ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានប្រាប់លោក សម រង្ស៊ី ជា
លាយលក្ខណ៍អក្សរ ពីករណីធ្វើមហាបាតុកម្មជាលើកទី២ ថាប្រសិនបើ មានបញ្ហាអ្វីកើតឡើង ក្នុងអំឡុងពេលនោះ ត្រូវទទួលខុសត្រូវខ្លួនឯង។
យោងតាមលិខិតមួយច្បាប់ ចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ បានបញ្ជាក់ថា ការធ្វើបាតុកម្ម ដោយសន្តិវិធី ដើម្បីទាមទារតវ៉ាលើបញ្ហាណាមួយ គឺជាសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ដែលបាន ចែងក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ប៉ុន្តែអ្នកដឹកនាំបាតុកម្ម និងបាតុករ ត្រូវគោរពនូវបទប្បញ្ញតិ្ត នានានៃច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
លិខិតនោះបន្តថា ក្នុងករណីដែលការធ្វើបាតុកម្ម បានបង្កឲ្យមានអំពើហិង្សា ការបំផ្លិចបំផ្លាញដល់ សន្តិសុខជាតិ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬឯកជន និងសណ្តាប់ធ្នាប់សាធារណៈ អ្នកដឹកនាំធ្វើបាតុកម្ម និងអ្នកប្រព្រឹត្តបទលើ្មស ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ អំពីផលវិបាក នានា ដែលកើតឡើងពីការធ្វើបាតុកម្មនេះ។
លោក សម រង្ស៊ី បានធ្វើដំណើរចាកចេញពីប្រទេស ខណៈដែលលោកព្យាយាមកៀរគរពលរដ្ឋគ្រប់ទិសទីឲ្យចូលរួមមហាបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលគ្រោងនឹងចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែសីហា ដោយគណបក្សនេះអះអាងថា លទ្ធផលឆ្នោតនោះមិនត្រឹមត្រូវ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ទន្ទឹមពេលដែលប្រកាសធ្វើមហាបាតុកម្ម និងកៀកពេលប្រកាសលទ្ធផលឆ្នោតនោះ ស្រាប់តែលោក សម រង្ស៊ី ត្រូវអវត្តមាននៅក្នុងប្រទេស ដែលធ្វើឲ្យអ្នកគាំទ្រខ្លះ និងអ្នកវិភាគស្ថានការណ៍នយោបាយរិះគន់ចំពោះអវត្តមានរបស់មេបក្ស ប្រឆាំងនៅពេលនេះ។
បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោតប្រមាណជាង ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃទី៦ ខែសីហា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រញាប់ចាកចេញ និងរៀបចំអីវ៉ាន់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ទាំងយប់ ដើម្បីចូលរួមពិធីមង្គលការកូនរបស់លោក។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ពេលស្រុកមានបញ្ហា បែរជាមេដឹកនាំចាកចេញពីស្រុកដើម្បីទៅរៀបចំការកូននៅក្រៅប្រទេស។ លោកសម្ដែងការងឿងឆ្ងល់ថា ម្ដេចលោក សម រង្ស៊ី មិនតម្កល់បញ្ហាជាតិជាធំ ព្រោះមេដឹកនាំជាកូនសោនៃដំណោះស្រាយ។ លោកបន្តថា កុំថាឡើយរៀបការកូន សូម្បីតែការជួបប្រមុខរដ្ឋនិងប្រមុខរដ្ឋ ក៏ត្រូវផ្អាកដែរ លុះត្រាតែមានស្ថិរភាពនយោបាយទើបមានទស្សនកិច្ចទៅបរទេស។
លោក សុខ ទូច បានលើកឧទាហរណ៍ថា នៅសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)
ឈ្នះឆ្នោតអាណត្តិទី២បានដោយលោកយកបញ្ហាជាតិជាធំ ជាក់ស្ដែងនៅពេលអាមេរិកជួបគ្រោះមហន្តរាយ លោក អូបាម៉ា លុបចោលទាំងស្រុងនូវរាល់ដំណើរទស្សនកិច្ចរបស់ខ្លួន ដើម្បីឈរក្នុងប្រទេសដោះស្រាយបញ្ហាទាំងនោះ។
ប៉ុន្តែសម្រាប់កម្ពុជាវិញ លទ្ធផលបោះឆ្នោតនឹងត្រូវប្រកាសនៅថ្ងៃខាងមុខនេះ ហើយការប្រកាសដឹកនាំបាតុកម្មក៏ត្រូវធ្វើឡើងស្ទើរទូទាំងប្រទេស បែរជាលោក សម រង្ស៊ី ជាមេដឹកនាំគិតតែពីបញ្ហាគ្រួសារ ដោយមិនគិតបញ្ហាជាតិដែលកំពុងមានកម្ដៅ។
