ភ្នំពេញៈ អភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ នេះ បានចុះ ត្រួតពិនិត្យ ស្ថានីយបូមទឹក បឹងត្របែក ត្រៀមលក្ខណៈ ទុកជាមុន ដើម្បីបង្ការជំនន់ទឹកភ្លៀង ក៏ដូចជា គ្រោះទឹក ជំនន់ ដែលអាចកើតមាន នារដូវរស្សាខាងមុខនេះ ។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា កន្លងមករាជធានីភ្នំពេញ បានទទួលការគំរាមកំហែង ពីជំនន់ទឹកភ្លៀង ក៏ដូច ជាគ្រោះធម្មជាតិ ដូច្នេះការចុះត្រួតពិនិត្យ ស្ថានីយបូមទឹក នាពេលនេះ គឺដើម្បីត្រៀមបម្រុង លក្ខណៈសម្បត្តិទុក ជាមុន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងនូវការលិចលង់ ដោយជំនន់ទឹកភ្លៀង ក៏ដូនជាជន់លិច ពីតំបន់ផ្សេងៗ ។
លោក បានបន្តទៀតថា បច្ចុប្បន្ននេះ ស្ថានីយបូមទឹកនៅក្នុងរាជធានីភ្នំពេញ មានទាំងអស់ចំនួន១០ នៅជុំវិញខ្សែ ក្រវាត់ក្រុង ប៉ុន្តែសមត្ថភាព ក្នុងការបូមទឹកនោះ គឺពុំគ្រប់គ្រាន់ទេ ស្ថានីយទាំងនោះ មានលទ្ធភាព បូមទឹកបាន ត្រឹមតែ៨ ម៉ែត្រគីប ក្នុងមួយវិនាទី គឺមិនអាចបូមបានតាមស្តង់ដារ រហូតដល់ ១៥ម៉ែត្រគីប ក្នុងមួយវិនាទីនោះទេ ដូច្នេះនៅពេលមានភ្លៀងធំម្តងៗ តំបន់ខ្លះអាច លិចលង់ពី៣ ម៉ោង ទៅ៥ ម៉ោង ។
ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋចាប់ពី ពេលនេះ តទៅសូម ឈប់រំលោភបំពាន ដីមាត់បឹងធ្វើជាកន្លែងស្នាក់នៅ ហើយអ្នកដែលបាន យកដី មាត់បឹង មាត់អាងស្តុកទឹក អាជ្ញាធរនឹងខិតខំ រកដំណោះស្រាយឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាថែរក្សាហេដ្ឋា រចនាសម្ព័ន្ធរាជធានីភ្នំពេញ ។ ឯអាជ្ញាធរ មូលដ្ឋានវិញត្រូវ សហការគ្នាជាមួយប្រជាពលរដ្ឋ ធ្វើការត្រួត ពិនិត្យអណ្តូង លូមុខផ្ទះ ហើយនៅពេលមានភ្លៀង ធ្លាក់ ត្រូវពិនិត្យមើលទឹក ដែលហូរចូលប្រអប់លូ ដើម្បីរួមគ្នាបញ្ឈប់ ការលិចលង់ទីក្រុង ៕
ដោយ៖ សហការី