែ​នៅមាន​ព្រះរាជសុខភាព​មាំមួន​នៅឡើយ ជា​អ្នក​ចិញ្ចឹម បីបាច់​ថែរក្សា​។ អ្នក​ម្នាង ឃុន ប៉ាត ជា​ត្រកូល​អភិជន​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ព្រះអង្គ ម្ចាស់​នរោត្តម​ហាស្ស​កណ្ឌ ហើយ​អ្នក​ម្នាង ឃុន ប៉ាត ត្រូវជា​ព្រះ​អ​យ្យិ​កោ​(​ជីដូន​) របស់​ម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ​កុសុមៈ និង​ជា​អ្នក​បីបាច់​ថែរក្សា​និង​អប់រំ ម្ចាស់​ក្សត្រិយ៍ កុសុមៈ ក្រោយ​ព្រះ​មាតា​ព្រះ​នាង​សោយ​ទិវង្គត តាំងពី​ព្រះ​នាង​នៅ​វ័យក្មេង​មកម្ល៉េះ​។​
​    ​មូលហេតុ​ដែល​ព្រះ​មាតាបិតា​ព្រះអង្គ ផ្ទុកផ្តាក់​ព្រះអង្គ​ទៅ​ឲ្យ​អ្នក​ម្នាង ឃុន ប៉ាត ជា​អ្នក​បីបាច់​ថែ រក្សា​នោះ គឺ​ពុំមែន​មកពី​ព្រះ​មាតាបិតា មិន​សព្វព្រះទ័យ​នោះទេ ប៉ុន្តែ​ត្រូវ​ធ្វើតាម​ទំនាយ​របស់​ក្រុម ហោរា ប្រចាំ​ព្រះរាជវាំង ដែល​បានកំណត់​ឲ្យ​ធ្វើ​ដូច្នេះ បើ​ពុំ​នោះទេ ព្រះ​នរោត្តម​សីហនុ​នឹងត្រូវ​សោយ ទិវង្គត​ទាំង​នៅ​វ័យក្មេង​ជាមិនខាន​។​
​    ​នៅពេល​សម្តេចព្រះ​នរោត្តម​សីហនុ មាន​ព្រះជន្ម​៥​វស្សា អ្នក​ម្នាង ឃុន ប៉ាត បាន​អប់រំ​ឲ្យ ព្រះអង្គ​រក្សាសីល​៥ តាម​គន្លង​ព្រះពុទ្ធសាសនា ដោយ​ឲ្យ​ព្រះអង្គ​តាំង​ព្រះទ័យ មិន​ភូតកុហក មិន​ពោល ពាក្យអសុរស មិន​សម្លាប់សត្វ មិន​លួច មិន​ប្រមាថ​មនុស្ស​ចាស់ មិន​សេពសុរា ជាដើម ហើយ​រាល់ថ្ងៃ​ដល់​ព្រះអង្គ​ត្រូវ​សូត្រធម៌ ដែល​ទាក់ទង​នឹង​សីល​៥​នោះ តាម​ព្រះសង្ឃ​មួយអង្គ​ដោយ​ទាំង​មិន​យល់ថា ធម៌​នោះ​និយាយ​ពីអ្វី​ផង​។ ក្រោយមក​អ្នក​ម្នាង ឃុន ប៉ាត បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៨០​វស្សា ព្រះរាជ​កុមារ សីហនុ ត្រូវ​កោរ​ព្រះ​កេស​សាង​ផ្នួស​នៅមុខ​ភ្លើង ដើម្បី​ជាការ​តបស្នង​សងគុណ​រយៈ ពេល​២៤​ម៉ោង​។ អត់​ពី​អ្នក​ម្នាង ឃុន ប៉ាត ទៅ ព្រះ​មាតាបិតា​បានប្រគល់​ព្រះអង្គ​ថ្វាយ​ព្រះ​អយ្យិកា ព្រះ​អយ្យកោ​ខាង​ព្រះបិតា