ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ឃាត់ខ្លួនបុរសពីរនាក់ និងដកហូតបានកាំភ្លើងខ្លីម៉ាក K ៥៩ 2 ដើម ខណៈដែលពួកគេចូលមកផឹកស៊ីក្នុងហាងយីហោ កុលាបបូកគោ ហើយស្រវឹងបានបន្លំស្ទាបគូទនារីម្នាក់ ដែលត្រូវជាគូដណ្ដឹងរបស់គេ បណ្តាលឲ្យកើតមានទំនាស់ភ្ញាក់ផ្អើលទៅដល់ ភ្ញៀវជាច្រើននាក់ទៀតដែលកំពុងហូបអាហារក្នុងហាង ។
សភាពការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២៣ និង ១០ នាទីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានបុរស ២ នាក់ត្រូវបានគេស្គាល់ថា ទាហានក្រុមឆត្រយោង លេខ ៩១១ស្លៀកពាក់ស៊ីវិលនិងមានកាំភ្លើងខ្លីម្នាក់មួយដើមជាប់ខ្លូនទៀត រួច បានចូលទៅផឹកស៊ីក្នុងហាងយីហោ កុលាបបូកគោ ជាមួយគ្នា រហូតពេលផឹកស៊ីស្រវឹងជោកខ្លួន បានឡូឡា ពេញហាង ខណៈនោះកើតអារម្មណ៍បានយកដៃទៅលូកលាន់ស្ទាបគូទនារី ម្នាក់ជាភ្ញៀវ ដែលចូលមកបរិភោគ អាហារក្នុងហាងខាងលើនេះ ដោយស្មានថាជានារីបម្រើការក្នុងហាង ភ្លាមៗក៏ ត្រូវនារីខាងលើនេះស្រែកឆោម ឡោ ធ្វើឲ្យផ្អើលដល់ភ្ញៀវដទៃទៀត ហើយនារីម្នាក់នោះបានដើរ ទៅប្រាប់គូដណ្ដឹងរបស់ខ្លួន បណ្តាលឲ្យបុរសដែលត្រូវជាគូ ដណ្តឹងរបស់នារីខាងលើនេះទ្រាំមិនបាន ក៏សម្រេចដើរទៅសួរ ភាគីជាទាហានឆត្រយោង ។ ពេលនេះបណ្តាលឲ្យមានការទាស់ពាក្យ សម្តីគ្នា ក្នុងហាង ផ្អើលដល់ថៅកែហាងមកជួយអន្តរាគមន៍សម្របសម្រួលរវាងភាគីទាំង ២ ប៉ុន្តែ ដោយសារ ក្រុមទាហានខាងលើនេះនិយាយពាក្យមិនសមរម្យជាមួយភាគីនារីរងគ្រោះ ថៅកែហាងក៏បាន ហៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមនចុះមកអន្តរាគមន៍ឃាត់ខ្លួនក្រុមទាហាន ២ នាក់ និងដក ហូតយក កាំភ្លើងខ្លី របស់ពួកគេ ចំនួន ២ ដើម យកទៅកាន់ទីបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ ចំការមន ដើម្បីបន្តធ្វើការ សាកសួរ ។
សមត្ថកិច្ចបានឲ្យដឹងថា ទាហាន ២ នាក់ខាងលើនេះ ទី១ ឈ្មោះចាង ភីអ៊ីវ និង ទី ២ ឈ្មោះ ស៊ិន វុទ្ធី ជាទាហានឆត្រយោងលេខ៩១១ដូចគ្នា ចំណែកនារីរងគ្រោះមិនត្រូវបាន ស្គាល់ អត្តសញ្ញាណនោះទេ ។ បច្ចុប្បន្ននារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ពីបទបៀតបៀនកេរខ្មាសរបស់នាងទាំងកណ្តាលចំណោមមនុស្សក្នុងហាងកុលាបបូកគោ។ ដូច្នេះ ទាហានទាំង ២ នាក់នេះត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនបណ្តោះអាសន្ន រង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់៕
ដោយ៖ ទុយ បញ្ញា