ការចាកចេញរបស់លោក សម រង្ស៊ី នេះ រងនូវការរិះគន់ និងឆ្លើយឆ្លងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើន។
អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ វ៉ារីផល បានសម្ដែងការហួសចិត្ត និងចោទជាសំណួរថា តើពេលណាទើបលោក សម រង្ស៊ី ត្រឡប់មកវិញ? ចុះបាតុកម្មនៅថ្ងៃស្អែកប្រព្រឹត្តទៅយ៉ាងម៉េច? ម្នាក់ទៀតបន្ទរថា បើមេមិននៅហើយ ក៏មិនអាចចាត់ចែងអីបានដែរ។
លោក សម រង្ស៊ី មានកូនចំនួន ៣ នាក់ (ប្រុស១-ស្រី២) រួមមានៈ កូនទី១-ឈ្មោះ សម ប៉ាទ្រីក (Sam Patrick) ភេទប្រុស។ កូនទី២ ឈ្មោះ សម ម៉ូរីញែល (Sam Moriel) ភេទស្រី និងកូនទី៣ ឈ្មោះ សម រ៉ាស្សែល (Sam Rachel) ដែលជាកូនស្រីពៅ។
កូនស្រីពៅរបស់លោកសម រង្ស៊ី គឺកញ្ញា សម រ៉ាស្សែល ត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយបុរសអាមេរិកាំង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នៅទីក្រុងម៉ាសាជូសេត សហរដ្ឋអាមេរិក។
កូនទាំងបីរបស់លោកសម រង្ស៊ី គឺមានគ្រួសារអស់ហើយ ដោយកូនប្រុសច្បងមានកូន ៣ នាក់ និងកូនស្រីទី២មានកូន ២ នាក់ និងកូនស្រីពៅត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ខាងមុខនេះ។
តែទោះបីជាយ៉ាងណា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ បានបង្ហាញថា “នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជាយើងក្នុងទូទាំងប្រទេស បានទៅបោះឆ្នោតជ្រើសរើសឥស្សរជន និងគណបក្ស នយោបាយ ដែលខ្លួនពេញចិត្ត សម្រាប់ការដឹកនាំប្រទេសជាតិ រយៈពេល ៥ ឆ្នាំតទៅមុខ។ លទ្ធផលនៃការបោះឆ្នោតនេះ នឹងត្រូវបានប្រកាសជាផ្លូវការ នៅចន្លោះពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ខាងមុខ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប”។
ព្រះរាជសារ របស់ព្រះករុណា បានបន្តថា “ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេស និងប្រជាពលរដ្ឋយើង និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ ខ្ញុំសូមអំពាវនាវដល់គណបក្សទាំងពីរ ដែលប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រឲ្យមានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥ ខាងមុខ សូមបន្តពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី ចំពោះការវិវាទ ឬបញ្ហាទាំងឡាយ ដែលនៅសេសសល់”។
ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា “ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាសន្តិភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូររបស់ជាតិ ហើយបន្តប្រកបរបរចិញ្ចឹមជីវិត ដោយភាពសុខសាន្ត ព្រមទាំងរក្សាភាព និងសាមគ្គីជាតិខ្ពស់ ដែលជាកម្លាំងរបស់យើង។ ក្នុងការជំនះរាល់ការលំបាកធំៗ ទាំងឡាយកន្លងទៅ”។
ព្រះរាជសារ របស់ព្រះករុណា ព្រះមហាក្សត្រ ខាងលើនេះ ត្រូវបានធ្វើឡើង តែ ១០ថ្ងៃប៉ុណ្ណោះ ក្រោយថ្ងៃបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ជាការកត់សម្គាល់ ព្រះករុណា ព្រះមហាក្សត្រ នឹងត្រូវកោះអញ្ជើញសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រទាំង ១២៣ រូប ឲ្យចូលរួមប្រជុំរដ្ឋសភា នីតិកាលថ្មី ជាលើកដំបូង ក្នុងរយៈពេល ៦០ ថ្ងៃ យ៉ាងយូរ៕
ដោយ៖ ហង្ស ទេព
» ព័ត៌មានជាតិ » លោកស ខេង៖ លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវរាល់បញ្ហាកើតឡើងក្នុងពេលធ្វើមហាបាតុកម្ម