គឺ​ព្រះអង្គម្ចាស់​នរោត្តម​សុធា​រស ជា​អ្នក​បីបាច់​ថែរក្សា​បន្តទៀត​។ ប៉ុន្តែ​ជា​រៀង រាល់ថ្ងៃ​សៅរ៍ ព្រះ​មាតាបិតា តែងតែ​នាំ​ព្រះអង្គ​ទៅ​ទត​ខ្សែភាពយន្ត​(​ភាពយន្ត​បរទេស​) ជាប់​ជាប្រចាំ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​ព្រះទ័យ​ចូលចិត្ត​វិស័យ​ភាពយន្ត​តាំងពី​ពេលនោះ​មក​។ ជាមួយ គ្នា​នេះ ព្រះអង្គ​ក៏មាន​ព្រះទ័យ​ចូលចិត្ត​វិស័យ​តន្ត្រី​ផងដែរ​។​
​    ​ដោយឡែក​ខាង​អក្សរសាស្ត្រ​វិញ ទោះបី​ព្រះ​អ​យ្យិ​កោ នរោត្តម សុធារស ចង់​បណ្តុះ​និស្ស័យ ព្រះអង្គ​ទៅនឹង​ផ្នែក​នេះ​យ៉ាងណា​ក៏​ទៅ​មិន​រួច​ដែរ ព្រះអង្គ​បែរជា​ជក់​ព្រះទ័យ​នៅលើ​វិស័យ​កីឡា​បាល់ ទាត់ បាល់ទះ​និង​បាល់បោះ​ទៅវិញ​។ បើទោះបី​ព្រះអង្គ​ជក់​ព្រះទ័យ​នឹង​វិស័យ​សិល្បៈ​និង​កីឡា យ៉ាង ជ្រាលជ្រៅ​ក៏ដោយ ក៏​នៅ​ដំណាច់ឆ្នាំ​នីមួយៗ​នៃ​សាលាបឋមសិក្សា​ហ្វ្រ​ង់​ស័​រ​បូ​ឌ័​ង ព្រះអង្គ​តែង​ទទួល បាន​យ៉ាង​ងាយ​នូវ​រង្វាន់​ដ៏​ល្អប្រសើរ ដោយ​មិនចាំបាច់​ខំប្រឹង​ឈ្ងោក​សិក្សា​ឥត​ងើប​នោះឡើយ​។​
​    ​នៅក្នុង​ឆ្នាំ​១៩៣៦ ពេល​ព្រះអង្គ​យាង​ចូល​ព្រះជន្ម​១៤​វស្សា ព្រះ​មាតា​ព្រះបិតា មានការ​ភ័យ ព្រួយ ចំពោះ​ការជក់​ព្រះទ័យ​នឹង​វិស័យ​សិល្បៈ​និង​កីឡា​របស់​បុត្រា​ពេក ក៏បាន​មានបន្ទូល​ដាស់តឿន ក្រើន​រំឭកថា បុត្រា​មិនត្រូវ​ដើរលេង​ជាមួយ​ក្មេងៗ​ជិតខាង​ដូច​កាល​នៅមាន​ព្រះជន្ម​១០​វស្សា​នោះ​ទៀត ទេ ព្រោះ​បុត្រ​ចូល​ជិត​ដល់​យុវវ័យ​ហើយ​។ បុត្រ​ឃើញ​ទេ​ប្រទេស​យើង​ស្ថិតនៅក្រោម​អាណានិគម​របស់ បារាំង គឺ​មានតែ​ខ្មែរ​ដែល​ចេះ​ភាសា​បារាំង​ស្ទាត់ជំនាញ​ប៉ុណ្ណោះ ទើប​អាច​រក​ការងារ​បានល្អ​ប្រសើរ​នៅ ក្នុង​ជួរ​មន្ត្រីរាជការ ដូច្នេះ​បុត្រា​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​សា​ស្សឺ​លូ ឡូ​បា នាទី​ក្រុង​ព្រៃនគរ ដែលមាន​សុទ្ធតែ​សាស្ត្រាចារ្យ​ខ្លាំងពូកែ​នៅ​ទីនោះ​។​
