បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមលោកលឹមគានហោនិងក្រុមការងារនិងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣នេះ បានធ្វើដំណើរទៅពិនិត្យមើលស្ថាន ភាពទឹកជន់លិចផ្ទះ ប្រជាពលរដ្ឋនៅក្នុងភូមិសន្តិភាពឃុំពង្រស្រុកម៉ាឡៃនិងរកដំណោះស្រាយជួយរំដោះ ទឹកចេញពី ភូមិឋាន របស់ប្រជាពលរដ្ឋចំនួន១៤២គ្រួសារ នៅក្នុងភូមិសន្តិភាព ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមលោកចាន់ យុត្ថាបានថ្លែងឲ្យដឹងថា ផ្ទះប្រជា ពលរដ្ឋនៅក្នុងភូមិសន្តិភាពឃុំពង្រស្រុកម៉ាឡៃចំនួន ១៤២គ្រួសារ ស្មើនឹងទំហំផ្ទៃដី៥០ហិកតា បាន រងនូវការ លិចលង់ ដោយសារតែកម្លាំងទឹកហូរធ្លាក់មកពីប្រទេសថៃតាមច្រកអូរល្ហុង ហេតុដូច្នេះ ហើយលោក រដ្ឋមន្រ្តី បានចុះពិនិត្យមើលនិងរកវិធីសាស្រ្តជួយបញ្ចៀសទឹកទាំងនេះសិនដោយមានការ ចូលរួមពីក្រុមហ៊ុនអានកូរបស់លោកឧកញ៉ាកុកអានក្នុងការផ្តល់គ្រឿងចក្រចំនួន ២គ្រឿង។
លោក ចាន់ យុត្ថា បានពន្យល់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះផ្ទះប្រជាពលរដ្ឋនៅតំបន់នេះតែង តែរងនូវការលិចលង់ តាមរយៈការហូរទឹកពីប្រទេសថៃតាមច្រកអូរល្ហុងហើយចំពោះបញ្ហានេះលោករដ្ឋ មន្រ្តីនិងក្រុមមន្រ្តីបច្ចេកទេសបានរៀបចំផែនការ និងរកវិធីសាស្រ្តរួចហើយសម្រាប់ជួយរំដោះទឹកចេញ ឆ្ពោះទៅបឹងទន្លេសាបប៉ុន្តែត្រូវរង់ចាំឆ្នាំក្រោយទើបអនុវត្តពីព្រោះមានការខ្វះខាតថវិកាបន្តិច ។
ដូច្នេះ សម្រាប់ឆ្នាំក្រោយប្រជាពលរដ្ឋនៅតំបន់នេះនិងតំបន់ក្រុងប៉ោយប៉ែតលែងជួបនឹងបញ្ហាលិចលង់ដូចពេលនេះទៀតហើយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនិងនៅស្រុកម៉ាឡៃសង្ឃឹមជឿជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយទៀតនេះពួកគាត់លែងមានការលិចលង់ដោយសារទឹកជំនន់ហូរចាក់មកពីប្រទេសថៃនិងលែងបាននាំគ្រួសារចាកចេញទៅរកទីទួលសុវត្ថិភាពនិងលែងបានទទួលអំណោយពីកាកបាទក្រហមនឹងអំណោយផ្សេងៗពីមន្រ្តីសាលាខេត្តបន្ទាយមានជ័យទៀតហើយ៕
ដោយនីនឿន