​    ​ព្រះករុណា​ព្រះ​នរោត្តម​សុរា​ម្រឹត ជា​ព្រះបិតា​ក៏​ជា​អតីត​សិស្ស​វិទ្យាល័យ​សា​ស្សឺ​លូ ឡូ​បា នោះ ដែរ​។ ព្រះអង្គ​មិនអាច​បដិសេធ​បាន ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​ព្រះ​មាតាបិតា​បានឡើយ តែ​អ្វីដែល ព្រះអង្គ​ព្រួយព្រះទ័យ​នោះ គឺ​បញ្ហា​ម្ហូបអាហារ​នៅ​អន្តេ​វេ​សិ​ក​ដ្ឋា​ន​នៃ​វិទ្យាល័យ​សា​ស្សឺ​លូ ឡូ​បា ដែល ព្រះអង្គ​ត្រូវ​ស្នាក់នៅ​ដើម្បី​សិក្សា​នៅពេល​ខាងមុខ ព្រោះ​កន្លងមក​ព្រះអង្គ​ធ្លាប់តែ​ទត​ឃើញ​ការហូប ចុក​នៅ​អន្តេ​វេ​សិ​ក​ដ្ឋា​ន​នៅ​សាលាបឋមសិក្សា​ហ្វ្រាំង​ស័​រ បូ​ឌ័​ង ក្តី នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្តី មើលទៅ មិនគួរ​ឲ្យ​គាប់​ព្រះទ័យ​ទាល់តែសោះ​។​
​    ​ពេលទៅដល់​វិទ្យាល័យ​សា​ស្សឺ​លូ ឡូ​បា នាទី​ក្រុង​ព្រៃនគរ​ដំបូង ធ្វើ​ឲ្យ​ព្រះអង្គ​មានការ​ស្រងាក ព្រះទ័យ​ខ្លះៗ​ដែរ ដោយសារ​អគារសិក្សា​មាន​សភាព​ចាស់ៗ និង​មាន​ព័ទ្ធរបង​តាមបែប​អាណានិគម និយម​នៅ​ទីនោះ ធ្វើ​ឲ្យ​ព្រះអង្គ​ប្រៀបប្រដូច​ទៅនឹង​របង​ពន្ធនាគារ ដែល​ខុសប្លែក​ពី​អគារ​រដ្ឋបាល​ឥណ្ឌូ ចិន​ដ៏​ធំ​ស្កឹមស្កៃ​នៅក្បែរៗ​នោះ ហើយ​ខុសស្រឡះ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​រាជធានី​ភ្នំពេញ ដែលមាន អគារ​ថ្មីៗ មាន​ទីធ្លា​ធំ​ទូលាយ​សំរាប់​លេង​កីឡា​និង​អត្តពលកម្ម​។​
​វិទ្យាល័យ​សា​ស្សឺ​លូ ឡូ​បា មាន​ទីធ្លា​តូចចង្អៀត មាន​ផ្ទៃដី​រដិបរដុប ពេល​ស្លៀក​ខោខ្លី​លេង​កីឡា អាច​ដួល​រលាត់ស្បែក​ក្បាលជង្គង់​។ ឯ​កន្លែង​ទទួលទាន​បាយ មាន​សភាព​ស្អាត តែមាន​សភាព​ងងឹត បន្តិច​។  ការ​គង់នៅ​ក្នុង​អគារ​ចាស់ៗ​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បាន​ស្គាល់​ច្បាស់​នូវ​រសជាតិ​នៃ ជីវភាព​រស់នៅ​ជា​សហគមន៍​បារាំង ឥណ្ឌូចិន​នោះ​។ សម្តេច​យុវវ័យ​ព្រះ​នរោត្តម​សីហនុ បានធ្វើការ​កត់ សម្គាល់ថា អស់លោក​សាស្ត្រាចារ្យ​ទាំងប្រុស​ទាំងស្រី ដែល​បង្រៀន​នៅ​ទីនោះ សុទ្ធសឹង​ជា​អ្នកមាន សមត្ថភាព​ដ៏​ស្ទាត់ជំនាញ ហើយ​បំពេញ​តួនាទី​ក្នុង​អាកប្បកិរិយា​សុភាពរាបសា ប្រៀបដូចជា​អ្នក​សាង ផ្នួស​មិនដែល​ប្រព្រឹត្ត​អ្វី​ឲ្យ​ខុសឆ្គង​ចំពោះ​សិស្ស​គ្រប់​សញ្ជាតិ​របស់​ពួកគាត់​ឡើយ​។ ជាទូទៅ​សិស្ស​កម្ពុជា វៀតណាម​និង​ឡាវ មាន​ចរិត​ឫកពា​សុភាពរាបសា​គ្រាន់បើ ដោយ​តែងតែ​នាំគ្នា​គោរព​កោតខ្លាច​ចំពោះ សាស្ត្រាចារ្យ​នៅ​ទីនោះ​ជានិច្ច​។ ផ្ទុយទៅវិញ សិស្ស​ជា​ជនជាតិ​បារាំង​ខ្លះ មាន​អាកប្បកិរិយា​រប៉ិលរប៉ូច និយាយ​ឆ្ការដៃ ឆ្ការ​ជើង​និង​លេងសើច​ច្រើន​។​
​    ​ពេល​ព្រះអង្គ​រៀន​ដល់​ថ្នាក់​ទី​២ ព្រះអង្គ​បាន​ជួប​សាស្ត្រាចារ្យ​ស្ត្រី​ដ៏​ស្រស់ប្រិមប្រិយ​ម្នាក់ គឺ​អ្នក ស្រី​ហ្គោ​ឌ្រី សម្បុរ​ទង់ដែង ថ្ពាល់ខួច ពណ៌​ក្រហមព្រឿងៗ​។ ពេល​អ្នកស្រី​ញញឹម​ម្តងៗ​បង្កប់​ដោយ​មន្ត ស្នេហ៍ ហើយ​អ្នកស្រី​តែង​ញញឹម​ដាក់​សិស្ស​ទាំងអស់​ជា​ញឹកញាប់​។ សូម​បើក​វង់ក្រចក​បន្តិច​ថា ក្រោយ ពី​ព្រះអង្គ​បាន​ក្លាយជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​ជួប​អ្នកស្រី​សាស្ត្រាចារ្យ ហ្គោ​ឌី​នេះ​ជាថ្មី​ម្តងទៀត នៅ​ទីក្រុង​ហាណូយ គឺ​ចំ​ពេលដែល​អ្នកស្រី​ត្រូវ​លែងលះ​ស្វាមី ឯ​ព្រះអង្គ​ក៏​នៅ លីវ​ដែរ​។ ព្រះអង្គ​ស្ទើរតែ​ទប់​ព្រះទ័យ​មិនបាន​ក្នុង​ការសុំ​អ្នកស្រី​រៀបការ​ជាមួយគ្នា តែដោយសារ​ព្រះអង្គ​នៅ មានការ​អិ​ម​អៀន​នៅមុខ​ស្រី​ស្អាតៗ​នៅឡើយ ពិសេស​ស្រី​បរទេស ព្រះអង្គ​ក៏​បណ្តោយ​ឲ្យ​រឿង​នោះ កន្លងផុតទៅ ដោយ​ព្រះអង្គ​មានបន្ទូល​លួង​ព្រះទ័យ​អង្គឯង​ដែរ​ថា ពួក​ប្រុសៗ​បារាំង​ប្រហែលជា​មិន​ចង់ ឃើញ​ព្រះអង្គ​រៀបការ​ជាមួយ​ជនជាតិ​គេ​ទេ​មើលទៅ ឯ​ជនជាតិខ្មែរ​យើង​ប្រហែលជា​នាំគ្នា​អាក់អន់ចិត្ត ជាមិនខាន ពេល​បានដឹងថា ព្រះមហាក្សត្រ​ខ្លួន​មាន​មហេសី​ជា​ស្រី​បារាំង​លែង​ប្តី​ដូច្នេះ​។​
​    ​មួយ​ឆ្នាំក្រោយ​មានព្រះអង្គ​បាន​ឡើង​ថ្នាក់​ទី​១​ក លោក​សាស្ត្រាចារ្យ​ភាសា​បារាំង​ឡាតាំង​និង ក្រិ​ករ​បស់​ព្រះអង្គ​ឈ្មោះ​ហ្វ្រ​ង់​ស័​រ មាន​គរុកោសល្យ​ខ្ពស់ ចេះ​ប្រើ​វិធីសាស្ត្រ​ឲ្យ​សិស្ស​ឆាប់​ចាំ​ឆាប់​យល់​។ សាស្ត្រាចារ្យ​រូបនេះ​បាន​សម្តែង​ការកោតសរសើរ​ចំពោះមុខ​វិជ្ជា​ភាសា​បារាំង​ឡាតាំង​និង​ក្រិ​ក​របស់​ព្រះ អង្គ​យ៉ាងខ្លាំង រហូត​ព្រះអង្គ​សម្រេច​ព្រះទ័យ​នៅពេលនោះ​ថា ថ្ងៃក្រោយ​ព្រះអង្គ​នឹង​ធ្វើជា​សាស្ត្រាចារ្យ មុខវិជ្ជា​នេះ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ​មិន​ខាន​។ តែ​ទោះបីយ៉ាងណា​ក៏​ព្រះអង្គ​នៅតែ​ដក់ ព្រះទ័យ​លើ​វិស័យ​កីឡា​តូរ្យតន្ត្រី​និង​ខ្សែភាពយន្ត​ដដែល​។​
​    ​នៅពេល​នោះដែរ ព្រះអង្គ​ក៏​ចាប់ផ្តើម​ទន់​ព្រះទ័យ​ស្នេហា​លើ​មិត្ត​រួម​ថ្នាក់​ដ៏​ស្រស់​ម្នាក់ ឈ្មោះ​ហេឡែន ហ្គា​ម​ប៊ីយេ ដោយ​លួច​ស្រឡាញ់​នាង តែ​អង្គឯង​យ៉ាង​ស្ងាត់កំបាំង​។ ដោយសារ​តុ សរសេរ​របស់​ព្រះអង្គ​នៅជាប់​ខ្នង​នាង​នោះ ព្រះអង្គ​តែងតែ​លួច​ស្រូបយក​ក្លិន​នាង​ដែល​ក្រអូប ដោយ សារ​ទឹកអប់​នោះ​ជា​ញឹកញាប់​។ ឯ​នាង​ហេឡែន​ហ្គា​ម​ប៊ីយេ​វិញ ក៏​ឧស្សាហ៍​ងាក​មករក​ព្រះអង្គ​ញឹកញាប់ ដែរ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ជួយ​បកប្រែ​ភាសាឡាតាំង​និង​ក្រិ​ក​ប្រាប់​នាង​។ ប៉ុណ្ណឹង​ព្រះអង្គ​ចាត់ទុកថា ជា សុភមង្គល​គ្រប់គ្រាន់​ណាស់​ទៅហើយ​សំរាប់​ពេលនោះ​។​
​    ​នៅក្នុង​វិទ្យាល័យ​សា​ស្សឺ​លូ ឡូ​បា គ្មាន​ការប្រកាន់​ពូជសាសន៍​បារាំង​ខ្មែរ វៀតណាម ឡាវ នោះ ទេ សិស្ស​ទាំងអស់​ស្នាក់នៅ​ជាមួយគ្នា​ក្នុង​ភាពជា​មិត្តភាព​និង​យោគយល់​គ្នា​ទៅវិញទៅមក​។ រឿង នយោបាយ​គឺ​ស្ថិតនៅ​ក្រៅរបង​វិទ្យាល័យ ពុំមាន​ពាក់ព័ន្ធ​ដល់​សិស្ស​នៅ​ទី​នោះទេ​។ ប៉ុន្តែ​ក្រោយមក មាន​ជនជាតិ​វៀតណាម​មួយចំនួន ដែលជា​អតីត​សិស្ស​វិទ្យាល័យ​បារាំង​មួយ​នេះ បានក្លាយ​ទៅជា​មេ ដឹកនាំ​ចលនា​យៀកមិញ​តស៊ូ​ប្រឆាំងនឹង​ពួក​អាណានិគម​បារាំង​ផងដែរ​៕
​ដោយ ៖ អរិយធម៌


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya